Ad Code

រថយន្ត​ដឹក​ថ្ម​ បុក​ម៉ូតូ ​រួច​កិន​មនុស្ស​ម្នាក់ ​ស្លាប់​ យ៉ាង​អាណោចអាធ័ម​



កំពង់ស្ពឺ ៖ សព​បុរស​ម្នាក់​ ត្រូវបាន​រថយន្ត​ដឹក​ថ្ម​កិន​បែក​ខ្ទេចខ្ទី ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ រវាង​រថយន្ត បុក​ជាមួយនឹង​ម៉ូតូ​ជនរងគ្រោះ​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ចំណុច​ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​សាក់​មែន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1270 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ​បើកបរ​ពី​ជើង​ទៅ​ត្បូង ​លុះ​បើក​មកដល់​ចំណុច​ខាងលើ ​បាន​បត់​ឆ្លងផ្លូវ​ទៅ​លិច ​ក៏​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង ម៉ាកវ៉េវ​អ៊ី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត​1I-6954 បើកបរ​ដោយ​ ឈ្មោះ ​ប៊ី សុភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ក្តាន់​ខាងកើត ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្ត​កំពត ពីក្រោយ​ពេញ​មួយ​ទំហឹង ​រួច​កិន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ហេតុ​។​

ប្រភព​បន្តថា ក្រោយពី​កើតហេតុ​ អ្នកបើករថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។ ចំណែក​សព​ ត្រូវបាន​កម្លាំង​ជំនាញ​បាន​ទាក់ទង​ទៅ​សាច់ញាតិ​មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

បច្ចុប្បន្ន ចំពោះ​ម៉ូតូ និង​រថយន្ត​ កម្លាំង​នគរបាល​ជំនាញ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី រៀបចំ​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu