ភ្នំពេញ ៖ នៅវេលាម៉ោង៩ និង១៥ ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ឌីមីតទ្រី កូប៊ីលគីន រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃសហព័ន្ធរុស្សី បានធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ហើយក្រោយបញ្ចប់កិច្ចប្រជុំនេះ ភាគីទាំងពីរ នឹងចេញផ្សាយលទ្ធផលរួមគ្នា។
សូមបញ្ជាក់ថា ឯកឧត្តម ឌីមីតទ្រី កូប៊ីលគីន រដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស្ស៊ី បានដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមកិច្ចប្រជុំសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នឹងពិនិត្យពិភាក្សាការវិវឌ្ឍដែលសម្រេចបានពីសម័យប្រជុំលើកទី១០នៃគណៈកម្មការអន្តររដ្ឋាភិបាល ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ព្រមទាំងកំណត់មាគ៌ាថ្មីសម្រាប់សកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់ភាពជាដៃគូ និងការប្រើប្រាស់សក្ដានុពលសម្រាប់វិស័យកិច្ចសហប្រតិបត្តិការថ្មីៗ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឯកឧត្តម ឌីមីតទ្រី កូប៊ីលគីន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments