បន្ទាយមានជ័យ ៖ ចូលមកដល់ខែមករា ឆ្នាំ២០១៩នេះ មិនទាន់ផុតផង ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៣គ្រឿង បុកបន្តគ្នា ខ្លះធ្លាក់ប្រឡាយ និងខ្លះទៀតធ្លាក់ស្រែ បណ្តាលឲ្យរបួសធ្ងន់ស្រាល៦នាក់ ស្រី៤នាក់ និងក្មេង២នាក់ កើតឡើងនៅវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងនោះ មានរថយន្ត LEXUS RX330 ពណ៌ស ដែលពាក់ស្លាកលេខបន្ទាយមានជ័យ 2A-6996 បើកក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែឡើងជែង ក៏ទៅបុករថយន្តធុនធំកូរ៉េ១គ្រឿង ដឹកទឹកសុទ្ធ ដែលបើកបរបញ្ច្រាសទិសគ្នា ពីកើតទៅលិច ហើយរុលទៅបុករថយន្តម៉ាកហាយឡែនដឺ ពណ៌ទឹកប្រាក់១គ្រឿង ទៀតដែលពាក់ស្លាកលេខភ្នំពេញ2I- 2745 បើកពីទិសដៅពីកើតទៅលិច ហើយគ្រោះថ្នាក់នេះ រងរបួស៦នាក់ ស្រី៤នាក់ កុមារ២នាក់។ ក្រោយពីកើតហេតុហើយ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ផងដែរ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកបានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបណ្តាលមកពីអ្នកបើករថយន្តលុចស៊ី ដែលបើកល្បឿនលឿន ឡើងជែងដោយគ្មានការប្រុងប្រយ័ត្ន ទើបបណ្តាលទៅបុករថយន្តកូរ៉េធ្លាក់ចូលស្រែ ហើយរុលទៅបុករថយន្តហាយឡែនដឺ១គ្រឿងទៀត ធ្លាក់ចូលប្រឡាយ និងរបួស៦នាក់ ស្រី៤នាក់ និងកុមារ២នាក់ ហើយរថយន្តទាំង៣គ្រឿងរងការខូចខាត ក្នុងនោះ២គ្រឿងខូចខាតធ្ងន់។ ក្រោយពេលវាស់វែង នគរបាលចរាចរណ៍ បានយករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ជើងគោក៕
Source: Kampuchea Thmey Daily
0 Comments