កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើកណ្ដាលប្រចាំក្រុមក្រសួងការពារជាតិ ដែលជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៧ ត្រូវបានក្លិបធំជាងគេនៅប្រទេសថៃគឺ Buriram United ប្រកាសចុះកិច្ចសន្យានាំយកទៅចូលរួមក្រុមកាលពីដើមសីហា ឆ្នាំ២០១៨ថ្មីៗនេះក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ។
កីឡាករ ច្រឹង ពលរដ្ឋ បានធ្វើដំណើរទៅកាន់ប្រទេសថៃ នៅល្ងាចថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះខណៈរូបគេនៅមិនទាន់ជាដាច់ពីរបួសនៅឡើយនោះទេ។ យ៉ាងណាក្តីស្ថានភាពទាំងអស់នឹងប្រសើរព្រមទាំងមានចំណុចវិជ្ជមានច្រើនមុនពេលពានរង្វាន់លីគកំពូលប្រទេសថៃ ដំណើរការនៅឆ្នាំ២០១៩ ខាងមុខនេះ។
ក្លិប Buriram United បានប្រកាសថា ការចុះកិច្ចសន្យាជាមួយ ច្រឹង ពលរដ្ឋ គឺដើម្បីបំពេញកៅអីកូតាអាស៊ាននៅក្នុងលីគកំពូលប្រទេសខ្លួន ពោលគឺក្លិបនីមួយៗអាចចុះបញ្ជីកីឡាករបរទេសបាន៥នាក់ ដោយក្នុងនោះមានកីឡាករតំបន់អាស៊ានម្នាក់ តំបន់អាស៊ីម្នាក់ និង ៣នាក់ផ្សេងទៀតមិនកំណត់ជាតិសាសន៍។ កីឡាករកម្ពុជា ទី៣ដែលទៅលេងនៅលីគកំពូលថៃ រូបនេះទទួលបានប្រាក់កម្រៃប្រមាណជាង៥ពាន់ដុល្លារ ក្នុងមួយខែ បូកទាំងរថយន្ដមួយគ្រឿង និងខុនដូ១ទៀត សម្រាប់រស់នៅប្រកបអាជីពទៅនោះ។
នៅក្នុងកិច្ចសម្ភាសន៍លើ Youtube របស់ក្លិបកំពូលតារាងលីគកំពូលថៃ មួយនេះកីឡាករ ច្រឹង ពលរដ្ឋ រំពឹងថា បទពិសោធន៍នៅក្រៅប្រទេសរបស់ខ្លួននឹងពង្រឹងសមត្ថភាពរបស់គេឲ្យកាន់តែខ្លាំងឡើងថែមទៀត ក្រោយសម្រាកមួយរយៈពេលធំ។ កីឡាកររូបនេះបានឲ្យដឹងថា រូបគេនឹងធ្វើដំណើរទៅកាន់ក្លិប Buriram United នៅខែ ធ្នូ ខាងមុខដើម្បីហ្វឹកហាត់ជាផ្លូវការខណៈជាបណ្តោះអាសន្នរូបគេកំពុងហ្វឹកហាត់ជាមួយក្លិបចាស់ក្រសួងការពារជាតិ សិន។
សូមបញ្ជាក់ថា ច្រឹង ពលរដ្ឋ ធ្លាប់មានពាក្យចចាមអារ៉ាមថា ក្លិបបាល់ទាត់ Chonburi FC ដែលជាសមាជិកនៃលីគកំពូលប្រទេសថៃ តាមប្រមាញ់យកទៅចូលរួមក្រុម ក្រោយចប់ស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី តែក្រោយមកព័ត៌មាននេះក៏ស្ងប់ទៅវិញ។ មុនរដូវកាលថ្មីឆ្នាំ២០១៧ ចាប់ផ្តើមក៏មានដំណឹងមកពីប្រទេសសិង្ហបុរី មានក្លិបតាមចាប់អារម្មណ៍កីឡាកររូបនេះដែរ តែក៏ស្ងប់ស្ងាត់ជាបន្តទៀត។ រូបក៏បរាជ័យក្នុងការផ្ទេរទៅកាន់ក្លិបចំណូលថ្មីវិសាខា ផងដែរ និងចុងក្រោយលេចឮថា មានក្លិបនៅប្រទេសអេស្ប៉ាញមកទាក់ទងដែរតែមិនមានដំណឹងបន្ថែម។
កីឡាករវ័យ២១ឆ្នាំ រូបនេះធ្លាប់ជាសមាជិកក្នុងក្រុមយុវជនថ្នាលប្រចាំក្លិបព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្ន) ហើយរូបគេត្រូវបានលោក សំ វ៉ាន់ដេត ដាក់ឈ្មោះក្នុងក្រុមឈុតធំចាប់ពីឆ្នាំ២០១០ ដល់២០១៣ ហើយចន្លោះពីឆ្នាំ២០១៣ ដល់២០១៥ រូបគេចូលរួមជាមួយក្រុមត្រាយអាស៊ី (ខេមបូឌានថាយហ្គឺរ បច្ចុប្បន្ន) រហូតចាប់ពីឆ្នាំ២០១៥ដល់បច្ចុប្បន្នរូបគេចូលរួមជាមួយក្រុមក្រសួងការពារជាតិ។ កីឡាកររូបនេះធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពី U16,U19,U22 និងជម្រើសជាតិផងដែរ៕
Source: Kampuchea Thmey Daily
0 Comments