ភ្នំពេញ ៖ លោក Christophe Crepin ប្រធានទទួលបន្ទុកផ្នែកបរិស្ថាន និងធនធានធម្មជាតិនៃអង្គការធនាគារពិភពលោក បានថ្លែងថា បច្ចុប្បន្នធនាគារពិភពលោកកំពុងរៀបចំបញ្ចប់ការចងក្រងផែនការយុទ្ធសាស្ត្រភាពជាដៃគូថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងធនាគារពិភពលោក។
ការថ្លែងរបស់លោក Christophe Crepin បានធ្វើឡើង កាលពី រសៀលថ្ងៃទី៣០វិច្ឆិកា នៅក្នុងជំនួបពិភាក្សាការងារដើម្បីពិនិត្យស្ថានភាព វឌ្ឍនភាពនៃការអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្មរបស់អង្គការធនាគារពិភពលោក និងលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្តើម លោក Christophe Crepin បានជម្រាបជូនលោករដ្ឋមន្ត្រីជ្រាបថា បច្ចុប្បន្នធនាគារពិភពលោកកំពុងរៀបចំបញ្ចប់ការចងក្រងផែនការយុទ្ធសាស្ត្រភាពជាដៃគូថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងធនាគារពិភពលោក។ ហើយផែនការយុទ្ធសាស្ត្រភាពជាដៃគូថ្មីនេះ បានកំណត់យកវិស័យកសិកម្មជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យទាំងអស់ដែលធនាគារពិភពលោកនឹងផ្តល់ការគាំទ្រ និងធ្វើការវិនិយោគឲ្យអស់លទ្ធភាព តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីជាប្រយោជន៍ដល់ប្រជាកសិករក្នុងការបង្កើនប្រាក់ចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រថែមមួយកម្រិតទៀត។
នាក្នុងឱកាសដ៏មានសារៈសំខាន់នាថ្ងៃនេះ លោក រដ្ឋមន្ត្រីតាំងនាមឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការធនាគារពិភពលោកដែលបាននឹងបន្តជួយអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនេះ នឹងធ្វើឲ្យការអភិវឌ្ឍវិស័យកសិកម្ម ទទួលបានកំណើនល្អប្រសើរ ហើយទទួលបានវឌ្ឍនភាពថ្មីក្នុងវិស័យកសិកម្មនាពេលខាងមុខ។
សូមបញ្ជាក់ថា ចំពោះជំនួបនាថ្ងៃនេះ ភាគីទាំងពីរបានយកប្រធានបទសំខាន់ៗមួយចំនួនមកពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការ មានជាអាទិ៍៖ ទី១. អភិវឌ្ឍតំបន់សណ្ដរទន្លេមេគង្គ ដែលកំពុងជួបប្រទះបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ទី២. ការរៀបចំផែនទីកំណត់តំបន់ដាំដុះ និងការផ្តល់ការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការនៃប្រជាកសិករ ទី៣. ការអភិវឌ្ឍអនុវិស័យព្រៃឈើ ដែលធានាបាននូវទាំងផលិតភាព និងនិរន្តរភាព៕
Source: Kampuchea Thmey Daily
0 Comments