ភ្នំពេញ ៖ តារាចម្រៀងប្រុសរបស់ផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ថ្មីៗនេះ បានបញ្ចេញប្រតិកម្ម ស្របពេលដែលប្រទះឃើញឈ្មោះ និងរូបថតរបស់លោក ត្រូវបានជនខិលខូចលួចយកទៅបង្កើតAccount Facebook ក្លែងក្លាយ ក្នុងគោលបំណងដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនបង្កការភ័ន្តច្រឡំពីសំណាក់មហាជន។
ចំពោះការផ្ទុះប្រតិកម្មរបស់តារាចម្រៀងកូនកាត់ចិនដែលនៅតែរក្សាបានប្រជាប្រិយភាព និងការគាំទ្រ លោក ណុប បាយ៉ារិទ្ធ ខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយពេលដែលសាមីខ្លួនទើបប្រទះឃើញAccount Facebook ក្លែងក្លាយដែលមានឈ្មោះ និងរូបភាពលោក ត្រូវបានជនអនាមិកយកទៅធ្វើសកម្មភាពបង្ហោះចរាចរណ៍លក់ដីឡូត៍ដោយគ្មានក្រែងចិត្តបន្តិចណាឡើយ។
ដើម្បីបញ្ជាក់ការពិត និងកុំឲ្យមានការភ័ន្តច្រឡំដល់ទស្សនិកជនអ្នកគាំទ្ររបស់ខ្លួន លោក ណុប បាយ៉ារិទ្ធ បានចេញមុខប្រកាសផ្សព្វផ្សាយជាដំណឹងថា សូមបញ្ជាក់ថាអាខោននេះ មិនមែនជាអាខោន ពិតរបស់ខ្ញុំទេ ហើយខ្ញុំក៏បានប្រាប់ទៅម្ចាស់អាខោនក្លែងក្លាយហ្នឹងដែរ ថាមេត្តាឈប់យកឈ្មោះខ្ញុំទៅពាក់ព័ន្ធនឹងការរកស៊ីរបស់គាត់ទៀត តែគាត់នៅតែមិនស្តាប់។
ក្រៅពីការបញ្ជាក់ខាងលើ តារាចម្រៀងប្រុសរូបសង្ហា លោក ណុប បាយ៉ារិទ្ធ បាននិយាយឲ្យដឹងទៀតថា ដូច្នេះសូមបងប្អូនកុំមានការយល់ច្រលំ ខ្ញុំអត់មានទំនាក់ទំនងអ្វីនឹងអាខោនមួយនេះ ឬម្ចាស់មុខរបរនេះទេ មុនសម្រេចចិត្តធ្វើអ្វីមួយ សូមធ្វើការពិចារណាផង។
ជាមួយគ្នា នៃការប្រកាសនេះដែរ លោក ណុប បាយ៉ារិទ្ធ ក៏បានបញ្ជាក់បន្ថែមថា បុគ្គលអនាមិករូបនេះ មិនត្រឹមតែយកឈ្មោះ និងរូបថតលោកទៅប្រើនោះទេ ថែមទាំងយកឈ្មោះ និងរូបថតរបស់តារាស្រីរួមអាជីព កញ្ញា ឱក សុគន្ធកញ្ញា ទៅបង្កើតAccount Facebook ក្លែងក្លាយដើម្បីបន្លំភ្នែករបស់មហាជនតាមរយៈការលក់ដីឡូត៍ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments