ខ្សែបម្រើចំណូលថ្មី ទៀត គឹមហេង សមាជិកក្លិបកីឡាបាល់ទាត់វិសាខា បានវះកាត់ដកដែកអបឆ្អឹងដៃខាងឆ្វេងចេញដោយជោគជ័យហើយ បន្ទាប់ពីរូបគេ បានរងរបួសបាក់ដៃ អំឡុងពេលជួយក្រុមសាលាបាល់ទាត់ជាតិបាទី យកឈ្នះខេត្តកោះកុង ២-១ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
យោងតាមសេចក្តីបញ្ជាក់របស់ក្លិបមួយនេះលើកឡើងថា បន្ទាប់ពីធ្វើការវះកាត់ដកដែករួច លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ទៀត គឹមហេង មិនអាចត្រឡប់ទៅហ្វឹកហាត់បានវិញភ្លាមទេ គឺត្រូវការពេលយ៉ាងហោច ២ខែ ដើម្បីសម្រាក និងធ្វើឲ្យឆ្អឹង ដែលទើបដកដែកចេញ ហើយមានស្នាមប្រហោងវ៉ីសនោះ ដុះលាត់លាស់ និងរឹងមាំឡើងវិញ។ បច្ចុប្បន្នកីឡាករមានដើមកំណើតពីខេត្តព្រះសីហនុ រូបនេះ កំពុងសម្រាកនៅគ្លីនិកឯកជនមួយកន្លែងនៅរាជធានីភ្នំពេញនៅឡើយ។
ថ្នាក់ដឹកនាំក្លិប គ្រូបង្វឹក បុគ្គលិក និងកីឡាករ ក្លិបកីឡាបាល់ទាត់វិសាខាជូនពរដល់កីឡាករវ័យក្មេង ទៀត គឹមហេង ឆាប់ជាសះស្បើយពីរបួស ដើម្បីបន្ដការសិក្សា និងការហ្វឹកហាត់ សម្រាប់ត្រៀមស្វាគមន៍រដូវកាលថ្មី ឆ្នាំ២០១៩ខាងមុខ។ កីឡាករ ទៀត គឹមហេង ស្ថិតក្នុងចំណោមអតីតយុវជនបាទី៦រូបដែលរំសាយកាលពី ពេលថ្មីៗ បានចូលរួមជាមួយវិសាខា គឺ គង់ ពីលត់, ទូច គឹមឆាយ, ឡុង ម៉េងហាវ, ផុន តៃនិញ និង អាត អូនតូច។
មុនចូលរួមជាមួយក្រុមវិសាខា កីឡាករ ទៀត គឹមហេង ធ្លាប់បង្ហាញខ្លួននៅក្នុងប្រកួតលើឆាកអន្តរជាតិជាច្រើនជាមួយក្រុមជម្រើសជាតិយុវជនកម្ពុជា ព្រមទាំងក្នុងពានរង្វាន់ជើងឯកអាស៊ី ជើងតំបន់អាស៊ាន និងពានរង្វាន់ក្រៅផ្លូវការមួយចំនួនផងដែរ ជាក់ស្តែងដូចជាក្នុងពានរង្វាន់ AFF U16 Championship, AFC U16 Championship, AFF U17, AFF U18, និង AFF U19 Championship ឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដាកន្លងទៅនេះ៕
Source: Kampuchea Thmey Daily
0 Comments