ក្រុមអង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានបង្ហាញសមាជិកក្រុមថ្មីៗរបស់ខ្លួនម្នាក់ទៀតហើយដែលជាបេក្ខភាពទី៥ នោះគឺកីឡាករវ័យ១៧ឆ្នាំ ចាន់ ហួង មកពីខេត្តបន្ទាយមានជ័យ មុនរដូវកាលឆ្នាំ២០១៩ មកដល់នៅពេលឆាប់ៗនេះ។
កីឡាករកម្ពស់១,៦៤ រូបនេះបានដុះចេញពីក្រុម U13 ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៥-២០១៦ ខណៈនៅ២០១៦-២០១៧ រូបគេជាប់ឈ្មោះក្នុងក្រុមយុវជនសាលាបាល់ទាត់ជាតិ ដែលមានមូលដ្ឋាននៅស្រុកបាទី ខេត្តតាកែវ។ នៅឆ្នាំ២០១៧-២០១៨ កីឡាកររូបនេះបានជាប់ឈ្មោះនៅក្នុងក្រុមជម្រើសខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប មួយនេះបានបញ្ជាក់ថា ក្លិបបានចុះកិច្ចសន្យារយៈពេលវែងមួយជាមួយរូបគេ។ កីឡាកររូបនេះទទួលស្គាល់ថា រូបគេនៅក្មេង ប៉ុន្តែគេបានសន្យាប្រាប់អ្នកគាំទ្រថានឹងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព និងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីជួយជ្រោមជ្រែងក្រុម។
ខ្សែបម្រើកណ្ដាល ចាន់ ហួង ជាសមាជិកថ្មីទី៥ហើយដែលបានចូលរួមជាមួយក្រុមអង្គរថាយហ្គឺរ ត្រៀមរដូវកាលឆ្នាំ២០១៩ ខាងមុខបន្ទាប់ចុះកិច្ចសន្យាជាមួយកីឡាករជើង៣នាក់កាលពីពេលថ្មីៗ ដូចជា ឡុង ភារ៉ាត់, ឈឿន ពិសិដ្ឋ, យី ប៊ុនហេង និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Timothy Okereke។
ទន្ទឹមនឹងគ្នានេះដែរ ក្លិបបានសម្រេចចិត្តបន្តកិច្ចសន្យាបន្ថែមជាមួយកីឡាករចាស់៣នាក់ផ្សេងទៀតរួមមានកីឡាករ តាំង ពិសី កីឡាករJoichiro Sugiyama កីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ្រ និងអ្នកចាំទីហែម ស៊ីម៉ៃ បន្តកុងត្រារយៈពេល ០១រដូវកាលបន្ថែមទៀត។
ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៨ កន្លងទៅ ក្រុមអង្គរថាយហ្គឺរ ឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្លិបទាំង១២ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រោយប្រកួតបាន២២លើកឈ្នះបាន៧លើក ហើយស្មើគ្នាបាន៧លើកនិងបរាជ័យ៨លើក។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបានឈរចំណាត់ថ្នាក់លេខ៣ស្ទួន ក្រោយ ប្រកួតបរាជ័យនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដោយថ្វីជើងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ២ទល់០៕
Source: Kampuchea Thmey Daily
0 Comments