ក្លិបបាល់ទាត់សូលទីឡូអង្គរ (Soltilo Angkor FC) ដែលសមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League នៅរដូវកាលឆ្នាំ២០១៩ ខាងមុខនេះ បានបង្ហាញថា ក្លិបសម្រេចបន្តកិច្ចសន្យា២ឆ្នាំទៀត ជាមួយខ្សែបម្រើជនជាតិជប៉ុន ដែលធ្លាប់ប្រកបអាជីពនៅក្លិបណាហ្គាវើល និងយុវជនក្រោមអាយុ១៩ឆ្នាំរបស់ក្រុមជម្រើសជាតិជប៉ុន។
កីឡាករថ្មីរូបនេះ ក្លិបបានបញ្ជាក់ថា មានឈ្មោះ KENTO FUJIHARA កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩២ នៅទីក្រុងKanagawa Prefecture ប្រទេសជប៉ុន ដោយលេងក្នុងតួនាទី ជាខ្សែការពារ។ មុនចុះកិច្ចសន្យារយៈពេល២រដូវកាលជាមួយក្លិបនៅខេត្តសៀមរាប មួយនេះ កីឡាករ Fujihara ធ្លាប់ជាអតីតកីឡាករនៅក្លិបណាហ្គាវើល កាលពីរដូវកាល២០១៧ ខណៈនៅរដូវកាលឆ្នាំ២០១៦ គេលេងនៅក្លិបAlbirex Nigata Singapore។ កីឡាកររូបនេះធ្លាប់ជាសមាជិកក្នុងក្រុមជម្រើសជាតិជប៉ុន ក្រោមអាយុ១៩ឆ្នាំផងដែរ។
យោងតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបញ្ជាក់ថា ក្លិបជាសមាជិករបស់លីគខ្លួនមានសិទ្ធិចុះបញ្ជីកីឡាករបរទេសចំនួន៥នាក់ ប៉ុន្តែដាច់ខាត ក្នុងនោះត្រូវតែមានកីឡាករជាជនជាតិសមាជិកទ្វីបអាស៊ី១រូប។ ដូច្នេះក្រុមសូលទីឡូអង្គរ មានកីឡាករបរទេសគ្រប់ចំនួនហើយ ដោយក្នុងនោះមានកីឡាករ Kento Fujihara,Unno Tomoyuki,Motoyama Kota,Fumiya Kogure,Yuta Kikuchi ដែលសុទ្ធជាជនជាតិជប៉ុន។
សូមបញ្ជាក់ថា ក្រុមសូលទីឡូអង្គរ កាលពីស្ថិតនៅក្រោមការដឹកនាំរបស់ លោក Yuki Matsudaដែលជាគ្រូបង្វឹកចាស់ បានឈរនៅចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមសមាជិកទាំង១២ក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨ក្រោយរកបានជ័យជម្នះចំនួន៥លើកហើយ ធ្លាប់ស្មើ៥លើក និងចាញ់១២ លើកមាន២០ពិន្ទុ ដែលអាចបន្តក្នុងលីគកំពូលរដូវកាលបន្ទាប់ទៀត។ ចំណែកក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វិញ ក្រុមសូលទីឡូអង្គរ បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់គូប្រជែងក្នុងខេត្តតែមួយ គឺអង្គរថាយហ្គឺរ ដោយលទ្ធផលទាំង២ជើង៣ទល់២៕
Source: Kampuchea Thmey Daily
0 Comments