តុលាការចិនភាគខាងជើងបាននិយាយថា មេធាវីការពារសិទ្ធិមនុស្សចិនដ៏ល្បីល្បាញឈ្មោះ Wang Quanzhang ត្រូវបានកាត់ទោសកាលពីថ្ងៃចន្ទឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំកន្លះពីបទមានបំណងផ្តួលរំលំរដ្ឋ។
លោក Wang អាយុ៤២ឆ្នាំដែលបានការពារក្រុមសកម្មជននយោបាយនិងជនរងគ្រោះនៃការរឹបអូសយកដីធ្លីបានបាត់ខ្លួននៅក្នុងការបោសសម្អាតឆ្នាំ២០១៥ដែលត្រូវបានគេស្គាល់ថាជាការបង្ក្រាប “៧០៩”។
ដោយត្រូវបានចោទប្រកាន់នៅក្នុងខែមករាឆ្នាំ២០១៦ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋ លោក Wang គឺជាមនុស្សចុងក្រោយក្នុងចំណោមមេធាវីនិងសកម្មជនជាង២០០នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាប “៧០៩” ដែលនឹងត្រូវកាត់ទោសឬដោះលែង។
តុលាការ Tianjin Second Intermediate People បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Wang ត្រូវបានគេរកឃើញថាមានទោសពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចហើយត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ៦ខែនិងត្រូវបានដកហូតសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ។
បន្ទាប់ពីត្រូវបានឃុំខ្លួនដោយគ្មានកាលបរិច្ឆេទជំនុំជម្រះរយៈពេលពីរឆ្នាំ សវនាការរបស់លោក Wang បានធ្វើឡើងនៅពីក្រោយការបិទទ្វារក្នុងទីក្រុង Tianjin កាលពីថ្ងៃទី២៦ខែធ្នូ។
នៅពេលនោះ តុលាការបាននិយាយថា ការកាត់ក្តីនេះត្រូវបិទចំពោះសាធារណជនដោយសារតែការសម្ងាត់របស់រដ្ឋមានជាប់ពាក់ព័ន្ធនៅក្នុងនោះ។
ភរិយារបស់លោក Wang គឺលោកស្រី Li Wenzu ត្រូវបានគេដាក់នៅក្រោមការឃុំឃាំងក្នុងផ្ទះមួយថ្ងៃមុនពេលការកាត់ក្តីស្វាមីរបស់លោកស្រីដើម្បីរារាំងលោកស្រីពីការចូលរួម។
លោកស្រី Li បានធ្វើការតវ៉ាយ៉ាងស្វិតស្វាញចំពោះការឃុំឃាំងស្វាមីរបស់លោកស្រី។ កាលពីខែមេសាឆ្នាំមុន លោកស្រីបានព្យាយាមដើរក្បួនចម្ងាយ១០០គីឡូម៉ែត្រឆ្ពោះទៅកន្លែងឃុំឃាំងស្វាមីរបស់លោកស្រីនៅក្នុងទីក្រុង Tianjin។
នៅក្នុងខែធ្នូ មុនពេលកាលបរិច្ឆេទតុលាការរបស់លោក Wang ត្រូវបានប្រកាស, លោក Li និងអ្នកគាំទ្រចំនួន៣នាក់បានកោរសក់ហើយព្យាយាមដាក់ញត្តិទៅតុលាការក្រុងប៉េកាំងដើម្បីតវ៉ាចំពោះការឃុំខ្លួនរបស់លោក Wang៕ AFP
Source: Kampuchea Thmey Daily
0 Comments