ខ្សែប្រយុទ្ធជើងចាស់ ទៀប វឌ្ឍនៈ ដែលទើបតែបញ្ចប់អាជីពជាកីឡាករបាល់ទាត់កាលពីជើងទី១លីគកំពូលកម្ពុជាឆ្នាំ២០១៧ ហើយបានសិក្សាវគ្គគ្រូបង្វឹកបាល់ទាត់កម្រិត AFC C License កាលពីពេលថ្មីៗ នៅពេលនេះក្លិបអាស៊ីអឺរ៉ុប បានតែងតាំងឱ្យធ្វើជាគ្រូជំនួយប្រចាំក្លិបតែម្តងដើម្បីត្រៀមយុទ្ធនាការប្រកួតក្នុងរដូវកាលឆ្នាំ២០១៩ខាងមុខ។
បច្ចុប្បន្នក្លិបអាស៊ីអឺរ៉ុប មានតែលោក សុក វាសនា តែម្នាក់គត់ដែលជាគ្រូបង្គោល ខណៈមិនមានក្រុមគ្រូបង្វឹកមិនទាន់មានពេញដៃពេញជើងនៅឡើយនោះទេ។ កីឡាករមានប្រភពពីខេត្តកំពត រូបនេះគិតថា ការសម្រេចចិត្តព្យួរជើង ក៏ជាផ្នែកមួយនៃការផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយក្នុងក្លិបអាស៊ីអឺរ៉ុប ដែលជាក្លិបចុងក្រោយរបស់ខ្លួន ខណៈវ័យក៏កាន់តែជ្រែទៅមុខផងដែរ។ ទៀប វឌ្ឍនៈ បង្ហាញខ្លួននៅក្រុមជម្រើសជាតិតាំងពីឆ្នាំ២០០៤ ប៉ុន្តែក្រោយមកដោយសាររបួសជង្គង់ធ្ងន់រហូតដល់វះកាត់ឆ្នាំ ២០០៨ និង ព្យាបាលទើបធ្វើឲ្យរូបគេមិនសូវមានឱកាសជាប់ជម្រើសជាតិដូចមុន។
កីឡាករ ទៀប វឌ្ឍនៈ ដែលជាប្រធានក្រុមក្លិបអាស៊ីអឺរ៉ុប ធ្លាប់បានលើកឡើងថា «ខ្ញុំមានការងារនៅក្រុមហ៊ុនឯកជនមួយដែរ ដែលក្រៅពីការងារបាល់ទាត់។ តែជាធម្មតាខ្ញុំធ្វើការចូល ព្រឹកម៉ោង ៥ ព្រឹក ដល់ត្រឹម ២ អី ហ្នឹងចេញហើយ ហើយត្រូវទៅធ្វើការនៅក្លិប ម៉ោង ៣ តទៅ។ ពេលខ្លះខ្ញុំត្រូវវេន យប់ ២ ឬ ៣ ថ្ងៃក្នុង ១ ខែ ប៉ុន្តែអត់បញ្ហាទេ ព្រោះក្លិប អនុគ្រោះបាន»។
ទៀប វឌ្ឍនៈ ផ្ដើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០០៤ ជាមួយក្លិប Hello United (បច្ចុប្បន្នភ្នំពេញក្រោន) មុនផ្ទេរទៅកាន់ណាហ្គាវើល ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៥ ខណៈនៅឆ្នាំ២០១៦ ជាពេលបានចូលរួមជាមួយបឹងកេត បានពាក់កណ្ដាលរដូវកាល មុនឈានជើងដល់អាស៊ីអឺរ៉ុប នៅឆ្នាំ២០១៧ ហើយក៏បញ្ចប់អាជីពជាកីឡាករនៅឆ្នាំនោះតែម្តង។ ចំណែកនៅក្នុងក្រុមជម្រើសជាតិកម្ពុជា វិញរូបគេបានជាប់ឈ្មោះតាំងពីឆ្នាំ២០០៤ ដល់២០១៦ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments