Ad Code

មនុស្ស​១០,០០០​នាក់​ដើរ​ក្បួន​ក្នុង​ទីក្រុង​ប៉ារីស​ប្រឆាំង​អំពើហិង្សា​របស់​ក្រុម “​អាវកាក់​ពណ៌​លឿង​”



កាលពី​ថ្ងៃអាទិត្យ មនុស្ស​ជាង​១០,០០០​នាក់​បាន​ដើរ​ដង្ហែ​ក្បួន​ក្នុង​ទីក្រុង​ប៉ារីស​ប្រឆាំងនឹង​អំពើហិង្សា​របស់​ក្រុម “​អាវកាក់​ពណ៌​លឿង​” អំឡុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​ទាក់ទាញ​មនុស្ស​រាប់ម៉ឺន​នាក់​ឲ្យ​ចេញមក​តាម​ដងផ្លូវ​ក្នុង​រយៈពេល​១១​សប្តាហ៍​កន្លងមកនេះ​។​

ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​មក លោក​ប្រធានាធិបតី Emmanuel Macron បានផ្តល់​សម្បទាន​និង​ការជជែក​ដេញដោល​ដើម្បី​ស្វែងរក​ការបង្ក្រាប​លើ​ការប្រមូលផ្តុំ​ប្រចាំ​សប្តាហ៍​ដែលជា​ញឹកញាប់​បានបញ្ចប់​ទៅ​នៅក្នុង​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ជាមួយ​ប៉ូលិស​។​

នៅក្នុង​ការតវ៉ា​របស់​គូប្រជែង​កាលពី​ថ្ងៃអាទិត្យ ហ្វូងមនុស្ស​បាន​ដើរ​ដង្ហែ​ក្បួន​ក្រោម​តំណក់ទឹកភ្លៀង​ពី​ទីលាន Place de la Nation ទៅ​វិមាន Bastille ដោយ​អ្នកខ្លះ​ស្រែកថា “Yes ចំពោះ​លទ្ធិប្រជាធិបតេយ្យ No ចំពោះ​បដិវត្តន៍​” ខណៈ​ពួកគេ​គ្រវីទង់ជាតិ​បារាំង​និង​ទង់​សហភាព​អឺរ៉ុប​។​

បាតុករ​ជាច្រើន​ដែល​ចូលរួម​ក្នុងការ​ជួបជុំ​ដែលមាន​ឈ្មោះថា “​កន្សែង​ពណ៌​ក្រហម​” បាន​និយាយថា ពួកគេ​មិន​ប្រឆាំងនឹង​ការទាមទារ​របស់ “​ក្រុម​អាវកាក់​ពណ៌​លឿង​” ឲ្យ​មាន​ជំនួយ​កាន់តែច្រើន​សម្រាប់​ជនក្រីក្រ​របស់​ប្រទេស​បារាំង​នោះទេ​ប៉ុន្តែ​ពួកគេ​ធុញទ្រាន់​នឹង​ការប៉ះទង្គិច​និង​ការបំផ្លិចបំផ្លាញ​ក្នុងការ​តវ៉ា​នេះ​។​

ការតវ៉ា​កាលពី​ថ្ងៃអាទិត្យ​គឺមាន​ទំហំ​ស្ទើរតែ​ទ្វេដង​លើ​បាតុកម្ម “​អាវកាក់​ពណ៌​លឿង​” ក្នុង​ទីក្រុង​ប៉ារីស​នៅ​មួយ​ថ្ងៃមុន​នោះ​នៅពេល​ដែលមាន​មនុស្ស​ប្រមាណ​៤,០០០​នាក់​បាន​ចេញមក​តាម​ផ្លូវ​ប្រឆាំង​លោក Macron ។​

ចលនា​នេះ​បានកើត​ចេញ​ដោយសារ​ការកើនឡើង​នៃ​ពន្ធ​ប្រេងឥន្ធនៈ​ហើយ​វា​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៅជា​បដិវត្តន៍​លើ​ការចោទប្រកាន់ថា លោក​ប្រធានាធិបតី​ខ្វះ​ទំនាក់ទំនង​ជាមួយ​តំបន់​ជនបទនិង​ទីប្រជុំជន​តូចៗ​របស់​ប្រទេស​បារាំង​។​

ប៉ុន្តែ​ចំនួន​របស់​ពួកគេ​បាន​ធ្លាក់ចុះ​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បន្ទាប់ពី​លោក Macron បានប្រកាស​ពី​គោលនយោបាយ​ជា​បន្តបន្ទាប់​និង​បានចាប់ផ្តើម​ការពិគ្រោះ​យោបល់​រយៈពេល​ពីរ​ខែ​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាជន​បញ្ចេញ​កំហឹង​របស់​ពួកគេ​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu