កំពង់ឆ្នាំង ៖ នៅក្នុងខ្នើតខែបុស្ស ក្នុងសប្ដាហ៍មុននេះ ប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងស្រុកកំពង់ត្រឡាច បាននាំគ្នាប្រើប្រាស់ឧបករណ៍នេសាទលបប្រើស១០០ ខុសច្បាប់ ចាប់ត្រី ព្រោះតែពួកគាត់បានឃើញនៅចំណុចបាក់ភ្នំ ព្រំប្រទល់៣ខេត្ត គឺកំពង់ចាម កណ្តាល និងកំពង់ឆ្នាំង ប្រជាពលរដ្ឋបាននាំគ្នាដាក់លបប្រើ១០០ចាប់ត្រីរាប់ម៉ឺនគ្រឿង មិនឃើញសមត្ថកិច្ចចុះបង្ក្រាបឡើយ។ ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច នាំគ្នាដាក់លបប្រើស១០០ ចាប់ត្រីដូចគេដែរ បែរជាមន្ត្រីខណ្ឌជលផលកំពង់ឆ្នាំង ចុះបង្ក្រាបទៅវិញ គឺគេលែងបទល្មើសធំៗ បង្ក្រាបបទល្មើសតូចតាច ច្បាប់តែមួយការអនុវត្តន៍ច្បាប់ខុសគ្នា។ តែបើគេបិទ កុំឲ្យនាំចូលលបប្រើស១០០ពីប្រទេសវៀតណាម ក៏គ្មានបទល្មើសនេសាទបែបនេះកើតឡើងដែរ។
ប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ប្រាសាទ នៅល្ងាចថ្ងៃទី២០ ខែមករាឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងសប្ដាហ៍មុននេះ ពួកគាត់បានឃើញប្រជាពលរដ្ឋនៅចំណុចបាក់ភ្នំ ព្រំប្រទល់៣ខេត្ត កំពង់ចាម កណ្តាល និងកំពង់ឆ្នាំង បានបានប្រើប្រាស់លបប្រើស១០០ ដាក់ចាប់ត្រីក្នុងខ្នើតខែបុស្សនេះ រាប់ម៉ឺនគ្រឿងពេញទន្លេ មិនឃើញមានសមត្ថកិច្ចចុះបង្ក្រាបឡើយ ទើបពួកគាត់នៅក្នុងភូមិកំពង់ប្រាសាទនាំគ្នាទិញលបប្រើស១០០នេះ ពីផ្សារមកដាក់ចាប់ត្រីដូចគេដែរ ប៉ុន្តែបែរជាត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះចាប់លប១០០របស់ពួកគាត់ទៅវិញ។
ករណីនេះ គឺមិនយុត្តិធម៌ឡើយ សមត្ថកិច្ចហ៊ានបង្ក្រាបតែអាតូចតាច តែអាធំៗបែរជាបណ្តែតបណ្តោយឲ្យគេធ្វើម៉ាស្រឡាញ់ទៅវិញ តើយុត្តិធម៌ និងតម្លាភាពនៅកន្លែងណា ក្នុងប្រទេសតែមួយតែការអនុវត្តន៍ច្បាប់តាមខេត្តជាប់គ្នាបែរជាខុសគ្នាទៅវិញ។
រឿងនេះ ប្រជាពលរដ្ឋយល់ថា ក្រសួងកសិកម្ម និងប្រមុខរាជរដ្ឋាភិបាល គួរណាស់តែចាត់វិធានការទប់ស្កាត់បិតកុំឲ្យមានការនាំចូលលបប្រើស១០០នេះ ពីប្រទេសវៀតណាម។ ព្រោះគេយល់ថាបើគេបិទមិនឲ្យមានការនាំចូលលបប្រើស១០០នេះពីក្រៅប្រទេស បទល្មើសនេសាទប្រើប្រាស់លបប្រើស១០០នេះ នៅក្នុងប្រទេសកម្ពុជាក៏មិនកើតមានដែរ...!! តើរឿងនេះ គឺជាកំហុសអ្នកណា។
មន្ត្រីជលផលបានបញ្ជាក់ថា លបប្រើស១០០ ខ្លះគេហៅថា លបម៉ាឡេ គឺជាឧបករណ៍នេសាទបែបថ្មីដែលមិនមានចែងឲ្យប្រើប្រាស់នៅក្នុងប្រកាសក្រសួងកសិកម្មឡើយ ដែលច្បាប់ស្ដីពីជលផលបានហាមឃាត់ និងចាត់ទុកការប្រើប្រាស់ឧបករណ៍នេះ គឺជាបទល្មើសនេសាទ។ លបប្រើស១០០នេះ ផលិតមកពីប្រទេសវៀតណាមដែលមានតម្លៃក្នុង១ខ្សែៗមានប្រវែងប្រមាណ៨ម៉ែត្រ ថ្លៃតែ៥ម៉ឺនរៀល ដែលប្រជាពលរដ្ឋខ្មែរមិនអាចផលិតបានទេ។ ឧបករណ៍នេះគេនិយមដាក់ចាប់ត្រីនៅបាតទន្លេ ដែលអាចចាប់ត្រីបានទាំងតូចទាំងធំ បើវាចូលក្នុងលបនេះហើយ វាចេញមិនរួចឡើយ។
ករណីនេះ វាជារឿងងាយស្រួលណាស់ បើគេបិទមិនឲ្យមានការនាំចូលលបប្រើស១០០ ឬលបម៉ាឡេ មកពីប្រទេសវៀតណាម នោះបទល្មើសនេះក៏មិនអាចកើតមាននៅក្នុងប្រទេសកម្ពុជាយើងដែរ៕
Source: Kampuchea Thmey Daily
0 Comments