ខណៈនៅសល់ប៉ុន្មានម៉ោងមុនពេលបញ្ចប់ការចរចា អ្នកសម្រុះសម្រួលអង្គការសហប្រជាជាតិកាលពីថ្ងៃពុធបានប្រញាប់ប្រញាល់សម្របសម្រួលបទឈប់បាញ់មួយរវាងតំណាងរដ្ឋាភិបាលនិងពួកឧទ្ទាមក្នុងប្រទេសយេមែនដែលជាប្រទេសមួយរងគ្រោះដោយគ្រោះទុរ្ភិក្ស។
ការចរចារបស់អង្គការសហប្រជាជាតិបានបើកកាលពីសប្តាហ៍មុនក្នុងប្រទេសស៊ុយអែតដែលវាជាកិច្ចប្រជុំលើកដំបូងក្នុងរយៈពេលពីរឆ្នាំរវាងក្រុមឧទ្ទាម Huthi របស់យេមែននិងរដ្ឋាភិបាលរបស់លោក Abedrabbo Mansour Hadi ។
Taiz ដែលជាទីក្រុងភាគនិរតីគ្រប់គ្រងដោយរដ្ឋាភិបាលនិងត្រូវបានព័ទ្ធជុំវិញដោយពួកឧទ្ទាមគឺលែងស្ថិតក្រោមការពិភាក្សានៅឯការចរចានោះទៀតហើយ។
ទីក្រុងនេះគឺជាកន្លែងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងសង្គ្រាមដែលបានរុញច្រានមនុស្សចំនួន១៤លាននាក់អោយធ្លាក់ចូលទៅក្នុងគ្រោះទុរ្ភិក្ស។
ទោះបីជាយ៉ាងណាក៏ដោយ ការចរចាដ៏តានតឹងកំពុងបន្តស្តីពីអាកាសយានដ្ឋានក្រុង Sanaa ដែលបានបិទអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងជម្លោះរវាងរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងក្រុមឧទ្ទាមនៅភាគខាងជើងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។
ក្រុមចរចាក៏កំពុងស្វែងរកការបន្ធូរបន្ថយអំពើហិង្សាផងដែរនៅទីក្រុង Hodeida កាន់កាប់ដោយក្រុមឧទ្ទាមដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយក្នុងការផ្គត់ផ្គង់ជំនួយមនុស្សធម៌និងកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីសេដ្ឋកិច្ចដែលកំពុងរង្គោះរង្គើរបស់ប្រទេសនេះ។
យោងតាមមន្ត្រីអង្គការសហប្រជាជាតិនិងយេមែនបាននិយាយថា កិច្ចពិភាក្សាមួយទៀតត្រូវបានកំណត់ពេលនៅខែមករា។
មេដឹកនាំក្រុមបដិវត្តន៍ Huthi លោក Mohammed Ali Huthi បាននិយាយកាលពីថ្ងៃពុធថា ក្រុមបះបោរនេះបានស្នើអោយយករដ្ឋធានី Sanaa ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមយេមែនធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាជុំបន្ទាប់។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានមកដល់កិច្ចពិភាក្សានៅភូមិ Rimbo នៃប្រទេសស៊ុយអែតសម្រាប់ពិធីបិទកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍៕ AFP
Source: Kampuchea Thmey Daily
0 Comments