Ad Code

ចូលរួម​រំលែក​ទុក្ខ! ខេមរៈ ស្រី​ពៅ ប្អូនស្រី ខេមរៈ សិរីមន្ត ទទួលមរណភាព​ នៅ​ប្រទេស​ឥណ្ឌា



ភ្នំពេញ ​៖​ កំពុង​មាន​ការ​ភ្ញាក់ផ្អើល​ និង​ចែករំលែក​យ៉ាង​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈ​មានការ​ទម្លាយ​ព័ត៌មាន​ដ៏​រសើប​មក​ថា ​តារា​ចម្រៀង​ស្រី​ កញ្ញា ខេមរៈ ស្រី​ពៅ ប្អូនស្រី​បង្កើត ​លោក ខេមរៈ សិរីមន្ត និង​លោក ខេមរៈ ភា​រុន បាន​ទទួល​មរណភាព​ហើយ ​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩​។ ​នេះ​បើ​យោងតាម​ប្រភពពី​តារាចម្រៀង​ អ្នកនាង ខាត់ សុ​ឃីម ។​

តារា​ចម្រៀង​អ្នកនាង ខាត់ សុ​ឃីម បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ភ្ជាប់​ជាមួយ​រូបភាព​ កញ្ញា ខេមរៈ ស្រី​ពៅ ដោយ​បញ្ជាក់​ថា​ ព័ត៌មាន​ដ៏​ក្រៀមក្រំ សូម​ចូលរួម​មរណទុក្ខ​ តារា​ចម្រៀង ខេ​មរៈ ស្រី​ពៅ​ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​លាចាក​លោក​នេះ​ហើយ នៅ​រសៀល​ថ្ងៃនេះ ​វេលា​ម៉ោង​១ ​នៅ​ប្រទេស​ឥណ្ឌា​ សូម​បងប្អូន​ទាំង​អស់គ្នា​ជួយ​ចែករំលែក​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ផង​។ ​សូមបញ្ជាក់ថា ​កញ្ញា​បាន​ឈឺ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ​😭​បង​សោកស្ដាយ​ផង​អូន។​

មិន​ខុសគ្នា​ពី​តារា​ស្រី ​អ្នកនាង ខាត់ សុ​ឃីម នោះ​ទេ ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្ងៃនេះ​ ក៏បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​របស់​កញ្ញា​ ខេមរៈ ស្រី​ពៅ ដែរ​ថា​ សូម​ចូលរួម​រំលែក​ទុក្ខ​ កញ្ញា​ ខេមរៈ ស្រី​ពៅ ប្អូនស្រី​លោក ​ខេមរៈ សេរី​មន្ត ទទួលមរណភាព​នៅថ្ងៃនេះ​(២៥​ខែមករា​)​។​ លោក​ខេមរៈ ភា​រុណ ដែលជា​បងប្រុស​បង្កើត​របស់​កំពូល​តារាចម្រៀង​ លោក ខេមរៈ សិរីមន្ត និង​កញ្ញា ខេមរៈ ស្រី​ពៅ​បាន​បញ្ជាក់​នៅលើ​គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់លោក​នៅ​ម៉ោងជាង​១​រសៀល​នេះថា ​កញ្ញា ខេមរៈ ស្រី​ពៅ ដែលជា​ប្អូនស្រី​ពៅ​របស់លោក​បានទទួល​មរណភាព​ហើយ​។​

ដោយឡែក​ស្របពេល​ជាមួយគ្នា​ នៃ​ដំណឹង​ដ៏​សោកសៅ​ និង​ក្រៀមក្រំ​នេះដែរ​ បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​ក្រុម​គ្រួសារ​របស់ ​កញ្ញា ខេមរៈ ស្រី​ពៅ ថ្លែងប្រាប់​សារព័ត៌មាន​ថា​ នេះ​ជា​ការ​ពិត។

ខេមរៈ ស្រី​ពៅ គឺមាន​ជំងឺ​សួត​ និង​ក្រលៀន​ធ្ងន់ធ្ងរ​យូរ​ណាស់​មកហើយ ​តែ​ក្រុមគ្រួសារ​ មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​ទេ​ ទើបតែ​រយៈពេល​ប្រមាណ​ជា​២​ខែ​ ទើប​អាការៈ​ជំងឺ​របស់​នាង​កាន់តែ​ធ្ងន់ធ្ងរ ​ខណៈនោះ ​ក្រុមគ្រួសារ​ក៏បាន​សម្រេច​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​ជីវិត​របស់​នាង​បាន​ឡើយ​។​

សព ​របស់​តារាចម្រៀង​ស្រី​មាន​ប្រជាប្រិយភាព​ កញ្ញា ខេមរៈ ស្រី​ពៅ ពេលនេះ​ កំពុងតែ​រៀបចំ​ដឹក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​ ប៉ុន្តែ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា ​នឹង​អាច​មកដល់​ស្រុក​ខ្មែរ​ពេលណា​នោះ។ ខណៈ​មាន​អ្នកគាំទ្រ​នាង​ជាច្រើន​បានបង្ហាញ​ក្តី​រន្ធត់ចិត្ត​ និង​បង្ហាញ​ការ​សោកសៅ​ស្រណោះ​ស្តាយ​នូវ​ការបាត់បង់​អ្នក​សិល្បៈ​ស្រី​រូបនេះ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu