Ad Code

កម្លាំង​អាវុធហត្ថ ​បញ្ជូន​ចោរឆក់​០២​នាក់ ចូល​គុក​បានសម្រេច​



ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់​០២​នាក់ ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​នៅថ្ងៃនេះ ​ក្រោយ​ពេល​បង្ក្រាបបាន​២​ថ្ងៃ​រួចមក​។​

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា ចោរឆក់​២​នាក់​ ដែល​តុលាការ​សម្រេច​ឃុំខ្លួន​នោះ​មាន ​ទី​១/ ឈ្មោះ ផល ផានិត ហៅ​តួ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ,ទី​២/ ឈ្មោះ សុខ វង្ស ហៅ​ក្តី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ។​

​ប្រភព​បន្តថា​ ចោរឆក់​ទាំង​០២​នាក់ បាន​សារភាព​ឲ្យ​ដឹង​ថា នៅមុន​ធ្វើ​សកម្មភាព​ រូបគេ​ទាំង​០២​នាក់ បាន​ផឹកស៊ី និង​ជក់​គ្រឿងញៀន​ជាមួយគ្នា នៅផ្ទះ​ជួល ផ្លូវ​២៧១ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បន្ទាប់មក​ពួកគេ​ទាំង​០២​នាក់ បាន​ជិះ​ម៉ូតូ​ទៅ​ចេញពី​ផ្ទះជួល ដើម្បី​ទៅលេង​នៅ​កោះ​ពេជ្រ។ លុះ​ពេល​ជិះ​ដល់​ចំណុច​ជិត​ស្ពាន​ហង្ស​កោះ​ពេជ្រ ក៏​ឃើញ​ជនជាតិ​ចិន​០២​នាក់ កំពុង​ដើរ​លើ​ដង​ផ្លូវ និង​មាន​កាន់​កាបូប​ជាប់ដៃ រូបគេ​ទាំង​០២​នាក់ បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ​ជនរងគ្រោះ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ជនរងគ្រោះ​បានសម្រេច ហើយ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន ស្រប​ពេល​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃើញ ក៏​ប្រដេញ​តាម​រហូតដល់​ចំណុច​ផ្លូវ​លេខ​២៤២ កែង​ផ្លូវ​ព្រះមុនីវង្ស បាន​ឃាត់ខ្លួន​ពួកគេ​ទាំង​០២​នាក់ តែម្តង​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu