Ad Code

ពលរដ្ឋ​រាប់​រយ​នាក់ ​មក​ឈរ​តវ៉ា​រក​ដំណោះស្រាយ​នៅមុខ​សាលាឃុំ​ហើយ បែរជា​អាជ្ញាធរ​ស្រុក​ចោទ​អ្នកសារព័ត៌មាន​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត​ទៅវិញ​



តាកែវ ៖ ជុំវិញ​ករណី​ផ្ទុះ​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ កាលពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ កំពុងតែ​ក្លាយទៅជា​រឿង​ក្តៅ ខណៈ​ដែល​រដ្ឋបាល​ស្រុក​អង្គរ​បូរី​ បាន​ចេញ​លិខិត​បំភ្លឺ​(​លាង​ខ្លួនឯង​) ហើយ​ងាក​មក​ចោទ​ក្រុម​អ្នកសារព័ត៌មាន​ថា ផ្សាយ​ព័ត៌មាន​រឿង​ផ្ទុះ​ការ​តវ៉ា​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ផ្គាំ​ជាង​៤០០​គ្រួសារ ​ប្តឹង​តវ៉ា​រឿង​តម្លៃ​ទឹក​បូម​ដាក់​ស្រែ ជាមួយនឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្ថានីយ​ឃុំ​ព្រៃ​ផ្គាំ​របស់ លោក ឈុន សា​រឹន ហៅ​ប៉ោង កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅនេះ ជា​ការ​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ និង​បំប៉ោង​ព័ត៌មាន ដោយ​រដ្ឋបាល​ស្រុក​អង្គរ​បូរី ​និង​អាជ្ញាធរ​ឃុំ​ ឆ្លើយ​ថា​មិនបាន​ដឹង​រឿង​ទៅវិញ ក្នុងពេលដែល​ប្រជាពលរដ្ឋ​ប្រុស ស្រី រាប់​រយ​នាក់ ​ទៅ​ឈរ​នៅ​មាត់​ជណ្ដើរ​សាលាឃុំ ស្រែក​រក​អាជ្ញាធរ​ជួយ​ដោះស្រាយ​។

ទង្វើ​នេះ​ ហាក់បីដូចជា​ពាក្យ​របស់​ថ្នាក់ដឹកនាំ​ធ្លាប់​និយាយ​ដាស់តឿន​រឿយៗ​ថា កុំ​ធ្វើជា​មន្ត្រី​ជើង​ដប់ ដែល​អង្គុយ​នៅតែ​ក្នុង​ប៉ា​រ៉ូ​ចាំ​ស្តា​ប់​របាយការណ៍​ទទួលយក​ផលប្រយោជន៍ មិន​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​រាស្ត្រ ដែល​អាច​និយាយបានថា ​ជា​មន្ត្រី​អសកម្ម​ភាព ខ្វះ​ការ​ទំនាក់ទំនង​ផ្ទាល់​ជាមួយនឹង​ប្រជា​ពលរដ្ឋ​។

សូមបញ្ជាក់​ផងដែរ​ថា ការ​ឡាយ​វីដេអូ​ផ្ទាល់​អំពី​សកម្មភាព និង​ការ​សម្ភាសន៍​តវ៉ា​របស់​ព​ល​រដ្ឋ​នៅ​ពេល​នោះ ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក ​ដែល​និយាយ​អំពី​ទុក្ខលំបាក​របស់​ពួកគាត់​ឲ្យ​មហាជន ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បានដឹង​រឿង​ពិត​នោះ បែរជា​មន្ត្រី​ជើង​ដប់​រដ្ឋបាល​ស្រុក​អង្គរ​បូរី​ថា ការ​ផ្សាយ​ព័ត៌មាន​នេះ​មិន​ពិត​ ហើយ​ជា​ព័ត៌មាន​បំប៉ោង​ទៅវិញ​។​

តាម​ការពិនិត្យ​ សូម​ឲ្យ​អាជ្ញាធរ​ស្រុក​អង្គរ​បូរី គួរ​ណាស់​តែ​ចុះមក​ផ្ទាល់​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​មិនមែន​ស្តាប់​តែ​របាយការណ៍ ​ហើយ​ចោទប្រកាន់​មក​អ្នកសារព័ត៌មាន​នោះទេ ជៀសវាង​ការ​ធ្លាក់ចុះ​ នៃ​ការងារ​គ្រប់គ្រង​រដ្ឋបាល របស់​ខ្លួន​។​

សូម​រំឭក​ថា ក្រុម​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ នៅ​ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ បាននាំគ្នា​មក​ប្រមូលផ្ដុំ​នៅមុខ​សាលាឃុំ​ទាំង​ព្រឹក​ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ពួកគាត់ ខណៈដែល​ប្រធាន​សហគមន៍​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព​ស្រែ​ប្រាំង ​ពួកគាត់​ប្រែ​ក្រឡាស់សម្ដី​ក្នុង​ការ​យកថ្លៃ​សេវា​ផ្គត់ផ្គង់​ទឹក​បញ្ចូល​ស្រែ​ខុស​ពី​សន្យា​ដែល​ធ្លាប់​ធ្វើ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ជួបប្រទះ​នូវ​ការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu