កំពត ៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ មករានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុប ១១.៧៣៨ នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ ក្នុងខេត្តកំពត។
ពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន និងកម្មករ និយោជិត នៅវេលាព្រឹកនេះប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ រោងចក្រទាំង១២ មកពីខេត្តកំពតចំនួន១១ ក្នុងនោះក្រុង កំពតចំនួន២ មានកម្មករនិយោជិត ១.១៥៩នាក់, ស្រុកទឹកឈូចំនួន៤ មានកម្មករនិយោជិតចំនួន៤.៣២០នាក់, ស្រុកកំពង់ត្រាចចំនួន២ មានកម្មករនិយោជិតចំនួន២.៨៨៣នាក់, ស្រុកបន្ទាយមាសចំនួន១ មានកម្មករនិយោជិតចំនួន៨៥៩នាក់, ស្រុកដងទង់ចំនួន១ មានកម្មករនិយោជិតចំនួន ១.៦២៩នាក់, កសិដ្ឋានចម្ការចេកស្រុកឈូកចំនួន១ មានកម្មករ និយោជិតចំនួន៨៥៨នាក់ និងមកពីកសិដ្ឋានចម្ការម្រេច ខេត្តកែបចំនួន១ មានកម្មករ និយោជិតចំនួន៣០នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩,ថៃចំនួន១ និង ខ្មែរចំនួន២ ក្នុងនោះមានរោងចក្រកាត់ដេរសំលៀកបំពាក់ ចំនួន១, ផលិតស្បែកជើងចំនួន៣, ដេរកូនបាល់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតស៊ីម៉ងត៍ចំនួន៣, កសិដ្ឋានចម្ការចេកនាំចេញចំនួន១,កសិដ្ឋានដំណាំ ម្រេចនាំចេញចំនួន១ និងវារីអគ្គិសនីចំនួន១។ ផលិតផលទាំងអស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ខេត្តកំពតមកដល់ពេលនេះ មានសហគ្រាសគ្រឹះស្ថានចំនួន៤៤០ មានកម្មករ និយោជិត ១៦.១២៥នាក់ ទទួលបានប្រាក់ឈ្នួលសរុបចំនួន៥៥លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសំលៀកបំពាក់និងផលិតស្បែកជើងមានចំនួន៦ មានកម្មករនិយោជិតចំនួន៥.៤៣១នាក់ ដែលមានប្រាក់ឈ្នួល សរុបជិត១៨លានដុល្លារក្នុងមួយឆ្នាំ។
គិតមកដល់ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម កម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ៦៣លើក ដែលមានអ្នកចូលរួមសរុប៩០៦.៤៨៥នាក់។
ក្នុងនោះ គ្រឹះស្ថានសេដ្ឋកិច្ច ក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានចំនួនសរុបជិត១៣.០០០សហគ្រាសកើន ឡើង៨ភាគរយ និង មានកម្មករ និយោជិតសរុប១,៥លាននាក់កើនជាង២១ភាគរយ បើធៀបនឹងឆ្នាំ២០១៧។
កម្មករនិយោជិតទាំងអស់នេះរកប្រាក់ឈ្នួលជាមធ្យម ជាង៤.៨០០លានដុល្លារ ក្នុងនោះវិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងមានកម្មករនិយោជិតជាង៨៤០.០០០ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជាង២.៨០០លានដុល្លារក្នុងមួយឆ្នាំ។
សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត៦សែន មានកម្មករជាង២,៤លាននាក់, វិស័យកសិកម្មជាង៤លាននាក់,ពលករធ្វើការ នៅក្រៅប្រទេសមានប្រមាណ១,២លាននាក់ និងមន្ត្រីសាធារណៈមានចំនួនជាង៥សែននាក់៕
Source: Kampuchea Thmey Daily
0 Comments