អ្នកប្រដាល់ជើងចាស់ថ្មីរបស់កម្ពុជា២រូប គឺចាន់ ប៊ុនលាភ និង ចាន់ ប៊ុនហឿន នឹងត្រូវជួបប្រកួតជាអ្នកប្រដាល់ថៃ នាយប់ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩នេះ នៅលើសង្វៀនខារ៉ាបាវបាយ័ន ស្ទឹងមានជ័យ។
អ្នកប្រដាល់ជើងចាស់ ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យ ត្រូវគេផ្តល់ឱកាសឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ឈ្មោះ កែវ កងវ៉ាន (Kev Kongvan) ដោយប្រកួតក្នុងទម្ងន់៦៥គីឡូក្រាម។ អ្នកប្រដាល់ថៃនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានលើកហើយកន្លងមក។ កែវ កងវ៉ាន គេមានកំណត់ត្រាប្រកួតចំនួន៧៩លើក ឈ្នះ៦២លើក ចាញ់១៦លើក និងស្មើ០១លើក។ នេះបើតាមអ្នកដឹកនាំកីឡាករថៃមកប្រកួតឲ្យដឹង។ អ្នកប្រដាល់ កែវ កងវ៉ាន នេះ គេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំង ដែល ប៊ុនលាភ មិនអាចមើលស្រាលគេបានឡើយ។
ចាន់ ប៊ុនលាភ គេក៏មានផ្លែល្អដែរ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភជំនួស ប៊ុនលាភ នោះ គឺខ្លាចតែចាញ់កម្លាំងស៊ុហ្វ កងវ៉ាន មួយមុខប៉ុណ្ណោះ។ ចាន់ ប៊ុនលាភ មានប្រវត្តិប្រកួតមិនតិចក្រោម១០០លើកនោះទេ ប្រកួតជាមួយថៃលើកចុងក្រោយនេះ វាយចាញ់ ផេតក្លា ដោយពិន្ទុ កាលពីថ្ងៃទី០៦មករាកន្លងមកនេះ។
ទោះជាយ៉ាងណា ចាន់ ប៊ុនលាភ ដែលជួបប្រកួតជាមួយថៃ កែវ កងវ៉ាននេះ គេមិនហ៊ានអះអាងមុនថា ប៊ុនលាភ ឈ្នះក្នុងការប្រកួតនេះទេ។ ចាំមើល តើ ប៊ុនលាភ ឈ្នះ ឬមួយក៏ កែវ កងវ៉ាន ឈ្នះសម្រាប់ការជួបគ្នានេះ?។
កែវ កងវ៉ាន គេល្អ និងវាយខ្លាំងគួរសមដែរ។ អ្នកប្រដាល់ថៃរូបនេះគេមកប្រកួតនៅស្រុកខ្មែរលើកចុងក្រោយនេះ គឺវាយចាញ់ មឿន សុខហ៊ុច អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ត្រឹមតែពិន្ទុប៉ុណ្ណោះ។
ចំពោះ អ្នកប្រដាល់ចាន់ ប៊ុនហឿន ក្លិបនិរោធមានជ័យ នឹងត្រូវស្វាគមន៍អ្នកប្រដាល់ថៃឈ្មោះហ្វានិមិត្ត ប្រាន២៦ (Fanemit Phran26) ដែលជាជើងខ្លាំងនៅស្រុកថៃ។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
ចាន់ ប៊ុនហឿន ជើងខ្លាំងរបស់កម្ពុជានេះ គេទើបតែផ្ដួលយកឈ្នះអ្នកប្រដាល់ថៃ ហា ឆ្លាម(Ha Chhlam) ក្នុងទឹកទី២ កាលពីថ្ងៃទី១២មករាកន្លងទៅនេះ។ គេមិនធ្លាប់ដែលប៉ះជាមួយហ្វានិមិត្ត ប្រាន២៦នេះទេ តែគេធ្លាប់ជួបប្រកួតជាមួយថៃច្រើននាក់ដែរហើយ។ ក្នុងការជួបថៃ៣២លើកកន្លងមកនេះ គឺឈ្នះ២២លើក ចាញ់០៨លើក និងស្មើ០២លើក។
ហ្វានិមិត្ត ដែលជាគូរបស់ ចាន់ ប៊ុនហឿន នេះ គេធ្លាប់មកប្រកួតនៅសង្វៀនបាយ័នស្ទឹងមានជ័យប៉ុន្មានដងហើយកន្លងមកនេះ ដែលមកចុងក្រោយនេះ គេវាយឈ្នះ ទេស ជីវ៉ា អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០។
តាមអ្នកដឹកនាំកីឡាករឡាវឲ្យដឹងនោះថា ហ្វានិមិត្ត ជាជើងខ្លាំងនៅស្រុកថៃ។ បើមើលពីប្រវត្តិប្រកួតរបស់គេ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៦១លើក ឈ្នះ៥៣លើក ចាញ់០៨លើក និងមិនដែលស្មើ។ អ្នកប្រដាល់ថៃរូបនេះ ធ្លាប់ឆ្លងកាត់ការប្រកួត៧៩លើក វាយឈ្នះ៦៤លើក ចាញ់១៣លើក និងស្មើ០១លើក។
ចាន់ ប៊ុនហឿន គេមានប្រវត្តិប្រកួតចំនួន៧០លើក ឈ្នះ៥៩លើក និងចាញ់១០លើក និងស្មើ០១លើក។ ប៊ុនហឿន គេមានថ្វីកែង និងជង្គង់ល្អណាស់ តែយ៉ាងណាការឈ្នះចាញ់រវាង ចាន់ ប៊ុនហឿន និងហ្វា និមិត្ត នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ?។
ចំពោះការប្រកួតរវាងខ្មែរ និងខ្មែរវិញ ចាន់ វ៉ារិទ្ធ អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ថន វាសនា អ្នកប្រដាល់ក្លិបនាគរាជមានជ័យ។ អ្នកប្រដាល់ទាំងពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
ចាន់ វ៉ារិទ្ធ មិនធ្លាប់ជួប ថន វាសនា នោះទេកន្លងមក។ ដូច្នេះចាំមើល ការជួបគ្នាលើកដំបូងនេះ តើចាន់ វ៉ារិទ្ធ អាចយកឈ្នះថន វាសនា បានឬអត់?។ ចំណែក អេលីត ពន្លក អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ចាន់ណ ចៀកអ្នកប្រដាល់ក្លិបនិរោធមានជ័យ ដោយប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments