Ad Code

សមត្ថកិច្ច​ឈឺក្បាល​និយាយ​ មិន​ចេញ​ ចាប់​ចោរ​ជើងចាស់​ចូល​គុក​ដដែលៗ​ជា​លើក​ទី​៣​ហើយ​ តែ​មាន​ឱកាស​រួច​



ភ្នំពេញ​ ៖ ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ បាន​សម្តែង​ការ​មិនសប្បាយចិត្ត​ឈឺក្បាល​បំផុត​ដោយសារតែ​ ខំប្រឹងប្រែង​យាម​​​​​ល្បាត​យាមកាម​ និង​ចាប់​បង្ក្រាប​ក្រុម​សង្គម​ងងឹត​រាល់​យប់​រាល់ថ្ងៃ​ស្ទើរ​ពុំបាន​ដេក​ពួន ​ក្រោយ​មាន​បទល្មើស​កើតឡើង​ម្ដងៗ ​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់។ តែ​ផ្ទុយទៅវិញ​ឃើញ​មុខ​ចោរ​ដដែលៗ​មក​ធ្វើ​សកម្មភាព​ ហើយ​ក៏​ត្រូវ​ចាប់​បង្ក្រាប​ទៀត​ខ្លះ​៣​ទៅ​៤​ដង​ក៏​មាន​ដែរ​ ធ្វើ​អោយ​សមត្ថកិច្ច​ឈឺក្បាល​មិន​ស្ទើរ​ឡើយ។

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧និង៣០​នាទី​យប់ មាន​ករណី​ចោរកម្ម​លួច​ចូល​ផ្ទះ​គាស់​ ទម្លុះទម្លាយ​យក​សម្ភារៈ​មានតម្លៃ ព្រមទាំង​ប្រាក់​ដុល្លារ​អាមេរិក មួយ​ចំនួន​ធំ និង​រថយន្ត​ទំនើប​ម៉ាក លុច​ស៊ី​ស​៥៧០ មួយ​គ្រឿង នៅ​ចំណុច​ផ្ទះ​លេខ​២៨ ផ្លូវ​D០១ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ក្រុម​ជនល្មើស​ទាំងនេះ​ជា​ក្រុម​ដដែលៗ​ខាងលើ​នោះ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​បាន​អោយ​ដឹង​ថា ​ក្រោយពេល​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ​ សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​សែន​សុខ រួម​ជាមួយ ការិយាល័យ​បទល្មើស ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អាវុធហត្ថ​ខណ្ឌ​ចំការមន និង​អាវុធហត្ថ​ខណ្ឌ​មានជ័យ ​បាន​សហការ​គ្នា​បើក​ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​កំណត់​មុខសញ្ញា​បាន និង​ឃាត់ខ្លួន ជនសង្ស័យ ០២​នាក់ ឈ្មោះ អាត រដ្ឋា និង​ឈ្មោះ ពូន សុខ​គន្ធ ព្រមទាំង​ដកហូត​រថយន្ត​០១​គ្រឿង ​ម៉ាក​Rav4 ក៏ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​សារភាព និង​សហការ​​ផ្តល់​ព័ត៌មាន ដល់​សមត្ថកិច្ច​ឡើយ។

ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង​០២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​កំណត់​គោលដៅ និង​រក​ឃើញ​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក Luxis ៥៧០ ដែល​ជនសង្ស័យ​យក​ទៅ​លាក់​ទុក​ក្នុង​ផ្ទះ​គ្មាន​លេខ ផ្លូវ​៤៨BT ភូមិ​ក្បាល​ទំនប់​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌ​មានជ័យ ត្រឡប់​មកវិញ​ប្រគល់​ជូន​ជនរងគ្រោះ។

វិធានការ​ជំនាញ​បន្ត អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​ឃើញ​ថា ឈ្មោះ អាត រដ្ឋា គឺជា​ជន​ដៃដល់​ដែល​បាន​ចូល​លួច ទ្រព្យសម្បត្តិ និង​រថយន្ត​ផ្ទាល់ ជាមួយ​ដៃគូ​​ម្នាក់​ផ្សេងទៀត​ឈ្មោះ សុខ វណ្ណា​ហើយ​ឈ្មោះ អាត រដ្ឋា នេះ ធ្លាប់​ជាប់គុក ០២​ដង​រួចមក។

ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​ទំនើប​ៗ​យ៉ាងសកម្ម​នៅ​តាម​បុរី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​លើក​ទី​១ នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៣ និង ឃាត់ខ្លួន​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧។

មន្ត្រី​ដដែល​បន្តថា​ ក្នុង​ដើម​ឆ្នាំ​២០១៩ នេះ ឈ្មោះ អាត រដ្ឋា ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ជា​លើក​ទី​៣ រីឯ​ដៃគូ​​ឈ្មោះ សុខ វណ្ណា ដែល​បាន​ចូលរួម​លួច​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ គឺ​ទើប​ចេញពី​គុក​ជាមួយគ្នា​កាលពី ០៤​ខែ​មុន បច្ចុប្បន្ន​បាន​គេច​ខ្លួន​រួច។ រាល់ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ម្តងៗ ឈ្មោះ អាត រដ្ឋា បាន​ប្រើ​ឈ្មោះ​ផ្សេងៗ​គ្នា រួមមាន ឈ្មោះ​អាត រដ្ឋា ឬ គង់​មាន ឬ រុំ រដ្ឋា ហៅ​មាន ឬ​ប៉ូ​យ​។ ឈ្មោះ អាត រដ្ឋា បាន​សារភាព​បន្ថែម​ថា ក្នុងអំឡុងពេល​ជាប់ពន្ធនាគារ រូបគេ​ជាមួយ​ឈ្មោះ សុខ វណ្ណា តែងតែ​ពិភាក្សា​គ្នា​អំពី​វិធីសាស្ត្រ​ក្នុង​ការ​លួច វិធីសាស្ត្រ​គេច​ពី​សមត្ថកិច្ច វិធីសាស្ត្រ​ឆ្លើយ​ដោះ​បន្ទុក​ពេល​សមត្ថកិច្ច​ចាប់​បាន និង​វិធីសាស្ត្រ​ឆ្លើយ​សម្រាលទោស​នៅ​ចំពោះ​មុខ​តុលាការ។

ប្រភព​បន្ថែម​ថា​ លុះ​ពេល​រូបគេ​ និង​ឈ្មោះ សុខ វណ្ណា ចេញពី​ពន្ធនាគារ ក៏​ចាប់ដៃ​គ្នា អនុវត្តន៍​ផែនការ​លួច​និង​វិធីសាស្ត្រ​ទាំងឡាយ​ដែល​បាន​ពិភាក្សា​គ្នា​ក្នុង​ពន្ធនាគារ រហូត​ចុងក្រោយ​ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជា​លើក​ទី​៣​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្នុង​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ដោយ​ចោទ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​មិន​រាងចាល ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu