សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជនជាតិអូស្ត្រាលីដើមកំណើតវៀតណាមដ៏លេចធ្លោម្នាក់ត្រូវបានឃុំខ្លួនដោយសេវាសន្តិសុខនៅពេលវិលត្រលប់មកកាន់ទីក្រុងហូជីមិញវិញ។ នេះបើតាមការឲ្យដឹងនៅថ្ងៃសុក្រពីសហសេវិករបស់គាត់។
ការឃុំឃាំងលោក Chau Van Kham បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកសរសេរប្លុកនិងជាអ្នកនិពន្ធជនជាតិអូស្ត្រាលីម្នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន។
យោងតាមសហសេវិកឈ្មោះ Phong Nguyen បានឲ្យដឹងថា អ្នកជំនួញចូលនិវត្តន៍រូបនេះកំពុងបំពេញបេសកកម្ម “ស្វែងរកការពិត” នៅក្នុងប្រទេសនេះដោយចូលតាមរយៈប្រទេសកម្ពុជា។
បុរសទាំងពីរនាក់នេះគឺជាសមាជិកនៃក្រុម Viet Tan ដែលជាក្រុមមួយក្នុងចំណោមក្រុមប្រឆាំងរដ្ឋាភិបាលដែលទីក្រុងហាណូយចាត់ទុកថាជាអង្គការភេរវកម្ម។
អាជ្ញាធរវៀតណាមបានចោទប្រកាន់ក្រុម Viet Tan ថាបាន “ញុះញង់ឲ្យមានអំពើហិង្សា” ដែលជាការចោទប្រកាន់មួយត្រូវបានក្រុមនេះបដិសេធ។
សហសេវិកបាននិយាយថា ពួកគេមិនបានដឹងពីកន្លែងដែលលោក Chau ត្រូវបានគេឃុំខ្លួនឬក៏ថាតើរដ្ឋាភិបាលអូស្ត្រាលីត្រូវបានគេអនុញ្ញាតឲ្យផ្តល់ជំនួយកុងស៊ុលដែរឬអត់នោះទេ។
គេជឿថា គាត់ត្រូវបានគេឃុំខ្លួនកាលពីថ្ងៃទី១៣ខែមករាខណៈប្រពន្ធនិងក្រុមគ្រួសាររបស់គាត់នៅតែកំពុងស្ថិតក្នុងទីក្រុងស៊ីដនី។
លោក Phong Nguyen បាននិយាយថា “នៅពេលនេះ យើងមិនដឹងថាគាត់នៅទីណាទេ។ គាត់បានដឹងពីហានិភ័យប៉ុន្តែគាត់បានប្តេជ្ញាចិត្តបន្តដំណើរស្វែងរកការពិតនេះ”។ លោកបន្ថែមថា ដំណើរនេះត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេស។
ប្រទេសវៀតណាមគឺជារដ្ឋឯកបក្សដែលមានការគាបសង្កត់យ៉ាងខ្លាំងចំពោះការរិះគន់ណាមួយលើគណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Freedom House បានដាក់ចំណាត់ថ្នាក់ប្រទេសនេះថា “មិនមានសេរីភាព” ហើយអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះថា បាន “បង្កើនការបង្ក្រាប”៕ AFP
Source: Kampuchea Thmey Daily
0 Comments