Ad Code

ក្រសួងសុខាភិបាល​ ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយ​បក្សី​ ក្នុងឱកាស​ចូលឆ្នាំ​ចិន​ខាងមុខនេះ​



​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្តាសាយ​បក្សី​ទៅលើ​មនុស្ស​ក្នុងឱកាស​ចូលឆ្នាំ​ចិន​ខាងមុខនេះ ​ខណៈ​សត្វ​ប​សុ​បក្សី​ជាច្រើន ត្រូវ​បាន​ចរាចរ​ពី​ខេត្ត​ មកកាន់​រាជធានី ឬ​ទៅកាន់​តំបន់​ផ្សេងទៀត ដើម្បី​សម្លាប់​យក​សាច់​ធ្វើ​ម្ហូបអាហារ​សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា ​« ប្រសិនបើ​មិន​មាន​ការប្រុងប្រយ័ត្ន និង​ការធ្វើ​អនាម័យ​ឲ្យ​បានល្អ​ត្រឹមត្រូវ ករណី​ឆ្លង​វីរុស​ជំងឺ​ផ្ដាសាយ​បក្សី នឹង​អាច​កើតមានឡើង​ក្នុងឱកាស​ប្រជាពលរដ្ឋ​កម្ពុជា​ កំពុងតែ​សប្បាយរីករាយ​នា​រដូវ​កាល ​នៃ​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ ដោយសារតែ​វីរុស ​នៃ​ជំងឺ​នេះ​ នៅតែមាន​ចរាចរ​លើ​សត្វ​ប​សុ​បក្សី​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដោយ​គ្មាន​ព្រំដែន​»​។​

លិខិត​ក្រើនរំលឹក​របស់​លោក​រដ្ឋ​មន្ត្រី​ចេញផ្សាយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែ​មករា ​ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹងថា ជំងឺ​ផ្ដាសាយ​បក្សី​នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជាជន​នៅ​លើ​ពិភពលោក និង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ តាមរយៈ​ការ​បម្លាស់ទី​ នៃ​សត្វ​បសុ​បក្សី​។ ព្រោះថា វីរុស​ជំងឺ​ផ្ដាសាយ​បក្សី ជា​ធម្មតា​ចរាចរ​ក្នុងចំណោម​បសុ​បក្សី​ ដែល​មាន​ផ្ទុក​វីរុស​នេះ​ដូចជា H5N1, H5N6, H7N3, H7N7, H7N9, និង​H9N2 ហើយ​ដែល​អាច​ឆ្លង​ទៅ​មនុស្ស​បាន និង​បណ្តាល​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​បក្សី​។​

លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ជៀសវាង​ការចូលទៅ​កន្លែង​ចិញ្ចឹម​សត្វ ឬ​ប៉ះពាល់​ផ្ទាល់​ជា​មួយ​សត្វ​នៅតាម​កសិដ្ឋាន​ចិញ្ចឹម​សត្វ និង​ទីផ្សារ​បក្សី​រស់ ឬ​ចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ជា​មួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់ ឬ​ប្រឡាក់ ​ដោយ​លាមក​សត្វ​បសុ​បក្សី ឬ​សត្វ​ដទៃទៀត​។ ជាមួយគ្នានេះ ក៏ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនា​ម័យ​ផ្ទាល់ខ្លួន និង​អនាម័យ​ចំណីអាហារ​ដែលមាន​សុវត្ថិភាព​ល្អ​។ ចំណែក​ឯ​ការ​ចម្អិន​ម្ហូបអាហារ ក៏​ត្រូវ​ឲ្យ​បាន​ឆ្អិន​មុននឹង​ទទួលទាន ព្រមទាំង​ត្រូវ​ដុត​ ឬ​កប់​ចោល​ចំពោះ​បក្សី​ដែល​ឈឺ​ ឬ​ងាប់​។​

​ចំពោះ​រោគសញ្ញា​ដែល​សង្ស័យថា មនុស្ស​កើត​ជំងឺ​ផ្ដាសាយ​បក្សី​នេះ ​មាន​ដូចជា គ្រុនក្ដៅ​លើស​ពី​៣៨.៥​អង្សា​សេ ក្អក ឈឺ​ក ដកដង្ហើម​ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ​ ឬ​ងាប់ ក្នុង​អំឡុងពេល​៧​ថ្ងៃ មុន​ពេលចេញ​រោគសញ្ញា​។​
​សូម​រំឭក​ថា រយៈពេល​ពី​ឆ្នាំ​២០០៥ រហូតដល់​២០១៤ នៅ​កម្ពុជា​ ធ្លាប់​កើត​ជំងឺ​ផ្សា​សាយ​បក្សី ដែល​ឆ្លង​ពី​សត្វ​បក្សី​ទៅ​មនុស្ស​ចំនួន​៥៦​ករណី ក្នុងនោះ​មាន​៣៧​ករណី បាន​សម្លាប់​មនុស្ស​។​

យ៉ាងណាក៏ដោយ បន្ថែម​ពី​ការព្រមាន​ នៃ​ការ​កើត​ឡើង​ជំងឺ​ផ្សា​សាយ​បក្សី សម្រាប់​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន និង​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ក្រសួងសុខាភិបាល ក៏បាន​ក្រើនរំលឹក​ឲ្យ​ប្រជាពល​រដ្ឋ​ប្រុងប្រយ័ត្ន​ពី​ការ​ពុល​ចំណីអាហារ និង​ស្រា​ផងដែរ ដោយសារតែ​កន្លងមក​ ប្រជាពលរដ្ឋ​តែងតែ​កើតមាន​ករណីនេះ​រួចទៅហើយ ពិសេស​ពុល​ស្រា​ដែល​ផលិត​ ឬ​បិត​នៅតាម​មូលដ្ឋាន​សហគមន៍​មិនមាន​ក្បួនខ្នាត​បច្ចេកទេស​ត្រឹមត្រូវ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu