ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំវេទិកាការងារមួយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាការងារជិត៩០០កន្លែងជូនដល់សិស្សនិស្សិតនិងអ្នកកំពុងស្វែងរកការងារធ្វើពីបណ្តាសហគ្រាសក្រុមហ៊ុនធំៗនានា។
ក្នុងកម្មវិធីវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នឹងទទួលបានឱកាសការងារ និងកម្មសិក្សាពីក្រុមហ៊ុនធំៗ ចំនួន១០មានដូចជា ធនាគារ CIMB, ក្រុមហ៊ុន ISI Steel , ក្រុមហ៊ុន Clik, ក្រុមហ៊ុន Seatel, ដាប់ប៊ែលយូប៊ី ហ្វាយនែន, ក្រុមហ៊ុន Opennet, ក្រុមហ៊ុន Super Duper, ក្រុមហ៊ុន DKSH, ក្រុមហ៊ុន CCF និងក្រុមហ៊ុន Makro ដោយចាប់ផ្តើមពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើតាមការលើកឡើងរបស់ លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងខែធ្នូនេះ ទីភ្នាក់ងារជាតិមុខរបរនិងការងារនឹងសហការជាមួយបណ្តាក្រុមហ៊ុនធំៗចំនួន១០ ដែលកំពុងមានតំរូវការជ្រើសរើសបុគ្គលិក ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាការងារដល់សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។
លោកប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរូបនេះ បន្តទៀតថា «នាពេលបច្ចុប្បន្ន ទោះបីជាសេវាស្វែងរកការងារ និងជ្រើសរើសបុគ្គលិកជូនបណ្តាក្រុមហ៊ុននានា មិនទាន់មានភាពល្អប្រសើរមួយរយភាគរយក៏ដោយ ក៏ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងខិតខំធ្វើយ៉ាងណា ដើម្បីពង្រឹង សេវាទាំងអស់នេះឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត»។
ប្អូនស្រី វណ្ណ ម៉ូលីកា និស្សិតឆ្នាំ២ ផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្លាប់បានចូលរួមវេទិកាការងារនេះកន្លងមក ក៏បានចាត់ទុកវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែកជាច្រើនក្នុងការនាំយកឱកាសការងារ ដល់សិស្ស-និស្សិត ដែលមានបំណងចង់ស្វែងរកការងារ។
ប្អូនស្រីលើកឡើងថា វេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់ប្អូនក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ ឆាប់ទទួលបានការងារធ្វើ ពិសេសបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុននានាតែម្តង។
ម៉ូលីកាជឿជាក់ថា វេទិកានេះនឹងកាន់តែមានភាពពេញនិយមកាន់តែច្រើនឡើងបន្ថែមទៀត ពីសំណាក់ម្ចាស់ក្រុមហ៊ុន នឹងអ្នកស្វែងរកការងារធ្វើ ដោយសារតែជួយដល់ក្រុមហ៊ុនឲ្យឆាប់ទទួលបានបុគ្គលិកដែលពួកគេចង់បាន នឹងជួយដល់អ្នកស្វែងរកការងារឲ្យទទួលបានការងារអ្វីដែលពួកគេស្រឡាញ់។
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ មានរៀបចំនូវកម្មវិធីវេទិកាការងារ កិច្ចសម្ភាសប្រចាំខែសម្រាប់អ្នកស្វែងរកការងារធ្វើ នឹងការបង្ហាត់បង្រៀនអំពីជំនាញទន់ ដែលមានការចូលរួមពីក្រុមមគ្គុទ្ទេសក៍អាជីព សម្រាប់ជួយដល់សិស្ស/និស្សិតអោយស្គាល់អំពីបច្ចុប្បន្នភាពនៃទីផ្សារការងារ និងត្រៀមលក្ខណៈក្លាយបុគ្គលិកដ៏ល្អនៅក្រុមហ៊ុនរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ។
សូមរំលឹកថា ក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមា ណ ៧៥៩០នាក់ នឹងរៀបចំវេទិកាការងារបានចំនួន៤២ដង៕
Source: Kampuchea Thmey Daily
0 Comments