សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានប្រកាសកាលពីពេលថ្មីៗ ដើម្បីស្វែងរកទូរទស្សន៍ដៃគូក្នុងស្រុកដេញថ្លៃសិទ្ធិផ្សាយផ្ទាល់នៃការប្រកួតពានរង្វាន់អន្តរជាតិ២ កម្រិតតំបន់អាស៊ាននិងតំបន់ទ្វីបអាស៊ី ដែលប្រកួតនៅលើទឹកដីប្រទេសកម្ពុជានៅដើមឆ្នាំ២០១៩នេះ ខណៈទឹកប្រាក់កម្រិតយ៉ាងតិចចាប់ពី៣ម៉ឺនដុល្លារឡើងទៅ។
តម្លៃកំណត់តម្លៃអប្បបរមាចាប់ពី ៣ម៉ឺនដុល្លារអាមេរិកឡើងទៅនេះគឺគិតសម្រាប់កម្មវិធីពានរង្វាន់ទាំងគឺពានរង្វាន់ទាំងពីរគឺពានអាស៊ាន AFF U-22 Championship 2019 ដែលប្រកួតពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ និងពានរង្វាន់កម្រិតអាស៊ី AFC U-23 Championship 2019 ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
សម្រាប់គម្រោងប្រកួតពានរង្វាន់ AFF U-22 Championship 2019 បានបែងចែកពូលរួចរាល់ហើយដោយក្នុងនោះពូលA មានដល់ទៅ៦ក្រុម រួមមានក្រុមជម្រើសជាតិថៃ វៀតណាម ទីម័រខាងកើត ឡាវ ប្រ៊ុយណេ និងហ្វីលីពីន ខណៈពូល B មានកម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងសិង្ហបុរី។ តាមគម្រោងនៅក្នុងប្រកួតបើកឆាកក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបសិង្ហបុរី នៅថ្ងៃទី១៨ ខែកុម្ភៈ ហើយបន្តប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី២០ ខែកុម្ភៈ ព្រមទាំងប៉ះក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី២២ ខែកុម្ភៈ និងចុងក្រោយបិទពូលត្រូវប៉ះ ក្រុមឥណ្ឌូនេស៊ី នៅថ្ងៃទី២៦ ខែកុម្ភៈ។
ចំណែកពានរង្វាន់ AFC U23 Championship 2019 វិញកម្ពុជា ស្ថិតនៅក្នុងពូល H ជាមួយក្រុម U-23 អូស្ត្រាលី, កូរ៉េខាងត្បូង និង ឆាយនីសតៃប៉ិ (តៃវ៉ាន់)។ គួររំលឹកថា កាលពីឆ្នាំ ២០១៧ កន្លងទៅ កម្ពុជា ធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-23 នេះម្តងហើយ ដោយកាលនោះជួបជាមួយ ចិន, ជប៉ុន និង ហ្វីលីពីន តែមិនមានឱកាសឆ្លងផុតវគ្គនេះឡើយ៕
Source: Kampuchea Thmey Daily
0 Comments