អាជ្ញាធរបាននិយាយថា ការវាយប្រហារដោយគ្រាប់បែកដៃមួយទៅលើវិហារឥស្លាមមួយនៅភាគ ខាងត្បូងប្រទេសហ្វីលីពីន បានសម្លាប់មនុស្សពីរនាក់កាលពីព្រឹកថ្ងៃពុធ ដែលហេតុការណ៍នេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនៅព្រះវិហារកាតូលិកនិងការបោះឆ្នោតដែលគាំទ្រការគ្រប់គ្រងដោយខ្លួនឯងរបស់ពួកមូស្លីម។
ការផ្ទុះនេះបានវាយប្រហារអគារខណៈដែលជនរងគ្រោះកំពុងដេកលង់លក់នៅក្នុងភាពងងឹតមុនពេលថ្ងៃរះលើកោះ Mindanao ដែលជាប្រភពនៃជនជាតិភាគតិចមូស្លីមរបស់ហ្វីលីពីន។
កន្ទេលអធិស្ឋានដែលប្រឡាក់ដោយឈាមនិងកញ្ចក់បែកខ្ចាត់ខ្ចាយអាចត្រូវបានគេឃើញលើឥដ្ឋនៅខាងក្នុងព្រះវិហារខណៈដែលកងកម្លាំងសន្តិសុខកំពុងធ្វើការនៅកន្លែងកើតហេតុ។
ការផ្ទុះនេះបានកើតឡើងខណៈប្រជាជាតិកាន់សាសនាកាតូលិកភាគច្រើនមួយនេះកំពុងមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងព្រះវិហារមួយដែលបានសម្លាប់មនុស្សចំនួន២១នាក់កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារមួយដែលអះអាងដោយក្រុមរដ្ឋឥស្លាម។
អ្នកនាំពាក្យយោធាប្រចាំតំបន់លោកវរសេនីយ៍ឯក Gerry Besana បានប្រាប់ AFP ថា មនុស្សចំនួន២នាក់ត្រូវបានសម្លាប់និង៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារក្នុងព្រះវិហារឥស្លាមនៅទីក្រុង Zamboanga។
លោក Besana បានថ្លែងថា “វាពិបាកណាស់ក្នុងការសន្និដ្ឋានថាតើនេះជាការសងសឹកចំពោះការវាយប្រហារនៅព្រះវិហារមែនឬក៏មិនមែន។ មានការពន្យល់ជាច្រើន”។
អាជ្ញាធរក៏កំពុងតាមប្រមាញ់អ្នកវាយប្រហារដែលពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃអាទិត្យនៅលើកោះ Jolo ផងដែរដែលកងកម្លាំងសន្តិសុខបាននិយាយពីដំបូងថា មិនមែនជាការវាយប្រហារអត្តឃាតទេ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Rodrigo Duterte បានជំទាស់ចំពោះការលើកឡើងនេះដោយនិយាយថា អ្នកបំផ្ទុះគ្រាប់បែកម្នាក់បានបំផ្ទុះខ្លួនឯងនៅខាងក្រៅព្រះវិហារលើកោះដែលមានជនមូស្លីមដ៏ច្រើនលើសលប់មួយនេះ។
ការស៊ើបអង្កេតបានចង្អុលទៅក្រុមមួយដែលមានទំនាក់ទំនងជាមួយក្រុម Abu Sayyaf ដែលបានសន្យាភក្ដីភាពចំពោះក្រុមរដ្ឋឥស្លាម៕ AFP
Source: Kampuchea Thmey Daily
0 Comments