ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន ២៣ នៅក្នុងស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ៣២ និង៣៣។
ជំនួបសំណេះសំណាល នៅថ្ងៃនេះគឺជាការជួបសំណេះសំណាលលើកទី៥សម្រាប់កម្មករ និយោជិតនៅក្នុងខេត្តកំពង់ស្ពឺ។ រោងចក្រសហគ្រាសស្ថិតនៅក្នុងស្រុកសំរោងទងទាំង ២៣ នេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន ១៨,កូរ៉េចំនួន ៤ និង សិង្ហបុរីចំនួន ១។ ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន៥, ផលិតកាបូបចំនួន៥, ផលិតសម្ភារៈធ្វើដំណើរចំនួន៣, ផលិតខ្សែរូតចំនួន១, ផលិតប្រដាប់សម្រាប់ព្យួរសម្លៀកបំពាក់ចំនួន១ និងផលិតតង់ចំនួន១។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ ជាខេត្តកសិកម្មហើយក៏ជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយកាលពីសម័យសង្គ្រាមផងដែរ។ បច្ចុប្បន្ន ខេត្តនេះបានក្លាយជាខេត្តដែលមានការទាក់ទាញវិនិយោគវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងជាច្រកសេដ្ឋកិច្ចភ្នំពេញឆ្ពោះទៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុផងដែរ។ សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិត ១០២.៧៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២៤៧លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរមានចំនួន១០៩ មានកម្មករ និយោជិតចំនួន ៩៦.៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដែលជាថ្ងៃដំបូងនៃការអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ គឺជាការជួបសំណេះសំណាលលើកទី៦០ហើយ ដែលមានកម្មករ និយោជិត ប្រធានផ្នែក ប្រធានក្រុម ប្រធានរដ្ឋបាលចូលរួមសរុប ៨៥៩.៥៦៧ នាក់។
តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ-កម្មការិនី ហើយបញ្ហាមួយចំនួនដែលប្រឈមសម្រាប់ការរស់នៅរបស់កម្មករ-កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments