Ad Code

សម្ដេច​ក្រឡាហោម ស ខេង ច្រានចោល​ការចោទប្រកាន់​របស់​ទណ្ឌិត សម រង្ស៊ី ដែល​ថា បាន​រារាំង​មិន​ឲ្យ​វិល​ចូល​ស្រុក ដោយសារ​ហេតុផល​នយោបាយ​



​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ច្រានចោល​ទាំងស្រុង​ ចំពោះ​ការចោទប្រកាន់​របស់​ទណ្ឌិត សម រង្ស៊ី ដែលថា បាន​រារាំង​មិន​ឲ្យ​វិល​ចូល​ស្រុក ដោយសារ​ហេតុផល​មួយចំនួន ជាពិសេស​បញ្ហា​នយោបាយ​នៅក្នុង​គណបក្ស និង​បាន​អះអាងថា សម្ដេច​ដូចជា​មិន​ឆោតល្ងង់​ដល់​ថ្នាក់​ប្រាប់ សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ស្រុក​នោះទេ​។​

​សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់​បែបនេះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ កាលពី​ល្ងាច​ ថ្ងៃទី​២៤ ខែមករា និង​បន្ទាប់ពី ​លោក សម រង្ស៊ី បាន​និយាយ​នៅតាម​វិទ្យុ​បម្រើ​ឲ្យ​គោល​នយោបាយ​អាមេរិក ដោយ​មួលបង្កាច់​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​មក​លើ​រូប​សម្ដេច​ក្រឡាហោម ស ខេង អំពី​ដំណើរការ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា នា​ពេល​កន្លង​មក​។

​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​យ៉ាងនេះ​ថា "​ថ្មីៗ​នេះ​ ក្នុងការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី លោក សម រង្ស៊ី បាន​និយាយ​ចោទប្រកាន់ មួលបង្កាច់ ​មក​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជាពិសេស​មកលើ​រូបខ្ញុំ អំពី​ដំណើរការ​ដោះស្រាយ​បញ្ហា​នយោបាយ​កម្ពុជា នា​ពេល​កន្លងមក​។

ការលើកឡើង​របស់ លោក សម រង្ស៊ី ដែល​និយាយ​ថា ខ្ញុំ​បាន​ហាមឃាត់​គាត់​មិន​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ​នោះ​ គឺជា​ពាក្យសម្ដី​មួលបង្កាច់ ដើម្បី​បិទបាំង​ភាព​កំសាក​រត់គេច​ចេញពី​សំណាញ់​ច្បាប់​របស់​ខ្លួន​តែប៉ុណ្ណោះ​"​។

សម្ដេច​បន្ត​ថា "​ក្នុងនាម​ជា​អ្នក​ដែល​ចូលរួម​ក្នុង​ឆាក​នយោបាយ ខ្ញុំ​ដូចជា​មិន​ដល់​ថ្នាក់​ឆោតល្ងង់​ប្រាប់ សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ស្រុក​នោះ​ទេ​។ ប្រការនេះ​ខុស​ទាំងស្រុង​ពី​ច្បាប់រដ្ឋធម្មនុញ្ញ និង​អាច​ផ្តល់​ឱកាស​គ្រប់ពេលវេលា​ឲ្យ សម រង្ស៊ី មាន​លេស​វាយប្រហារ​មក​លើ​រូប​ខ្ញុំ​វិញ នៅពេលដែល​សមត្ថកិច្ច​បាន​ទទួល​ដីកា​ដើម្បី​ចាប់ខ្លួន សម រង្ស៊ី រួចហើយ​"​។

​តាម​ សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ថា "​ លោក​សម រង្ស៊ី បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន និង​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​រួចហើយ​។ ទណ្ឌិត​រូបនេះ​សម្រេច​រត់គេចខ្លួន​មិន​ចូល​ប្រទេស​ដោយ​ខ្លួន​ឯង ហើយ​ការ​ត្រឡប់​ចូល​ប្រទេស​វិញ ​ឬ​យ៉ាងណា​នោះ ​វា​ស្ថិតនៅលើ​បុគ្គល សម រង្ស៊ី ខ្លួនឯង​តែ​ប៉ុណ្ណោះ គ្មាន​អ្នកណា​ហាមឃាត់​ឡើយ​។ ការចេញ​ដីកាចាប់ខ្លួន​ ទណ្ឌិត សម រង្ស៊ី គឺ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ ហើយ​ការបញ្ជាក់​របស់ខ្ញុំ​ចំពោះ​សារព័ត៌មាន និង​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ អំពី​ដីកាចាប់ខ្លួន​នេះ គឺធ្វើឡើង​ជា​សាធារណៈ ដែល​មិនមាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ។

ការដែល សម រង្ស៊ី និយាយថា ខ្ញុំ​មានការ​លំបាក​ធ្វើការ​ជាមួយនឹង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នោះ​ គឺជា​រឿង​ភូត​កុហក​បោកប្រាស់​សុទ្ធសាធ ប្រការនេះ​ សម រង្ស៊ី ចង់​ឲ្យ​សាធារណៈ​មតិ មានការ​ភ័ន្តច្រឡំ​មក​លើ​រូបខ្ញុំ និង​ជា​ល្បិចកល​នយោបាយ​របស់ លោក សម រង្ស៊ី ខ្លួនឯង​តែ​ប៉ុណ្ណោះ​។ ធាតុពិត​ គឺ សម រង្ស៊ី ទេ ដែល​ខ្ញុំ​ពិបាក​ធ្វើការ​ជាមួយ​។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ ខ្ញុំ​ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​លោក សម រង្សី តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ ខ្ញុំ​ និង​ សម រង្ស៊ី បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ អំពី​សេចក្ដីព្រាង​កិច្ចព្រមព្រៀង​មួយ រវាង​គណបក្ស​ទាំងពីរ​។ ខ្ញុំ​បាន​សុំ​យោបល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន​។ ខ្ញុំ និង សម រង្ស៊ី បាន​ឯក​ភាព​ទាំងស្រុង ហើយ​សង្ឃឹមថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ នឹង​បាន​ចុះហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​នោះ ​នៅក្នុង​កិច្ចប្រជុំ​នៅ​មន្ទីរ​រដ្ឋសភា​។ ប៉ុន្តែ​ផ្ទុយ​ពី​ការរំពឹងទុក ពេល​ចាប់ផ្ដើម​ភ្លាម កឹម សុខា បាន​ជំទាស់​នឹង​សេចក្ដីព្រាង​នោះ​ទាំងស្រុង ដែល​នាំ​ឲ្យ​កិច្ច​ចរចា​ត្រូវ​បរាជ័យ ហើយ​ពួកគេ​ងាក​ទៅ​រក​ប្រមូល​កម្លាំង​ប្រជាជន​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ធ្វើ​បដិវត្តន៍​ពណ៌​ជា​បន្ត​ទៀត​។ បញ្ហា​នេះ​ទេ ដែល​បញ្ជាក់​ថា សម រង្សី ជា​មនុស្ស​ពិបាក​ធ្វើការ និយាយ​បាតដៃ​ជា​ខ្នងដៃ មិន​ទៀងត្រង់ ក្រឡេចក្រឡុច មិន​ទទួលខុសត្រូវ និង​អាច​និយាយបានថា គឺ សម រង្ស៊ី ទេ​ជា​អ្នក​បោក​ខ្ញុំ​"​។

​សម្ដេច​បញ្ជាក់ទៀតថា ខ្លួន​សម្ដេច​ផ្ទាល់ ​បានរួម​ការងារ​ជាមួយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន គ្រប់​កាលៈទេសៈ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ជាង​៤០​ឆ្នាំ​កន្លងមកហើយ​។ ជោគជ័យ​ នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៦​កន្លងទៅនេះ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​តាមរយៈ​នូវ​ការ​ឯកភាព​ខ្ពស់ និង​ភាព​កាន់តែ​រឹងមាំ ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu