Ad Code

កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ដើម្បី​ឈានទៅ​ចរចា​បញ្ចប់​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន



ហាណូយ​ ៖ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន សំដៅ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច កម្ពុជា និង​វៀតណាម នៅ ថ្ងៃ​សុក្រ ទី៧ ខែធ្នូ ឆ្នាំ​២០១៨​ កន្លង​មក​នេះ កម្ពុជា​-​វៀតណាម បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ការចរចា​បញ្ចប់​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​អនុស្សរណៈ​ដ៏​សំខាន់ នេះ ធ្វើឡើង​រវាង លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក ត្រាន់ ទួន​អា​ញ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ក្រោម​វត្តមាន​អញ្ជើញ​ជា​សាក្សី​ដ៏​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ គឺ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ង្វៀង សួន​ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។



យោង​តាម​អនុស្សរណៈ​យោគយល់ មាន​ចំណុច​សំខាន់ៗ​ចំនួន ០២ ដែល​ប្រទេស​ហត្ថលេខី​ទាំងពីរ មាន​កាតព្វកិច្ច ចូលរួម​អនុវត្តន៍ គឺ​៖ ចំណុច​ទី​១ ភាគី​ទាំងពីរ​នឹង​គោរព​តាមច្បាប់ និង​បទបញ្ញត្តិ​នៃ​ប្រទេស​រៀងៗ​ខ្លួន ទាក់ទង​បញ្ហា​កាន់​សាច់ប្រាក់​ឆ្លងកាត់​ព្រំដែន ហើយ​ចំណុច​ទី​២ ភាគី​ទាំងពីរ​ត្រូវ​បន្ត​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​សេសសល់ ដែល​មិនទាន់​បាន​ឯកភាព​គ្នា ទាក់ទង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន ឲ្យ​បាន​ឆាប់​បំផុត។

សូម​ជម្រាប​ថា កន្លងមក ប្រទេស​កម្ពុជា និង​វៀតណាម ធ្លាប់​បាន​កំណត់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យ​បាន​ដល់ ៥​ប៊ី​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០១៥ ប៉ុន្តែ​រហូតមកដល់​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ សម្រេចបាន​ត្រឹមតែ ៣,៨​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ​។ លើសពីនេះ សម្រាប់​រយៈពេល ៧​ខែ ឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម សម្រេចបាន​ទឹកប្រាក់ ២,៧​ប៊ី​លាន​ដុល្លារ កើនឡើង​១៨,៧% ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៧​។



មុខទំនិញ​សំខាន់ៗ​របស់​វៀតណាម នាំ​ចូលមក​កម្ពុជា កាលពី​ឆ្នាំ​២០១៧ មានដូចជា ដែកថែប និង​ដែក​ដែល តម្លៃ ៥២១​លាន​ដុល្លារ ប្រេងឥន្ធនៈ​តម្លៃ ៣៧៥​លាន​ដុល្លារ ជី​កសិកម្ម សម្លៀកបំពាក់ គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្លា​ស្ទិ​ក រីឯ​មុខទំនិញ​សំខាន់ៗ​របស់​កម្ពុជា ដែល​នាំ​ចេញទៅ​វៀតណាម ភាគច្រើន ជា​ឈើហុប និង​ផលិតផល​ធ្វើ​ពី​ឈើ ដែលមាន​តម្លៃ ២១៤ លាន​ដុល្លារ ស្វាយចន្ទី តម្លៃ ១៦៨​លាន​ដុល្លារ និង​កៅស៊ូ តម្លៃ ១៣៨​លាន​ដុល្លារ​។

​តាមរយៈ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​ថ្មី​នេះ គេ​រំពឹងថា ​ប្រទេស​ទាំងពីរ នឹង​អា​ចព​ន្លឿ​ន​កិច្ចចរចា ដើម្បី​ឈាន​ទៅ​ដក​របាំង​បច្ចេកទេស និង​បញ្ចប់​រាល​បញ្ហា​ពាក់ព័ន្ធ​ទាំងឡាយ ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម សំដៅ​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​កំណត់​កាលពី​ឆ្នាំ​២០១៥៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu