ភ្នំពេញ ៖ កម្ពុជា បានចាប់ផ្តើមជ្រើសរើសនិស្សិតផ្នែកគិលានុបដ្ឋាក ទៅធ្វើការលើជំនាញថែទាំមនុស្សចាស់នៅប្រទេសជប៉ុនជាលើកដំបូង ដើម្បីពង្រីកទីផ្សារពលកម្មនៅក្រៅស្រុក ដែលនឹងជួយបង្កើនប្រាក់ចំណូលដល់គ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់និស្សិត ឬអតីតនិស្សិត ដែលបានរៀនចប់ និងកំពុងស្វែងរកការងារផ្នែកគិលានុបដ្ឋាកប្រញាប់ទៅចុះឈ្មោះនៅក្រុមហ៊ុន ជេ អិល អេស ខេមបួឌា ដើម្បីមានឱកាសទៅធ្វើការងារផ្នែកជំនាញថែទាំមនុស្សចាស់ នៅប្រទេសជប៉ុន ទទួលបានប្រាក់កម្រៃខ្ពស់ រហូតដល់១.៥០០ដុល្លារ ក្នុង១ខែៗ។
ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ជេ អិល អេស ខេមបូឌា និងសិក្ខាសាលា ស្ដីពីការស្វែងយល់ និងឱកាសការងារផ្នែកគិលានុបដ្ឋាកនៅប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី២៤មករា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោកបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដែលប្រទេសជប៉ុនមានតម្រូវខ្ពស់ជំនាញថែទាំមនុស្សចាស់នេះ គឺដោយសារតែបច្ចុប្បន្ន ចំនួនមនុស្សចាស់នៅជប៉ុនមានការកើនឡើងខ្ពស់ ដែលទាមទារឲ្យមានអ្នកថែទាំក្នុង១ឆ្នាំៗរាប់ម៉ឺននាក់។
លោករដ្ឋមន្ត្រីបានបន្តថា ការបញ្ជូនគិលានុបដ្ឋាកទៅធ្វើការនៅជប៉ុននេះ មិនត្រឹមតែទទួលបាននូវប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងអាចយកចំណេះជំនាញ និងបទពិសោធន៍ការងារមកជួយពង្រឹងវិស័យសុខាភិបាលក្នុងប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរពេលត្រលប់មកវិញ។
លោកស្រី យោគ សិរី សុភ័ស្ស ប្រធានក្រុមហ៊ុន ជេ អិល អេស ខេមបួឌា បានមានប្រសាសន៍ថាសម្រាប់ឆ្នាំ២០១៩នេះ ក្រុមហ៊ុន នឹងជ្រើសរើសនិស្សិតផ្នែកគិលានុបដ្ឋាកចំនួន៤៥នាក់ និងឆ្នាំ២០២០ ពង្រីកដល់៥០០នាក់ តែជាជំហានដំបូងនៅខែមេសាខាងមុខនេះ ក្រុមហ៊ុនជ្រើសរើសចំនួន១០នាក់ជាមុនសិន ដើម្បីបញ្ជូនទៅបណ្ដុះបណ្ដាលនៅប្រទេសជប៉ុនរយៈពេល១ឆ្នាំ ទៅលើភាសា ប្រពៃណីទំនៀមទម្លាប់របស់ជប៉ុន និងពីរបៀបថែទាំមនុស្សចាស់ ដើម្បីឲ្យពួកគេក្លាយជាគ្រូបង្គោលសម្រាប់បណ្ដុះបណ្ដាលដល់គិលានុបដ្ឋាកនៅស្រុកខ្មែរបន្តទៀត។
លោកស្រីបានបន្តថា ការបណ្ដុះបណ្ដាល រួមទាំងលិខិតឆ្លងទិដ្ឋាការ ការស្នាក់នៅ និងការហូបចុកគឺជាបន្ទុករបស់ក្រុមហ៊ុនទាំងអស់ ហើយនិស្សិតដែលត្រូវជ្រើសរើស គឺត្រូវមានសញ្ញាប័ត្រផ្នែកគិលានុបដ្ឋានដែលមានអាយុក្រោម៤៥ឆ្នាំ និងមានកិច្ចសន្យាការងាររយៈពេល៣ឆ្នាំ និងអាចបន្តបាន២ឆ្នាំបន្ថែមទៀត។
លោកស្រីបានបន្ថែមថា ក្រុមហ៊ុន នឹងធ្វើដំណើរទៅសួរសុខទុក្ខពលករជារៀងរាល់២ ឬ៣ខែម្តងដើម្បីឲ្យពលករមានភាពកក់ក្តៅ ហើយពលករអាចទំនាក់ទំនងតាមទូរស័ព្ទមកក្រុមហ៊ុននៅស្រុកខ្មែរឬក្រុមហ៊ុននៅជប៉ុន ក្នុងករណីមានបញ្ហាអ្វីមួយ ដើម្បីឲ្យក្រុមហ៊ុនជួយដោះស្រាយបានទាន់ពេលវេលា។
ចំណែក លោក ម៉ាកូតូ ហូឈីហ្សាគិ ប្រធានក្រុមហ៊ុន ស៊ី អូ អេស អ៊ីនខបភើរ៉េតធីត មានប្រសាសន៍ថា ក្នុង១ឆ្នាំ ត្រូវការអ្នកជំនាញផ្នែកថែទាំមនុស្សចាស់ប្រមាណ៥ម៉ឺននាក់ សម្រាប់មើលថែទាំមនុស្សវ័យចំណាស់នៅជប៉ុន។
លោកបានបន្តថា ការជ្រើសរើសពលករខ្មែរនេះ ដោយសារតែប្រជាពលរដ្ឋខ្មែរមានបទពិសោធន៍ក្នុងការមើលថែទាំ ជីដូន ជីតា និងឪពុកម្ដាយនៅផ្ទះតាំងពីយូរលង់ណាស់មកហើយ។
គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ កម្ពុជា បានបញ្ជូនកម្មសិក្សាការីចំនួន ៩,១៩៥នាក់ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន លើផ្នែកកសិកម្ម សំណង់ ឧស្សាហកម្ម និងសវកម្ម៕
Source: Kampuchea Thmey Daily
0 Comments