ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលកើតជំងឺមហារីកដោះ ព្រមទាំងទទួលរ៉ាប់រងមើលថែរក្សាកូននៅក្នុងបន្ទុកចំនួនបួននាក់ផងនោះ បានទទួលអំណោយពីសប្បុរសជន នៅច្បារអំពៅ រាជធានីភ្នំពេញ។ ការប្រគល់អំណោយពីសប្បុរសជនបានប្រព្រឹត្តិធ្វើឡើងនៅរសៀល ថ្ងៃទី២៤មករានេះ។
ស្ត្រីដែលកំពុងមានជំងឺប្រចាំកាយដ៏សាហាវនេះ គឺស្ថិតក្នុងឃុំរមាសឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានឈ្មោះ ឌុល រ៉េន អាយុ៤៨ឆ្នាំ។
ស្ត្រីឌុល រ៉េន បានឲ្យដឹងថា សព្វថ្ងៃនេះ គាត់កំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យសម្ដេចឪ ទីក្រុងភ្នំពេញដោយគ្រូពេទ្យបានផ្តល់ថ្នាំសម្រាប់ព្យាបាលក្នុងមួយខែម្តង។ អ្វីដែលបងស្រីលំបាកនោះ គឺត្រូវចិញ្ចឹមកូនក្នុងបន្ទុកចំនួន៤នាក់ ហើយប្តីគាត់ក៏បានស្លាប់ចោលទៀត។ ហើយបងស្រី ក៏ត្រូវបានសាច់ញាតិជួយឧបត្ថម្ភខ្លះ រួមទាំងអ្នកភូមិផងរបងជាមួយផងដែរ។
បងស្រីមានក្តីរំភើប ខណៈពេលដែលសប្បុរសជននៅច្បារអំពៅរាជធានីភ្នំពេញបានផ្តល់ថវិកាដល់បងស្រី សម្រាប់ដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ និងទុកចំណាយទៅលើសោហ៊ុយធ្វើដំណើរទៅបើកថ្នាំជារៀងរាល់ខែនោះ។ បងស្រី បានទទួលថវិកាពីសប្បុរសជននៅច្បារអំពៅចំនួន២០០ដុល្លារដែលថវិកានេះ គឺមានចំនួនច្រើនលើសលប់ចំពោះរូបបងស្រី ដែលកំពុងជួបការលំបាក និងថែមទាំងមានជំងឺប្រចាំកាយដ៏សាហាវបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments