Ad Code

ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​និង​លោក Trump ពិភាក្សា​កម្មវិធី​រួមគ្នា​ស្តីពី​ការធ្វើ​ចំណាកស្រុក



ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ពុធ​និង​បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​នៃ​ការធ្វើ​ចំណាកស្រុក​។​

លោក Lopez Obrador បាន​និយាយថា មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី​លទ្ធភាព​នៃ​ការបង្កើត​កម្មវិធី​រួមមួយ​សម្រាប់​ការអភិវឌ្ឍ​និង​ការបង្កើត​ការងារ​នៅ​តំបន់​អាមេរិក​កណ្តាល​និង​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

ទោះបីជា​យ៉ាងណាក៏ដោយ សេត​វិមាន​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​យោបល់​ទេ​។​
​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កបាន​អំពាវនាវ​អោយ​សហរដ្ឋអាមេរិក​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង “Marshall Plan” ដើម្បី​បណ្តាក់ទុន​ប្រហែល​២០​ពាន់​លាន​ដុល្លារ​នៅក្នុង​ការវិនិយោគ​សាធារណៈ​និង​ឯកជន​នៅ​តំបន់​អាមេរិក​កណ្តាល​ដើម្បី​បង្កើត​ការងារ​ដូច្នេះ​ប្រជាជន​នៅ​ទីនោះ​នឹងមិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទៀត​ទេ​។​

ជន​ចំណាកស្រុក​រាប់ពាន់នាក់​កំពុង​រស់នៅក្នុង​ជម្រក​ដែលមាន​មនុស្ស​កកកុញ​និង​ជំរំ​ក្នុង​ទីក្រុង Tijuana បន្ទាប់ពី​ធ្វើដំណើរ​មកពី​តំបន់​អាមេរិក​កណ្តាល​ដើម្បី​គេចចេញ​ពី​ភាពក្រីក្រ​និង​អំពើ​ហឹ​ង្សា​។ ពួកគេ​ប្រហែលជា​ត្រូវ​រង់ចាំ​រយៈពេល​ច្រើន​សប្តាហ៍​ឬ​ច្រើន​ខែ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅតាម​ព្រំដែន​សហរដ្ឋអាមេរិក​។​

ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​គឺជា​ប្រធានបទ​សំខាន់​នៃ​យុទ្ធនាការ​ប្រធានាធិបតី​របស់លោក Trump ហើយ​គាត់​បានលើកឡើង​អំពី​បញ្ហា​នេះ​ម្តង​ហើយ​ម្តងទៀត​មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​កាលពី​ថ្ងៃទី​៦​ខែវិច្ឆិកា​និង​បានដាក់​ពង្រាយ​កងទ័ព​អាមេរិក​ចំនួន​៥,៨០០​នាក់​ទៅកាន់​ព្រំដែន​។​

លោក Trump បាន​រំលឹក​ឡើងវិញ​អំពី​ការសន្យា​អំឡុង​យុទ្ធនាការ​របស់គាត់​ក្នុង​ការកសាង​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​សូម្បីតែ​បន្ទាប់ពី​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ច្រានចោល​នូវ​តម្រូវការ​ម្តង​ហើយ​ម្តងទៀត​របស់គាត់​ដែលថា ម៉ិ​ក​ស៊ិ​ក​ត្រូវ​ចំណាយ​សម្រាប់​គម្រោង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នេះ​ក៏ដោយ​។​

ថវិកា​សម្រាប់​ជញ្ជាំង​ព្រំដែន​នេះ​គឺជា​ចំណុច​ជាប់គាំង​មួយ​ក្នុង​កញ្ចប់​ថវិកា​នៅ​ចំពោះមុខ​សភា​អាមេរិក​ហើយ​លោក Trump បាន​ប៉ះទង្គិច​ជាមួយ​អ្នកប្រជាធិបតេយ្យ​ឈានមុខ​លើ​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គារ​៕ REUTERS



[caption id="attachment_1003936" align="alignnone" width="700"] ​[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu