Ad Code

រម្លឹក​ខួប​១០​ឆ្នាំ​របស់​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ និង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​ពុទ្ធអង្គ​ធំ​



សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០១៨ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​ក្នុង​ពិធី​អបអរ​ខួប​១០ ឆ្នាំ​របស់​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ និង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​ពុទ្ធអង្គ​ធំ ដែល​ធ្វើឡើង​ក្រោម​វត្តមាន​ចូលរួម​ពី​មន្ត្រីរាជការ អ្នកជំនាញការ​ជាតិ អន្ដរជាតិ និង​ភ្ញៀវ​អន្ដរជាតិ​ប្រមាណ ១០០​នាក់​។ ក្នុង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​ពុទ្ធអង្គ​ធំ ក៏​មានការ​និមន្ត​ព្រះសង្ឃ ដើម្បី​រៀបចំ​ទៅតាម​ពិធី​សាសនា​ផងដែរ​។



​ដើមហេតុ​នៃ​ការបង្កើត​សារមន្ទីរ​នេះ គឺ​នៅ​ឆ្នាំ​២០០១ សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា និង​បុរាណ​វិទូ​ខ្មែរ បានធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​នៅ​ប្រាសាទបន្ទាយក្ដី ហើយ​ប្រទះ​រូបចម្លាក់​ចំនួន ២៧៤ បំណែក ដែល​ស្ថិតនៅក្នុង​រណ្ដៅ​កំណាយ​នៅ​ពេល​នោះ​។ ភ្លាមៗ បំណែក​រូបចម្លាក់​ទាំង​អស់ ត្រូវបាន​នាំ​យក​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា​។ នៅ​ឆ្នាំ ២០០៣ លោក តា​គី​យ៉ា អូ​កា​ដា ប្រធាន​កិត្ដិយស​នៃ​ក្រុមហ៊ុន អ៊ី​អុង ជប៉ុន បាន​ទស្សនា​មជ្ឈមណ្ឌល សូ​ហ្វី​យ៉ា នៅ​សៀមរាប ហើយក៏​មានបំណង​បង្កើត​សារមន្ទីរ​មួយ​ដើម្បី​តម្កល់ និង​ថែរក្សា​រូបចម្លាក់​ទាំងនោះ​។ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ ២០១៧​។



សារមន្ទីរ​នេះ​សាងសង់​ឡើង​ដោយមាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន អ៊ី​អុង (AEON) របស់​ជប៉ុន តាមរយៈ​មូលនិធិ ១% ហើយ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​»​។



​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ផ្តល់​ចំណេះដឹង​ដល់​ម្ចាស់​ស្រុក អ្នកស្រាវជ្រាវ ជាពិសេស​សិស្ស​និស្សិត អំពី​តម្លៃ​ដ៏​អស្ចារ្យ​នៃ​វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ដ្រ និង​សាសនា​របស់​ខ្មែរ ហើយក៏​ជា​កន្លែង​តម្កល់ ថែរក្សា ជួសជុល នូវ​រូបចម្លាក់ និង​វត្ថុ​បុរាណ​ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​តាម​បុរាណ​ដ្ឋា​ន​នានា​មក​បង្ហាញ​សាធារណជន​។​



ទាក់ទង​នឹង​ព្រះពុទ្ធ​អង្គ​ធំ ដែលមាន​កម្ពស់ ៦​ម៉ែត្រ ដែល​តម្កល់​នៅមុខ​សារមន្ទីរ គឺ​សាងសង់​ឡើង​ដោយ​លោកស្រី Sulata Mitra Sarkar ដែលជា​ជនជាតិ​ឥណ្ឌា ហើយ​កសាង​រួចរាល់​នៅ​ឆ្នាំ ២០១១​មក​ម្ល៉េះ​។ គោលបំណង​នៃ​ការសាងសង់​នេះ ដើម្បី​សុំ​សេចក្តីសុខ​សន្ដិភាព និង​ភាព​សុខដុមរមនា ក៏ដូចជា​ទីសក្ការៈ​ដល់​ប្រជាជន​ខ្មែរ​ទូទៅ​។ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ចូលរួម​ជួយឧបត្ថម្ភ​ក្នុង​ការ​សាងសង់​ផង​ដែរ ដូចជា​ការ​ផ្តល់​ដី​សាងសង់ សំណង់​ដំបូល គ្រឹះ​តម្កល់​បដិមា និង​ស្រះ​ឈូក​។

គួរ​បញ្ជាក់​ថា ដើម្បី​អបអរ​ពិធី​ខាងលើនេះ សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ក៏បាន​រៀបចំ​ពិព័រណ៍​ខ្នាតតូច​មួយ​បន្ថែម​ស្ដីពី​ព្រះពុទ្ធ​ជា​គ្រូថ្នាំ និង​ការ​បើក​ឲ្យ​ទស្សនា​ដោយ​ឥតគិតថ្លៃ​ចំនួន ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៤-៦ ខែធ្នូ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu