Ad Code

សាលា​ធម្មសភា​ថ្មី​មានតម្លៃ​១​លាន​ដុល្លារ នឹង​សាងសង់​នៅក្នុង​បរិវេណ​វត្ត ទួល​ទំពូង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ



ភ្នំពេញ​ ៖​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​ព្រះសង្ឃ ដែល​បាន​និមន្ត​មក​គង់​ស្នាក់នៅ​រៀន​សូត្រ ​និង ​កំណើន​ប្រជា​ពុទ្ធបរិស័ទ​មក​ធ្វើបុណ្យ​ទាន​នានា​នៅក្នុង​វត្ត​ទួល​ទំពូង​កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ទើប​ព្រះសង្ឃ​និង​គណៈកម្មការ អាចារ្យវត្ត បានសម្រេច​សាង​សង់សាលា​ធម្មសភា​ថ្មី​មានតម្លៃ​១​លាន​ដុល្លារ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​គង់នៅ​របស់​ព្រះសង្ឃ​និង​ការ​មក​ធ្វើបុណ្យ​របស់​ពុទ្ធបរិស័ទ​។

ព្រះ​វិន័យ វង្សា ស៊ា ប៊ុន​ណាត ព្រះចៅអធិការ​វត្ត ម​ណិ​រតនា​រាម ហៅ​វត្ត ទួល​ទំពូង បាន​មាន​ព្រះ​ថេរ​ដឹ​ការ​នៅក្នុង​ពិធី​បុក​គ្រឹះ បញ្ចុះ​បឋមសិលា សាងសង់​អគារ សាលា​ធម្មសភា​ថ្មី កាលពី​ថ្ងៃទី​១០​ខែធ្នូ​ឲ្យ​ដឹង​ថា ​ការសម្រេច​ផ្តើម​កសាង​សាលា​សភា​ជាថ្មី​នេះ​ដោយសារ​សាលា​ធម្មសភា​ចាស់ មាន​សភាព តូចចង្អៀត ចាស់​ទ្រុឌទ្រោម ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ មាន​កង្វល់ ភ័យខ្លាច​បាក់​ធ្លាក់ បង្ក​គ្រោះថ្នាក់​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ដែល​មក​ធ្វើ​បុណ្យទាន​នានា​។

ព្រះអង្គ​បាន​បន្ត​ថា សាលា​ធម្មសភា​ថ្មី​នេះ នឹង​សាងសង់​តាម​រចនាបថ​ខ្មែរ នៅ​លើ​ទីតាំង​ចាស់ ដែល​មាន​ទំហំ​២៣​គុណ​៣៦​ម៉ែត្រ មាន​កម្ពស់​៣១​ម៉ែត្រ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក ខណៈ​ពេល​នេះ ប្រមូល​បាន​បច្ច័យ​សរុប​ប្រមាណ ១០​លាន​រៀល និង​៥​ម៉ឺន​ដុល្លារ ទុក​សម្រាប់​ការ​កសាង​។ ក្រៅពីនោះ​ការ​កសាង​ទាំងមូល សម្រេច​ប្រគល់​ជូន​ទៅ លោកជំទាវ ភាព ហៀក ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ជីបម៉ុង និង​ក្រុម​គ្រួសារ ជា​អ្នកចាត់ចែង ក្នុង​ការកសាង​។

លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង បាន​ថ្លែង​ឲ្យ​ដឹង​ថា ផ្តើម​ចេញ​ពី​សទ្ធា នឹង​ដឹងគុណ ពី​ក្រុមគ្រួសារ​លោក ចំពោះ​អារាម​មួយ​នេះ ជាពិសេស អនុវត្ត​តាម​គោលការណ៍​របស់​ក្រុមហ៊ុន ដែល​តែងតែ​ចូលរួម​បរិច្ចាក ក្នុង​កិច្ចការ​សង្គម គ្រប់​រូបភាព​ផ្សេងៗ​ផង​នោះ ក៏បាន​ធានា​ទទួល​រាប់​រង​ទាំងស្រុង លើ​ការ​កសាង​សាលា​ធម្មសភា​ថ្មី ដែលមាន​ទំហំ ៨២៨​ម៉ែត្រក្រឡា លើ​ផ្ទៃដី​១២៧៦​ម៉ែត្រក្រឡា ក្នុង​ទំហំ​ទឹកប្រាក់​១​លាន​ដុល្លារ​អាមេរិក ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ជីបម៉ុង​ផ្ទាល់ តាម​ការ​រចនា​របស់​អ្នកជំនាញ​។

លោក​ឧកញ៉ា ក៏បាន​អំពាវនាវ ឲ្យ​មាន​ការចូលរួម​ពី​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដើម្បី​ទុកជា​ប្រយោជន៍​រួម ក្នុង​វិស័យ​ព្រះពុទ្ធសាសនា នឹង​ជា​បុណ្យ​កុសល តម្កល់​ទុក សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគតជាតិ​រៀងៗ​ខ្លួន​។

លោក ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ តំណាង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នាឱកាស​នោះ​ដែរ ​បាន​មានប្រសាសន៍ថា តាមរយៈ ព្រះពុទ្ធសាសនា​បាន​ស្តែង​ចេញពី​ការ​កសាង​យ៉ាង​រឹងមាំ នូវ​ស្ពាន​សាមគ្គីភាព មិត្តភាព ការបង្កើត​ធនធានមនុស្ស ការអប់រំ​ផ្លូវកាយ ផ្លូវចិត្ត ដែល​ជា​មាគ៌ា ដ៏​ប្រពៃ និង​ជា​បំណងប្រាថ្នា​របស់​សង្គម​កម្ពុជា​ទាំងមូល​។

លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា ព្រះពុទ្ធ​សា​នា ពិតជា​បាន​ដើរ​តួនាទី​ស្នូល​យ៉ាង​សំខាន់ នៃ​វប្បធម៌​សន្តិភាព ដែល​ពលរដ្ឋ​ខ្មែរ ផ្តល់​តម្លៃ​យ៉ាង​ពិសិដ្ឋ និង​ពង្រឹង​ឲ្យ​ក្លាយ​ទៅជា​សីលធម៌​សង្គម តាម​បែប​ផែន នៃ​ការរស់នៅ​ប្រកបដោយ ការ​រីកចម្រើន ជឿនលឿន និង​សុខដុម​នីយកម្ម ក្នុង​សង្គមជាតិ​ទាំងមូល ដោយ​គ្មាន​ការរើសអើង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu