Ad Code

ក្លិប PKNS​របស់​ម៉ាឡេស៊ី បង្ហាញមុខ​កីឡាករ​បរទេស​ថ្មី​២​រូប​ក្នុង​នោះ ចាន់ វឌ្ឍនាកា របស់​កម្ពុជា​ផងដែរ



កីឡាករ ចាន់ វឌ្ឍនាកា អតីត​សមាជិក​ក្លិប​បឹងកេត និង​ជា​សមាជិក​ក្នុង​ក្រុម ជម្រើសជាតិ​កម្ពុជា បាន​ក្លាយជា​សមាជិក​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ឆ្នាំ​២០១៨ ក្នុង​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី (2018 Malaysia Super League) សម្រាប់​ត្រៀម​ប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​។

​នៅ​រសៀល​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ក្លិប PKNS បានបង្ហាញ​សមាជិក​ថ្មី​របស់​ខ្លួន​ចំនួន​២​នាក់​ដែល​សុទ្ធសឹង​ជា​កីឡាករ​បរទេស​ដោយ​ក្នុង​នោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា បំពេញ​ក្នុង​កូតារ​កីឡាករ​អាស៊ាន និង​កីឡាករ​ជនជាតិ​អា​ហ្ស​ង់​ទីន​Gabriel Miguel Guerra ដែល​ខ្ចី​ជើង​ពី​ក្លិប​Boca Juniors B របស់​អា​ហ្ស​ង់​ទីន ខណៈ​កីឡាករ​រូបនេះ​ធ្លាប់​ចូលរួម​ជាមួយ​ក្រុម PKNS ម្តង​រួចមកហើយ​កាលពី​រដូវ​កាល​២០១៥-២០១៦​កន្លងទៅ​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​កីឡាករ ចាន់ វឌ្ឍនាកា បាន​តាំងចិត្ត​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​និង​ប្រឹងប្រែង​ជួយ​ក្រុម​ថ្មី PKNS ក្នុង​រដូវ​កាល​ថ្មី​ខាងមុខ​ឲ្យ​អស់ពី​សមត្ថភាព​។ កីឡាករ​របស់​កម្ពុជា​រូបនេះ​បន្ត​ថា រូបគេ​ចូលរួម​ជាមួយ​ក្លឹប​នេះ ​ដោយសារ​ក្លិប​នេះ​មាន​លក្ខន្តិកៈ​ល្អ​ប្រសើរ ជា​ក្លឹប​ល្អ​ខ្លាំង​មួយ​នៅ​លី​គ​ម៉ាឡេស៊ី ដូច្នេះ​រូបគេ​ពេញចិត្ត​មក​ទីនេះ និង​ស្វែងរក​បទ​ពិសោធ​បន្ថែមទៀត​។ រូបគេ​ជា​កីឡាករ​កម្ពុ​ជាទី​២​ ដែល​ប្រកប​អាជីព​នៅ​ប្រទេស​ម៉ាឡេស៊ី រដូវ​កាល​នេះ​បន្ទាប់ពី​កីឡាករ ធា​រី ចន្ថា​ប៊ី​ន​។



សូម​រំលឹក​ថា ​ថ្មីៗ​នេះ​យោង​តាម​ការចេញផ្សាយរ​បស់​សា​ព័ត៌មាន​ម៉ាឡេស៊ី បានបញ្ជាក់​ថា​លោក​Datuk K. Rajagobal ដែលជា​គ្រូបង្វឹក​របស់​ក្រុម PKNS បាន​សម្លឹង​មើល​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា និង​កីឡាករ​Gabriel Quak របស់​សឹង្ហ​បុរី ដើម្បី​ចូលរួម​ក្នុង​ក្រុម​បំពេញ​កូតារ​កីឡាករ​អាស៊ាន​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ឆាប់ៗ​នេះ​។ ប៉ុន្តែ​ទីបំផុត​កៅអី​១​នេះ​គឺ​បាន​មកលើ​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា​តែម្តង​។

សូម​បញ្ជាក់ថា​ កីឡាករ ចាន់ វឌ្ឍនាកា ជា​អតីត​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង (​ព្រះខ័ន​រាជ​) ដែល​ចាប់​អាជីព​ដំបូង​កាលពី​ឆ្នាំ​២០១១ នៅក្នុង​ឈុត​ធំ​ក្រុម​នេះ ស្រប​ពេល​នៅ​ឆ្នាំ​២០១២ រូបគេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​បឹងកេត រហូតដល់​ចុងឆ្នាំ​២០១៦ មុន​ចេញទៅ​ជប៉ុន ដោយ​ចូលរួម​ជាមួយ​ក្លិប Fujieda MYFC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៣ (J3-league)​។ នៅ​ដើមឆ្នាំ​២០១៨ ក្រោយ​ចប់​កិច្ចសន្យា​នៅ​ប្រទេស​ជប៉ុន ចាន់ វឌ្ឍនាកា បាន​បន្តដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ Pahang FA តែ​ពាក់​កណ្តាល​រដូវ​កាល​បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម​បឹង​កេត របស់​កម្ពុជា វិញ​ម្តង។

​រូបគេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ឯកជន​ជាច្រើន​ទៀត​ដូចជា​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​២០១២ ដែល​ផ្ដល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ឆ្នាំ​២០១៣ ឈ្នះ​ស្បែកជើង​មាស ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៤ ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ហើយ​ឆ្នាំ​២០១៥ រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​និង​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015​។ នៅ​ឆ្នាំ​២០១៦ រូបគេ​រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​បាន​ដដែល​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu