Ad Code

ពានរង្វាន់​យុវជន​អន្តរក្រសួង​-​ស្ថាប័ន រដូវ​កាល​ទី​៦ នឹង​ចាប់ផ្តើម​ប្រកួត​ពី​ចុង​សប្ដាហ៍​នេះ​តទៅ



យុទ្ធនាការ​ប្រកួត​បាល់​ទាត់​ពានរង្វាន់​«​យុវជន​អន្តរក្រសួង​-​ស្ថាប័ន រដូវ​កាល​ទី​៦ ឆ្នាំ​២០១៨-២០១៩»​ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នឹង​ចាប់ផ្ដើម​ពីថ្ងៃ​សៅរ៍ ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ពុធ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយមាន​ក្រុម​ចូលរួម​ចំនួន​៣១​ក្រុម​។

លោក​សុខ សប្បាយ​ណា ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បានលើកឡើង​កាល​ពី​ពេល​ថ្មីៗ​ក្នុង​ពេល​ចាប់​ពូ​ល​ជ្រើសរើស​ក្រុម​ប្រកួត​ថា «​ពានរង្វាន់​នេះ​ គឺ​កើត​ចេញពី​ទី​១​ការគាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ទាំងអស់​ទើប​ការប្រកួត​នេះ​បាន​កើតឡើង ទី​២​ដោយសារតែ​មានការ​គាំទ្រ​បច្ចេកទេស​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ រាល់​អាជ្ញាកណ្ដាល​ដែល​ចូលរួម​ដឹកនាំ​ការប្រកួត គឺ​ចេញពី​សហព័ន្ធ​ដោយផ្ទាល់​។ ទី​៣ គឺ​ការឧបត្ថម្ភ​គាំទ្រ​ពី​បណ្ដា​ក្រម​ហ៊ុន​នានា​។ ទី​៤ គឺ​ក្រុមការងារ និង​កីឡាករ​ទាំងអស់​ដែលជា​មន្ត្រីរាជការ ដែល​បាន​ឆ្លៀតពេល​ពី​ការងារ​ចូលរួម​ការប្រកួត​នេះ​។ ចំណែក​ទី​៥ គឺ​ការគាំទ្រ​ពី​ទស្សនិកជន​ទាំងឡាយ ហើយ​ការប្រកួត​នៅ​ឆ្នាំនេះ គឺ​ផ្សាយ​ផ្ទាល់​លើ Facebook គ្រប់​ប្រកួត​តែម្ដង​»​។

លទ្ធផល​ការចាប់​ពូ​ល​មាន​ដូចជា​ពូ​ល A មាន​ក្រុម​ក្រសួងសុខាភិបាល​, ក្រសួង​ព័ត៌មាន​, អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ពូ​ល B មាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​, ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ពូ​ល C អាជ្ញាធរ​សវនកម្ម​ជាតិ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។ ពូ​ល D មាន​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​, ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​, ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ធម្មការ និង​សាសនា​។ ពូ​ល E មាន​ទីស្ដីការគណៈរដ្ឋមន្ត្រី​, សាលា​រាជធានី​ភ្នំពេញ​, ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួងបរិស្ថាន​។ ពូ​ល F មាន​ក្រសួងផែនការ​,​ក្រសួង​អភិវឌ្ឍន៍ជនបទ​, ក្រសួងទេសចរណ៍ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

​ពូ​ល G មាន​ធនាគារជាតិ​កម្ពុជា​, ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​សាលា​រាជធានី​ភ្នំពេញ​។ ពូ​ល H មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (៩​ធ្នូ​), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

​ពានរង្វាន់​បង្កើតឡើង​ក្នុង​គោលដៅ​លើកកម្ពស់​ស្មារតី សាមគ្គីភាព មិត្តភាព ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​​រវាង​យុវជន​តាម​ក្រសួង​ស្ថាប័នរដ្ឋ​។ ចំណែក​លទ្ធផល​កាលពី​ឆ្នាំ​ចាស់​ឃើញថា​ក្រុម​ជើងឯក​បាន​ទៅលើ​ក្រុមបាល់ទាត់​ក្រសួងសុខាភិបាល ហើយ​ជើងឯក​រង​បាន​ទៅលើ​ក្រុមបាល់ទាត់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ក្រុម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​និង​ចំណាត់​លេខ​៤​បាន​ទៅលើ​ក្រុមបាល់ទាត់​ក្រសួង​រ៉ែ​និង​ឧស្សាហកម្ម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu