ភ្នំពេញ ៖ ដើម្បីដោះស្រាយទឹកស្រោចស្រពជូនបងប្អូនប្រជាកសិករ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដោយមានការចូលរួមជាកម្លាំងពលកម្មពីបងប្អូនប្រជាពលរដ្ឋ ធ្វើធ្នស់កាត់ស្ទឹងបរិបូរណ៍ ចំនួន ០១ កន្លែង នៅចំណុចភូមិកំព្រង ឃុំផ្សារ ដើម្បីបញ្ចាល់ទឹកស្ទឹងបញ្ចូលប្រឡាយមេបន្ទាយធ្លក នាំទៅស្រោចស្រពដំណាំស្រូវប្រាំងរបស់កសិករ ០៥ភូមិ។
ក្រសួងបានឲ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ប្រើប្រាស់គ្រឿងចក្រចុះជួយធ្វើធ្នស់កាត់ស្ទឹងបរិបូរណ៍ ដើម្បីបញ្ចាល់ទឹកបញ្ចូលប្រឡាយមេបន្ទាយធ្លក ទៅស្រោចស្រពដំណាំស្រូវប្រាំងរបស់កសិករដែលកំពុងមានតម្រូវការទឹក នៅក្នុងភូមិចំនួន ០៥ របស់ឃុំខុនរ៉ង ស្រុកបរិបូរណ៍។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបានប្រមូលផលស្រូវវស្សារួច ប្រជាកសិករនៅតាមដងប្រឡាយមេបន្ទាយធ្លក ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍ បានចាប់ផ្តើមដាំដុះដំណាំស្រូវប្រាំងបន្តទៀត លើផ្ទៃដីប្រមាណ ៦០០ ហិកតា។ ដោយសារពេលនេះ ទឹកស្ទឹងបរិបូរណ៍មានកម្ពស់ទាបពេក ទឹកមិនអាចហូរចូលប្រឡាយមេបន្ទាយធ្លកបាន ទើបធ្វើឲ្យដំណាំស្រូវរបស់កសិករនៅតាមដងប្រឡាយមេនេះ ជួបការខ្វះខាតទឹក។
ក្រសួងបាន បន្ថែម ថា ជាវិធានការណ៍បណ្តោះអាសន្ន ដើម្បីដោះស្រាយទឹកស្រោចស្រពជូនបងប្អូនប្រជាកសិករ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជូនគ្រឿងចក្រ ចំនួន ០១ គ្រឿង ដោយមានការចូលរួមជាកម្លាំងពលកម្មពីបងប្អូនប្រជាពលរដ្ឋ ធ្វើធ្នស់កាត់ស្ទឹងបរិបូណ៍ ចំនួន ០១ កន្លែង នៅចំណុចភូមិកំព្រង ឃុំផ្សារ ដើម្បីបញ្ចាល់ទឹកស្ទឹងបញ្ចូលប្រឡាយមេបន្ទាយធ្លក ។ ជាលទ្ធផលមកដល់ពេលនេះ ទឹកបានហូរចូលប្រឡាយមេជាបណ្តើរៗហើយ ខណៈបងប្អូនប្រជាកសិករ កំពុងបូមបន្តពីប្រឡាយមេបញ្ចូលស្រែរៀងៗខ្លួន៕
Source: Kampuchea Thmey Daily
0 Comments