Ad Code

រដ្ឋសភា​សម្រេច​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម ធ្វើ​សកម្មភាព​ឡើងវិញ



ភ្នំពេញ​ ៖ រដ្ឋសភា​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​០៣ ខែធ្នូ បានសម្រេច​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ ដែល​តុលាការ​ហាមប្រាម​ធ្វើ​សកម្មភាព​នយោបាយ ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ តាមរយៈ​សំណើ​របស់​នាយករដ្ឋមន្ត្រី​។

ការ​សម្រេច​បែបនេះ បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​មាន​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បន្ធូរ​ស្ថានការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស សហជីព អង្គការ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ​ប្រឆាំង ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស ហើយ​បើតាម​រដ្ឋសភា គឺ​ការធ្វើ​សេចក្តីស្នើច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្សនយោបាយ ដើម្បី​ផ្តល់​សិទ្ធិ​ដល់​នាយករដ្ឋមន្ត្រី ស្នើ​ព្រះមហាក្សត្រ ផ្តល់​នីតិសម្បទា​ដល់​អ្នកនយោបាយ​ដែល​បាន​ហាមប្រាម​នោះ ហើយ​បើ​ទោះបី​សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​នោះ​មិនបាន​បញ្ជាក់​ក៏ដោយ គេ​អាច​សន្និដ្ឋាន​ថា ចង់​សំដៅ​ដល់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប ដែល​ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ ក្រោយពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

សេចក្តី​ស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ ជា​ការ​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ “​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”​។

ដូច​សេចក្តី​ថ្លែងហេតុ​នៃ​សេចក្តី​ស្នើច្បាប់​នេះ​បញ្ជាក់​ថា វិសោធនកម្ម​ខាង​លើ​នេះ មាន​គោលដៅ​សំខាន់ៗ គឺ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​តាមផ្លូវ​ច្បាប់​អំពី​ករណី​បុគ្គល ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ការធ្វើ​នយោបាយ និង​បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាងលើ​អាច​ទទួលបាន​នីតិ​សម្បទាន​ឡើងវិញ​តាមច្បាប់ ហើយ​វិសោធន​កម្ម​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស នីតិរដ្ឋ​ព្រមទាំង​លើ​កម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផងដែរ​។

ទាក់ទង​បញ្ហា​នេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ក៏បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ភ្លាមៗ​ផង​ដែរ នៅ​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ដោយ​បាន​ថ្លែង​ថា សេចក្តី​វិសោធនកម្ម​ច្បាប់ ស្តី​ពី គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​(​ស្ទួយ​មួយ​) ជា​វិសោធនកម្ម​ច្បាប់​ដែល​មាន​ការប្រញាប់ ហើយ​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​សភា នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ដាក់​ចូល សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​អនុម័ត​ផង​ដែរ​។ ប៉ុន្តែ​បើក​សម័យប្រជុំ​នៅ​ពេល​ណា​នោះ លោក​មិនទាន់​បាន​បញ្ជាក់​ពី​ពេលវេលា​នៅឡើយ​ទេ​។ លោក​បន្តថា សេចក្តី​វិសោធនកម្ម​ច្បាប់​នេះ ក៏​មាន​ការ​ជាប់ ពាក់ព័ន្ធ​នឹង​ការ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់ មិន​ឲ្យ​ធ្វើ​នយោបាយ​ផងដែរ។

តាម​លោក ឡេង ប៉េងឡុង ការ​ធ្វើ​វិសោធន​កម្ម​នេះ ជា​ការ​គិតគូរ​ដល់​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​។ លោក​បន្ត​ថា អ្នក​ដែល​ច្បាប់​ហាមឃាត់​គឺ​អាច​ទទួល​បាន​នីតិសម្បទា អាច​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ បន្ទាប់ពី​មាន​សំណើ​ពី​នាយករដ្ឋមន្ត្រី​ស្នើ​ព្រះមហាក្សត្រ​តាម​ដំណើរ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ លោក​បន្ថែម​ថា វិសោធនកម្ម​ច្បាប់​នេះ ក៏​ដោយសារតែ​ពេល​កន្លង​មក​ច្បាប់​មិនបាន​គិតគូរ​ដល់​អ្នក​ដែល​ត្រូវ​តុលាការ​ហាមឃាត់​នោះ​ទេ ប៉ុន្តែ​ពេលនេះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​បាន​គិតគូរ​ដល់​អ្នក​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ផងដែរ​។

លោក ឡេង ប៉េងឡុង បាន​ទទួលស្គាល់ថា កន្លងមក​ច្បាប់​ក៏​មាន​ចន្លោះប្រហោង​បន្តិច​ដែរ ដោយ​ពុំបាន​គិតគូរ​ដល់​ពួកគាត់ ប៉ុន្តែ​ឥឡូវនេះ​យើង​គិតគូរ​ដល់​ពួកគាត់​។ អ្នក​ទាំងនោះ​មិន​ត្រូវ​បាន នាយករដ្ឋមន្ត្រី​វាយតម្លៃ​ថា មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​អ្វី​ទេ។ ច្បាប់​មាត្រា​៤៥​ចាស់ មិន​គិតគូរ​គ្រប់​ជ្រុងជ្រោយ ។ មាត្រា​៤៥​ស្ទួន ថ្មី​១​នេះ គឺ​បាន​គិតគូរ ទៅដល់​១១៨​រូប​ដែល​តុលាការ​បាន​ហាម ដើម្បី​ផ្តល់​នីតិសម្បទា​ឡើងវិញ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu