បាល់ទាត់ ៖ ការប្រកួតជ្រើសរើសជើងឯកកុមារតូយ៉ូតាកម្ពុជា (Toyota Junior Cup) សម្រាប់ឆ្នាំ២០១៨ បានរកឃើញក្រុមដែលជាម្ចាស់ជើងឯកហើយ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះក្រុមទាំង២៤ក្រុម ចំនួនជាច្រើនដំណាក់កាលមក ទាំងនៅទីលានសាលា AUPP និងនៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
កម្មវិធីប្រកួតដណ្ដើមជើងឯក ធ្វើឡើងនៅថ្ងៃទី២៧មករា នៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ខណៈក្រុមដែលទទួលបានជើងឯកគឺក្រុម AI Center បន្ទាប់ពីយកឈ្នះលើក្រុមសាលាបឋមសិក្សាព្រែព្នៅ ដោយលទ្ធផល១ទល់០។
សូមរំលឹកថា មានសាលាចំនួន២៤ បានចូលរួមក្នុងពានរង្វាន់នេះមានដូចជា សាលាបឋមសិក្សាឫស្សីកែវ, ចម្រើនជាតិ, សាគូរ៉ា, បាក់ទូក, ទួលស្វាយព្រៃ, ចតុមុខ, ព្រែកព្នៅ, នរោត្តម, ទួលស្លែង, វត្តព្រះពុទ្ធ, សំពៅមាស, វេស្ទឡាញ, ម៉ូឌែន, អន្តរទ្វីបអាមេរិកាំង, ចេនសាណា, CIA First International School, IEL International School, Westline School, Phnom Penh Thmey, Singapore International School, សុវណ្ណភូមិ, New Gateway International School, Northline School, Hiroshima House និង AI Center។
ពានរង្វាន់បាល់ទាត់កម្រិតកុមារខាងលើនេះ គឺកើតចេញពីការសហការរវាងក្រុមហ៊ុន Toyota Cambodia ជាមួយស្ថាប័នកីឡា GFA Soriya ដៃគូឧបត្ថម្ភនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី៣ នៅកម្ពុជា។ ចំពោះក្រុមយុវជនមកពីសាលារៀនសុវណ្ណភូមិ ជាម្ចាស់ជើងឯកពានរង្វាន់Toyota Cambodia Junior Cup កាលពីឆ្នាំ២០១៧ កន្លងទៅ។
យោងតាមតំណាងរបស់ GFA Soriya បានបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតពានរង្វាន់ជើងឯកកុមារ នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យរីកចម្រើន ដោយចាប់ផ្ដើមពីការបណ្ដុះបណ្ដាលកុមារ និងថ្នាលយុវជនដើម្បីអភិវឌ្ឍន៍នូវជំនាញរបស់ពួកគេឲ្យកាន់តែប្រសើរឡើង ក៏ដូចជាជួយឲ្យពួកគាត់សម្រេចគោលបំណង ដែលចង់ក្លាយជាកីឡាករឆ្នើមនៅថ្ងៃអនាគត៕
Source: Kampuchea Thmey Daily
0 Comments