នៅថ្ងៃពុធ សហរដ្ឋអាមេរិក បានអំពាវនាវឲ្យមានតម្លាភាពបន្ថែមទៀត ខណៈខ្លួន បានចោទប្រកាន់ប្រទេសរុស្ស៊ី និងចិនថាមិនបានរាយការណ៍ពេញលេញអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនចំពេលមានការគំរាមរបស់អាមេរិកក្នុងការដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធដ៏សំខាន់មួយ។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានធ្វើការកត់សម្គាល់បែបនេះខណៈសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលសុទ្ធតែជាមហាអំណាចប្រដាប់អាវុធនុយក្លេអ៊ែរបានជួបប្រជុំគ្នានៅក្នុងទីក្រុងប៉េកាំងដើម្បីពិភាក្សាអំពីការដកអាវុធនុយក្លេអ៊ែរនិងការមិនរីកសាយនៃអាវុធនុយក្លេអ៊ែរ។
លោកស្រី Andrea Thompson អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកគ្រប់គ្រងអាវុធនិងសន្តិសុខអន្តរជាតិបាននិយាយថា មានលទ្ធផលមិនស្មើគ្នានៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនតម្លាភាពក្រោមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។
លោកស្រី Thompson បាននិយាយនៅក្នុងសុន្ទរកថាបើករបស់លោកស្រីថា “ពីមុន យើងបានព្រមព្រៀងកំណត់ទ្រង់ទ្រាយសម្រាប់ការរាយការណ៍ប៉ុន្តែគម្លាតរវាងរបាយការណ៍របស់សហរដ្ឋអាមេរិកជាមួយប្រទេសរុស្ស៊ីនិងប្រទេសចិនគឺឆ្ងាយខ្លាំងណាស់”។
លោកស្រីបានថ្លែងថា “ខ្ញុំមិនអាចសង្កត់ធ្ងន់លើតម្លៃនៃតម្លាភាពបានទេ”។
លោកស្រីបន្តថា “យើងកំពុងសម្លឹងទៅរកការពិភាក្សាអំពីរបៀបដែលយើងអាចលើកកម្ពស់តម្លាភាពដើម្បីធានាដល់អ្នកដទៃអំពីជំហានពិតប្រាកដដែលយើងកំពុងធ្វើដើម្បីធានានូវការអនុលោមពេញលេញនិងអាចផ្ទៀងផ្ទាត់បានចំពោះការប្តេជ្ញាចិត្តនិងកាតព្វកិច្ចមិនរីកសាយភាយអាវុធនិងការរំសាយអាវុធរបស់យើង”។
ក្រុមមន្ត្រីមកពីប្រទេសរុស្ស៊ី ចិន បារាំងនិងចក្រភពអង់គ្លេសដែលជាប្រទេសស្ថិតក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរដែលនឹងបន្តដល់ថ្ងៃព្រហស្បតិ៍។
កិច្ចពិភាក្សានេះបានកើតឡើងបន្ទាប់ពីមានភាពតានតឹងជាច្រើនខែរវាងទីក្រុងមូស្គូនិងក្រុងវ៉ាស៊ីនតោនស្តីពីជោគវាសនានៃសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៨៧ដោយប្រធានាធិបតីអាមេរិកលោក Ronald Reagan និងមេដឹកនាំសូវៀតលោក Mikhail Gorbachev។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះខណៈដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានគំរាមដល់ការប្រកួតប្រជែងសព្វាវុធថ្មីដោយនិយាយថា ទ្វីបអឺរ៉ុបនឹងក្លាយជាជនរងគ្រោះដ៏ធំ៕ AFP
Source: Kampuchea Thmey Daily
0 Comments