អតីតមេធាវីរបស់លោក Donald Trump បានសុំអភ័យទោសកាលពីថ្ងៃពុធសម្រាប់ការលាក់បាំង “អំពើកខ្វក់” របស់អតីតចៅហ្វាយរបស់គាត់នៅពេលដែលគាត់ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល៣ឆ្នាំសម្រាប់បទលើ្មសព្រហ្មទណ្ឌជាច្រើនរួមទាំងការទូទាត់ប្រាក់បំបិទមាត់ដែលទាក់ទងទៅនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។
លោក Cohen អាយុ៥២ឆ្នាំដែលជាមេធាវីយូរអង្វែងរបស់លោក Trump បានប្រាប់តុលាការថា លោកបានទទួលយកការទទួលខុសត្រូវចំពោះបទលើ្មសព្រហ្មទណ្ឌផ្ទាល់ខ្លួនរបស់គាត់និងអ្នកដែលពាក់ព័ន្ធនឹងប្រធានាធិបតីសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់លោក Cohen បានអះអាងថា មិនមានការជាប់ពន្ធនាគារទេបន្ទាប់ពីគាត់បានសារភាពចំពោះការចោទប្រកាន់ដែលធ្វើឡើងដោយរដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុងញូវយ៉កអំពីការគេចពន្ធ ការផ្តល់សេចក្តីថ្លែងការណ៍មិនពិតទៅធនាគារមួយនិងការរួមចំណែកយុទ្ធនាការខុសច្បាប់។
លោក Cohen ក៏សារភាពទោសកំហុសផងដែរចំពោះការធ្វើសេចក្តីថ្លែងការណ៍ក្លែងក្លាយទៅកាន់សភាដែលនេះជាការចោទប្រកាន់មួយចេញពីការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស Robert Mueller ចូលទៅក្នុងថាតើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក Trump ឆ្នាំ២០១៦បានឃុបឃិតជាមួយរុស្ស៊ីដើម្បីអោយគាត់បានជាប់ឆ្នោតដែរឬក៏អត់។
ប៉ុន្តែលោកចៅក្រម William H. Pauley ទីបីបាននិយាយថា ក្នុងនាមជាមេធាវីម្នាក់ លោក Cohen គួរតែយល់ដឹងប្រសើរជាងនេះហើយបានកាត់ទោសគាត់អោយជាប់ពន្ធនាគាររយៈពេល៣ឆ្នាំដោយបញ្ជាគាត់អោយប្រគល់ខ្លួនដើម្បីជាប់ពន្ធនាគារត្រឹមថ្ងៃទី៦ខែមីនា។
គាត់ក៏ត្រូវបានបង្គាប់អោយបង់ប្រាក់ពិន័យនិងប្រាក់សំណងចំនួន២លានដុល្លារផងដែរ។
គួរបញ្ជាក់ថា ក្នុងចំណោមការចោទប្រកាន់ប្រឆាំងនឹងលោក Cohen គឺរួមមានការទូទាត់ជាសម្ងាត់ដើម្បីបំបិទមាត់ស្ត្រីពីរនាក់ដែលគំរាមទម្លាយរឿងជាសាធារណៈក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតដោយអះអាងថា ពួកគេមានទំនាក់ទំនងជាមួយលោក Trump៕ AFP
Source: Kampuchea Thmey Daily
0 Comments