ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារបានបង្ហាញផែនការរយៈពេល៥ឆ្នាំប្រកបដោយមហិច្ឆតាមួយដើម្បីបង្ក្រាបអំពើពុករលួយនៅក្នុងរដ្ឋាភិបាល។ ផែនការនេះបានធ្វើឡើងប៉ុន្មានខែបន្ទាន់ពីរឿងអាស្រូវអំពើពុករលួយទឹកប្រាក់រាប់ពាន់លានដុល្លារបានទម្លាក់រដ្ឋបាលមុន។
ផែនការដែលត្រូវបានបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី Mahathir Mohamad មួយនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែធំចំពោះដំណើរការតែងតាំងសម្រាប់មុខតំណែងសំខាន់ៗហើយទាមទារឲ្យសមាជិកសភានិងរដ្ឋមន្ត្រីប្រកាសទ្រព្យសម្បត្តិរបស់ពួកគេនិងដាក់ចេញនូវច្បាប់ថ្មីដើម្បីគ្រប់គ្រងហិរញ្ញវត្ថុនិងការបញ្ចុះបញ្ចូលផ្នែកនយោបាយ។
អ្នកបោះឆ្នោតបានទម្លាក់លោក Najib Razak កាលពីខែឧសភាឆ្នាំមុនចំពេលមានការខឹងសម្បាជាទូទៅចំពោះការចោទប្រកាន់ថា ទឹកប្រាក់ប្រហែល៤.៥ពាន់លានដុល្លារអាមេរិកត្រូវបានលួចពីមូលនិធិ1Malaysia Development Berhad (1MDB) ដែលជាមូលនិធិរដ្ឋបង្កើតឡើងដោយលោក Najib ។
ចាប់តាំងពីពេលនោះមក អតីតនាយករដ្ឋមន្ត្រីរូបនេះព្រមទាំងភរិយារបស់គាត់និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃអតីតរដ្ឋបាលរបស់គាត់បានទទួលរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មជាច្រើនទាក់ទងទៅនឹងការបាត់ប្រាក់នៅ 1MDB និងអង្គភាពរដ្ឋាភិបាលដទៃទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេទាំងអស់បានអះអាងថាមិនមានទោសទេ។
លោក Mahathir បានថ្លែងថា ប្រទេសម៉ាឡេស៊ីត្រូវការយុទ្ធសាស្ត្រនិងច្បាប់គ្រប់ប្រភេទដើម្បីទប់ស្កាត់អំពើពុករលួយ។
លោក Mahathir បាននិយាយនៅក្នុងសុន្ទរកថាមួយដើម្បីចាប់ផ្តើមយុទ្ធសាស្ត្រថ្មីក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយថា “ផែនការនេះគឺជាសេចក្តីថ្លែងការណ៍ដ៏រឹងមាំមួយពីរដ្ឋាភិបាលបច្ចុប្បន្នថា យើងនឹងបង្ក្រាបនិងកាត់ទោសជនល្មើសនាពេលមុនខណៈដែលជនល្មើសនាពេលបច្ចុប្បន្ននិងអនាគតនឹងប្រឈមមុខនឹងសកម្មភាពកាន់តែខ្លាំងក្លា”។
លោកបាននិយាយថា វិធានការរបស់ផែនការនេះនឹងផ្តោតលើដំណើរការលទ្ធកម្មរបស់រដ្ឋាភិបាល ការពង្រឹងច្បាប់ ប្រព័ន្ធតុលាការ នយោបាយនិងធុរកិច្ច។
ច្បាប់ថ្មីស្តីពីការផ្តល់មូលនិធិនយោបាយអាចជះឥទ្ធិពលដល់គណបក្សប្រឆាំងជាពិសេសគណបក្ស United Malays National Organisation ដែលធ្លាប់ដឹកនាំដោយលោក Mahathir ហើយបន្តមកទៀតដឹកនាំដោយលោក Najib សម្រាប់រយៈពេលជិតមួយទសវត្សរ៍មុនការដួលរលំរបស់គាត់កាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់លេខ៦២ក្នុងចំណោមប្រទេសចំនួន១៨០នៅក្នុងសន្ទស្សន៍អំពើពុករលួយដែលបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិកាលពីឆ្នាំមុន៕ REUTERS
Source: Kampuchea Thmey Daily
0 Comments