Ad Code

ព្រឹត្តិការណ៍​SEA Games​ លើក​ទី​៣០ កំពុងតែ​ចាប់ផ្ដើម​រាប់​ថយក្រោយ​



ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ កំពុងតែ​ចាប់ផ្តើម​រាប់​ថយក្រោយ​(Countdown)​ ដោយបាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​មកម្ល៉េះ ដែល​មកទល់ពេលនេះ មាន​រយៈ​ពេល​ជិត​២​ខែ​ហើយ។

ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​នឹងធ្វើ​នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩​នេះ នឹងធ្វើ​ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា ដល់ ថ្ងៃទី​១១​ធ្នូ។​ ចំពោះ រូប​Mascot សម្រាប់​ការប្រកួត​លើក​នេះ ក៏បាន​ឯកភាពគ្នា​អស់​ហើយ​ដែរ។​

បាវចនា​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០​នេះ គឺ​”​យើង​ឈ្នះ​ជាមួយ​” ។ ​នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ប្រទេស​ហ្វីលីពីន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ​នៃ​ព្រឹត្តិការណ៍​នេះ។ ហ្វីលីពីន​ ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើកដំបូង​នៅ​ឆ្នាំ​១៩៨១ លើក​ទី​២​ឆ្នាំ​១៩៩១ លើក​ទី​៣​ឆ្នាំ​២០០៥ និង​លើក​ទី​៤​ឆ្នាំ​២០១៩​នេះ។​

​ការសម្រេចចិត្ត​ចុងក្រោយ​កាលពី​ចុងឆ្នាំ​២០១៨ គឺ​កីឡា​ចំនួន​៥៦​ប្រភេទ ដែល​មាន​៥២៣​វិញ្ញាសា​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត។ កីឡា​អេឡិចត្រូនិក​(Electronic Sports)​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​ប្រកួត​កីឡា​ថ្នាក់​តំបន់​នេះ​ជា​លើកដំបូង ក្នុងខណៈដែល​ប្រទេស​ម្ចាស់​ផ្ទះមួយ​នេះ​បន្ថែម​កីឡា​ប្រយុទ្ធ​ប្រពៃណី​របស់ខ្លួន គឺ​កីឡា​អារ​នី​ស​(Arnis)​ទៅក្នុង​កម្មវិធី​ប្រកួត​ដែរនោះ។​
​ ​
អត្ត​ព​លិ​ក​ពី​១១​ប្រទេស ដែល​ចូលរួម​នោះ គេ​ប៉ាន់ប្រមាណ​មើលថា អាចមាន​ចំនួន​៩.៨៤០​នាក់ តែ​ចំនួន​នេះ​នឹង​អាច​ប្រែប្រួល។ តាម​ការគ្រោងទុក​ពិធី​បើក​ការប្រកួត​នឹងធ្វើ​នៅ​ពហុ​កីឡដ្ឋាន​Bocaue ហើយ​តាម​ការគ្រោងទុក​នោះ លោក​ប្រធានាធិបតី​ហ្វីលីពីន​នឹងចូលរួម។ ចំពោះ​ពិធី​បិទ​នឹងធ្វើ​នៅ​ពហុ​កីឡដ្ឋាន​Athletcs។​

សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣០​នេះ បើតាម​ការអះអាង​ពី​ លោក​ វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បញ្ជាក់ថា ​នឹង​បញ្ជូន​កីឡា​ទៅ​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើនជាង​មុន​ព្រោះ​នេះ​ជា​ឆ្នាំ​យុទ្ធសាស្ត្រ។ នៅ​ឆ្នាំ​២០២១​ ស៊ី​ហ្គេម​ លើក​ទី​៣១ ​នៅ​វៀតណាម​កម្ពុជា​ ក៏​នឹង​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​ច្រើន​ដែរ។​

ពេលនេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង ក្រសួង​អប់រំ​យុវជន និង កីឡា​នៅ​មិនទាន់​កំណត់​ថា បញ្ជូនទៅ​ចូលរួម​ប៉ុន្មាន​ប្រភេទ ហើយ​ប្រភេទ​កីឡា​ណាខ្លះ​នោះ​នៅឡើយ​ទេ។​
​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​កន្លងមក បាន​ក្លាយជា​ព្រឹត្តិការណ៍​មួយ ដែល​ប្រទេស​ជា​ម្ចាស់ផ្ទះ​តែងតែ​រៀបចំ​ដើម្បី​ប្រមូល​មេដាយ​។​ សម្រាប់​កម្ពុជា ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​នោះ លោក​ ថោង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានសម្រេច​ចិត្ត​ហើយ​ថា នឹង​ធ្វើ​ដោយ​តម្លាភាព។​
​ ​
ប្រសិនបើ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​ឆ្នាំ​២០១៩ និង លើក​ទី​៣១​ឆ្នាំ​២០២១ ឥរិយាបថ​ នៃ​ការ​ប្រជែង​យក​មេដាយ​មិន​ផ្លាស់ប្ដូរ​ទេនោះ កម្ពុជា ​នឹងធ្វើ​ជា​គំរូ​គេ ក្នុង​ការ​ប្រជែង​ដណ្ដើម​មេដាយ​ដោយ​យុត្តិធម៌ សម្រាប់​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣។​
​ ​
លោក ​ថោង ខុន​ បានបញ្ជាក់​ហើយ​ថា ឆ្នាំ​២០២៣​ ប្រទេស​ ណា​មាន​សមត្ថភាព​ប្រទេស​នោះ ​នឹង​រក​បាន​មេដាយ​ច្រើនជាងគេ។ ​កម្ពុជា​ នឹងមិន​ទទួលយក​វប្បធម៌​ចែក​មេដាយ​នោះ​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu