ស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលធ្វើដំណើរតាមដងផ្លូវក្នុងទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈដែលអគ្គិភ័យបានឆាបឆេះបន្ទប់ឡៅតឿផ្ទះថ្មមួយខ្នង ទំហំ៤ម៉ែត្រ កម្ពស់២ជាន់ តែសំណាងល្អ ភ្លើងពុំបានឆេះរាលដាលដល់ផ្ទះអ្នកដទៃ ក៏ដូចជាបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះទាំងព្រឹកនោះ ធ្វើអំពីថ្ម កម្ពស់២ជាន់ ដែលមានម្ចាស់ឈ្មោះ ឆោម ក្រឹត ភេទប្រុស អាយុជាង៥០ឆ្នាំ មានមុខរបរជា មន្ត្រីបម្រើការងារនៅសាលាស្រុកកំពង់រោទិ៍។
ប្រភពខាងលើបានឲ្យដឹងទៀតថា ផ្ទះកើតហេតុមានដាក់លក់ទំនិញគ្រឿងកំប៉ុង គ្រឿងទេស កាហ្វេ និងហ្វូតូកូពី។
នៅមុនពេលកើតហេតុ ភ្ញៀវដែលបានមកហូបកាហ្វេទទួលអារម្មណ៍ថា មានក្លិនឆ្ងៀមចម្លែក ហើយក៏នាំគ្នាដើររកប្រភព នៃក្លិនរហូតបានពើបប្រទះនៅក្នុងបន្ទប់ឡៅតឿមានភ្លើងកំពុងឆាបឆេះ ព្រមទាំងមានផ្សែងខ្មួលខ្មាញ់ ក៏នាំគ្នាទូរស័ព្ទ ហៅរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ដើម្បីចេញអន្តរាគមន៍ពន្លត់ភ្លើងដែលកំពុងឆេះផ្អើលអស់អ្នកទីរួមស្រុកកំពង់រោទិ៍ទាំងព្រឹកតែម្ដង។
សមត្ថកិច្ចដដែលបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមរថយន្តពន្លត់អគ្គិភ័យក៏បានធ្វើការទំនាក់ទំនងគ្នារហូតមានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បានមកជួយពន្លត់គ្នារហូតដល់ម៉ោង១០ព្រឹកថ្ងៃដដែល អគ្គិភ័យក៏បានរលត់ទាំងស្រុង ប៉ុន្តែនៅពុំទាន់ដឹងថា បង្កឲ្យមានការខូចខាតអស់ទ្រព្យសម្បត្តិប៉ុន្មាននៅឡើយទេ។
ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះ សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនីឌុយខ្សែសាកថ្មបញ្ចូលទូរស័ព្ទសាកទុកចោល ទើបបណ្តាលឲ្យឆេះបន្ទប់ឡៅតឿតែម្តង។ នេះសំណាងណាស់ ប្រសិនបើពុំមានអ្នកមកហូបកាហ្វេទេ ច្បាស់ជាទំហំ នៃការខូចខាតប្រាកដជាខ្លាំងជាងនេះជាក់ជាពុំខានឡើយ៕
Source: Kampuchea Thmey Daily
0 Comments