Ad Code

ផ្ទះ​១​ខ្នង​ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ម៉ត់​ គ្មាន​សល់​



កំពង់ធំ​ ៖ លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង ដែល​សង់​អំពី​ឈើ​ប្រក់​ក្បឿង មាន​ទំហំ ៧​ម៉ែត្រ​ X ១១​ម៉ែត្រ ​ត្រូវ​បាន​អគ្គិភ័យ លេប​ត្របាក់​យក យ៉ាង​សន្ធោសន្ធៅ ព្រមទាំង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​មួយចំនួនទៀត។

ហេតុការណ៍​អគ្គិភ័យ​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​បង្ហើប​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ ក្រុមគ្រួសារ​របស់គាត់​បាន​ទៅ​រស់នៅ​ផ្ទះ​ម្តាយក្មេក នៅ​ទល់​មុខផ្ទះ​ឆេះ ហើយ​ផ្ទះ​របស់គាត់​បិទទ្វារ​ចោល​​ ស្រាប់តែ​មកដល់​ព្រឹក​ថ្ងៃកើត​ហេតុ ផ្ទះ​ម្តាយក្មេក​បាន​ដាច់​ភ្លើង ហើយ​ក្រឡេក​មក​មើល​ផ្ទះ​របស់ខ្លួន ក៏​ឃើញ​មាន​អណ្ដាតភ្លើង កំពុង​ឆាបឆេះ​​យ៉ាង​សន្ធោសន្ធៅ ទើប​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកជិតខាង ស្រែក​ឆោឡោ និង​រត់​មកជួយ​ពន្លត់។ បន្ទាប់មក​បានឃើញ​រថយន្ត​បាញ់​ទឹក​របស់​ស្នងការដ្ឋាន​ខេត្តកំពង់ធំ ជួយ​អន្តរាគមន៍ បាញ់​ពន្លត់ អស់​ជាច្រើន​ឡាន ទើប​បណ្តាល​ឲ្យ​អណ្ដាតភ្លើង​រលត់​អស់​១០០% និង​មិន​ឆេះ​រៀលដាល ដល់ផ្ទះ​អ្នកជិតខាង​។​

​លោក ហៀ​ង ហ៊​ល ស្នងការរង​អគ្គិភ័យ បាន​ប្រាប់​ឲ្យ​ដឹងថា ករណីនេះ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះជួយ​អន្តរាគមន៍​បាញ់​ទឹក​ភ្លាមៗ អស់​ចំនួន​៧​ឡាន ទើប​អាច​ទប់ទល់​ស្ថានភាព​បាន​។

លោក​បន្តថា ម្ចាស់ផ្ទះ​រងគ្រោះ ​ឈ្មោះ ឡេ​ក គឹម​ហួរ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ករណីនេះ​បាន​ឆេះ​អស់​ផ្ទះមួយ​ខ្នង​ទាំងស្រុង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​មាន ដូចជា សំលៀកបំពាក់ គ្រឿងអលង្ការ ខ្សែក ចិញ្ចៀន គ្រឿង​សង្ហារិម និង​ម៉ូតូ​ស៊េរី​ចាស់​២​គ្រឿង​។​

ជាមួយគ្នានេះ លោក​ក៏បាន​ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សុំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​គ្រោះ​អគ្គិភ័យ​តែងតែ​កើតឡើង​ជាយថាហេតុ នៅ​រដូវប្រាំង​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu