Ad Code

កីឡាករ ធា​រី ចន្ថា​ប៊ី​ន របស់​កម្ពុជា​តាំងចិត្ត​ជួយ​ក្លិប​Terengganu FA​ឲ្យ​អស់ពី​សមត្ថភាព​ក្រោយ​ក្លិប​បន្ត​កិច្ចសន្យា​ថ្មី



​កីឡាករ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ត្រូវបាន​ក្លិប​ចាស់​របស់ខ្លួន​គឺ​Terengganu FA​សមាជិក​នៅ​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) បន្ត​កិច្ចសន្យា​១​រដូវ​កាល​ទៀត ក្រោយ​ផុត​រដូវ​កាល​ឆ្នាំ​២០១៨​ថ្មីៗ​នេះ ខណៈ​រូប​នឹង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ជាង​រដូវ​កាល​មុន ពោលគឺ​ក្បែរៗ​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក​។

​កីឡាករ​រូប​នេះ​ទើបតែ​បាន​ជួយ​ក្រុម​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Malaysian FA Cup ទៀត​ប៉ុន្តែ​ចាញ់​គ្រាប់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី​ទល់នឹង​ក្រុម Perak ក្នុង​គ្រាប់​បាល់ ៤-១ (​ថែម​ម៉ោង ១៥ នាទី ២​ដង​ស្មើ ៣-៣)​។ ចំណែក​នៅក្នុង​លី​គ​កំពូល​ម៉ាឡេស៊ី វិញ​រូបគេ​បាន​ជួយ​ក្រុម​ឲ្យ​ស្ថិតនៅ​លំដាប់​ទី​៥ នៃ​លី​គ​កំពូល​រដូវ​កាល​កន្លងទៅ​។



កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​បញ្ជាក់​ថា «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ក្នុង​ការជួប​ជាមួយ​មិត្ត​រួម​ក្រុម​ម្ដងទៀត​។ ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​កាន់​តែ​ខ្លាំង និង​ស្វែងរក​លទ្ធផល​កាន់តែ​ល្អ​ជាង​មុន​សម្រាប់ Terengganu​។ ខ្ញុំ​ជឿជាក់​ថា ​យើង​អាច​ធ្វើបាន​។ ៨០​ភាគរយ​ក្នុង​ក្រុម គឺជា​កីឡាករ​សល់​ពី​រដូវ​កាល​មុន​។ ដូច្នេះ​យើង​យល់ចិត្ត​គ្នា និង​ជឿជាក់​លើ​គ្នា​»​។

សូម​រំលឹក​ថា​ កីឡាករ ធា​រី ចន្ថា​ប៊ី​ន បានធ្វើ​ដំណើរ​មក​កម្ពុ​ជា ដោយ​ចុះកិច្ចសន្យា​ជា​ក្លិប​ភ្នំពេញ​ក្រោ​ន​លើកដំបូង​កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លងទៅ ដំណាលគ្នា​នឹង​មិត្តភក្ដិ​មកពី​បារាំង​ជាមួយគ្នា កុក បូរី​ស និង គួច ដា​នី បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​កូន​ខ្មែរ​-​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត មក​ប្រកួត​នៅ​កម្ពុជា អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០១២​។ រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ខែតុលា ឆ្នាំ​២០១៧ ថ្មីៗ​នេះ​។



នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Krabi FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​នៅ​ប្រទេស​ថៃ ខណៈ​នៅ​ពាក់​រដូវ​កាល​រូបគេ​បាន​ផ្លាស់​មកលេង​នៅ​កម្ពុជា វិញ​ជាមួយ​ក្លិប​អគ្គីសនី​កម្ពុជា​។ បើ​និយាយ​ពី​ការ​ប្រកប​អាជីព​ក្នុង​ក្លិប អំឡុង​ពេល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន កីឡាករ ធា​រី ធ្លាប់​លើក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចំនួន​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១២ និង ២០១៦ ក្រោយ​ប្រកប​អាជីព​នៅ​កម្ពុជា ជាង​៤ឆ្នាំ​ហើយ ​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ នៃ​ពានរង្វាន់ Toyota Mekong Club Championship 2014 ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu