Ad Code

ចាប់ខ្លួន​អ្នក​ផលិត​វីដេអូ​ឯកសារ​បំភ្លៃ​ការពិត​ពី​កម្ពុជា នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​



ភ្នំពេញ ​៖ លោក រ៉ាត់ រត្ន​មុនី ដែល​ជា​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា និង​ជា​អ្នកចូលរួម​ផលិត​ខ្សែភាពយន្ត​ឯកសារ​បំភ្លៃ​ការពិត​ពី​កម្ពុជា ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ហើយ កាលពី​ថ្ងៃ​សុក្រ ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ សប្តាហ៍​មុន តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​កម្ពុជា នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកស្រី ឡុង គីម​ហៀ​ង ជា​ភរិយា​។

អ្នកស្រី ឡុង គីម​ហៀ​ង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ពេលនេះ​ប្តី​របស់​នាង​កំពុង​ស្ថិតនៅ​កន្លែង​ឃុំខ្លួន​របស់​ប៉ូលិស​អន្តោ​ប្រវេ​សន៍​របស់​ថៃ ហើយ​អាជ្ញាធរ​ថៃ​នឹង​ទាក់ទង​បញ្ជូន​មក​កម្ពុជា​នៅពេល​ឆាប់ៗ​នេះ ហើយ​បើតាម​ការបញ្ជាក់​ពី​អ្នកស្រី ឡុង គីម​ហៀ​ង អាជ្ញាធរ​ថៃ​មាន​នីតិវិធី​ប្រមាណ​មួ​យស​ប្តា​ហ៍។

តាម​អ្នកស្រី ឡុង គីម​ហៀ​ង ការចាប់ខ្លួន​នោះ​បាន​ធ្វើឡើង​ខណៈពេល​អ្ន​ក​ស្រី និង​ស្វាមី (​លោក រ៉ាត់ រត្ន​មុនី​) ទៅ​យក​ផា​ស័​រ​ពី​ការិយាល័យ​ប្រទេស​ហុ​ល្លង់​ប្រចាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​វេលា​ម៉ោង​ប្រមាណ​១២ និង​១៥ នាទី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ គឺ​ខណៈនោះ​មាន​មន្ត្រី​អន្តោប្រវេស​ន៍​ស៊ីវិល​ចំនួន​២​នាក់​បានមក​សួរនាំ ហើយ​បាន​នាំ​ខ្លួន​ទៅកាន់​ការិយាល័យ​អន្តោប្រវេសន៍​តែម្តង ហើយ​មន្ត្រី​អន្តោ​ប្រវេ​ស​ន៏​នោះបាន​បញ្ជាក់ថា អាជ្ញាធរ​កម្ពុជា​បានស្នើ​សុំ​កិច្ចសហការ​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ រ៉ាត់ រត្ន​មុនី នេះ ដោយ​ឈ្មោះ​នេះ​បាន​ប្រព្រឹត្ត​កំហុស​មួយ គឺ​ថត​ភាពយន្ត​ឯកសារ​មិន​ពិត មានន័យថា ប្រឌិត​ឯកសារ​មិន​ពិត ដែល​និយាយ​អំពី​ការ​លក់​កូនស្រី​ឲ្យ​រកស៊ី​ផ្លូវភេទ ដែល​ត្រូវ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ ហើយ​មន្ត្រី​អន្តោ​ប្រវេ​ស​ន៏​របស់​នោះ បាន​ប្រាប់​ឲ្យ​មក​ដោះស្រាយ​នៅ​ប្រទេស​កម្ពុជា​។

សូម​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ ខ្សែភាពយន្ត​មួយ ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ហើយ​បាន​ស៊ែ​រតៗ​គ្នា ដែល​ខ្សែ​វីដេអូ​ខ្លី​នេះ បាន​ផ្តោតលើ​តួអង្គ​ពីរ​នាក់ គឺ​លោកស្រី កៅ ម៉ាឡៃ និង​កូនស្រី​ឈ្មោះ ឃៀង ស្រី​ម៉ិច ដែល​ជា​អតីត​ពលរដ្ឋ​បឹងកក់​។ ក្រោយ​ការ​ចេញផ្សាយ សមត្ថកិច្ច​អាជ្ញាធរ​បាន​ហៅ​តួអង្គ​ម្តាយ និង​កូន ក្នុង​សាច់​រឿង​នេះ ទៅ​សាកសួរ រួច​ក៏បាន​អះអាងថា ពួកគេ​ទទួល​បាន​លុយ​ចំនួន ២០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​និយាយ​កុហក​ក្នុង​ភាពយន្ត​ឯកសារ​នេះ​។ ចំណែក​សមត្ថកិច្ច​កម្ពុ​ជា បាន​អះអាងថា ភាពយន្ត​ឯកសារ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា​។

ទាក់ទង​បញ្ហា​ខ្សែ​វីដេអូ​ខ្លី​នេះ អ្នកស្រី ឡុង គីម​ហៀ​ង អះអាងថា ពិតជា​បាន​ពាក់ព័ន្ធ​ជាមួយ​អ្នកស្រី និង​ស្វាមី​មែន ពីព្រោះ​ខ្សែភាពយន្ត​នេះ ប្តី​របស់​នាង​ជា​អ្នក​ថត ចំណែក​អ្នកស្រី គឺជា​អ្នក​ស្គាល់​តួអង្គ​ម្តាយ និង​កូនស្រី នៅក្នុង​ខ្សែភាពយន្ត​ខ្លី​នេះ ហើយ​ជា​អ្នកទំនាក់ទំនង​។ អ្នក​ស្តី​បញ្ជាក់​ថា “​បើ​និយាយ​ពី​ការ​ថត​សម្ភាសន៍​អី​នោះ អត់​ទាក់ទង​ទេ ប៉ុន្តែ​បើ​និយាយ​ពី​សាច់រឿង ដើម្បី​អាច​សម្ភាសន៍​បាន​នោះ គឺពាក់ព័ន្ធ​”​។

អ្នកស្រី ឡុង គីម​ហៀ​ង បញ្ជាក់​ថា ម្តាយ និង​កូនស្រី នៅក្នុង​សាច់រឿង​នោះ គឺជា​អតីតជន​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​នៅ​តំបន់​បឹងកក់ គឺ​អ្នកស្រី កែវ ម៉ាឡៃ និង​កូនស្រី (​ស្រី​ម៉ិច​) ហើយ​ការ​ស្គាល់គ្នា ដោយសារ​តែ​អ្នកស្រី ជា​អ្នកធ្វើការ​នៅ​អង្គការ​ផ្នែក​ដីធ្លី ហើយ​បាន​ទំនាក់ទំនង​ស្គាល់​ដោយសារ​តែ​ករណី​ដីធ្លី​របស់​អ្នកស្រី កែវ ម៉ាឡៃ នេះ ហើយ​អ្នកស្រី កែវ ម៉ាឡៃ ជា​ស្រី​មេម៉ាយ ហើយ​នៅពេល​បណ្តេញ​ចេញពី​តំបន់​បឹងកក់ អ្នកស្រី​មិនបាន​ទទួល​សំណង​អ្វី​នោះ​ទេ​។ នៅ​ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់​លំបាក ឈាន​ទៅ​ដល់​បែកបាក់​គ្រួសារ អត់លុយ​ជួល​ផ្ទះ ទើប​ឈាន​ដល់​ការ​ធ្វើ​បែបនេះ (​លក់​កូនស្រី​ឲ្យ​រកស៊ី​ផ្លូវភេទ​)៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu