Ad Code

លោក Maduro ច្រានចោល​ការ​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ស្របពេល​រង​សម្ពាធ​កាន់តែខ្លាំង​



កាលពី​ថ្ងៃអាទិត្យ ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nicolas Maduro បាន​ច្រានចោល​ឱសានវាទ​របស់​តំបន់​អឺរ៉ុប​ដែល​លោក​ហៅថា​ជា “​ការបោះឆ្នោត​” ខណៈ​គូប្រជែង​បក្សប្រឆាំង​លោក Juan Guaido បាន​បង្កើន​ការអំពាវនាវ​ឲ្យ​យោធា​ងាក​មក​ប្រឆាំងនឹង​រដ្ឋាភិបាល​ឆ្វេងនិយម​។​

ទន្ទឹម​នោះ សហរដ្ឋអាមេរិក​បាន​ព្រមាន​ដាច់ដោយឡែក​ថា​នឹងមាន “​ការឆ្លើយតប​យ៉ាងសំខាន់​” ប្រសិនបើ​អ្នកការទូត​អាមេរិក​, លោក Guaido ឬ​រដ្ឋសភាជាតិ​ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង​ត្រូវបាន​កំណត់​គោលដៅ​ដោយ​អំពើ​ហឹ​ង្សា​និង​ការបំភិតបំភ័យ​។​

ការព្រមាន​នេះ​បាន​កើតឡើង​បន្ទាប់ពី​ប្រទេស​អេ​ស្ប៉ា​ញ អង់គ្លេស បារាំង ហូ​ឡង់​និង​អាល្លឺម៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ពួកគេ​នឹង​ទទួលស្គាល់​លោក Guaido ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​លុះត្រាតែ​លោក Maduro អំពាវនាវ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ក្នុង​រយៈពេល​៨​ថ្ងៃ​។​

ប្រទេស​អូស្ត្រាលី​ក៏បាន​ធ្វើតាម​នេះដែរ​ដោយ​និយាយថា ខ្លួន​ទទួលស្គាល់​និង​គាំទ្រ​លោក Guaido ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​រង់ចាំ​ការបោះឆ្នោត​។​

លោក Maduro បាន​ប្រាប់​ទូរទស្សន៍ CNN របស់​ប្រទេស​ទួរគី​នៅក្នុង​បទសម្ភាសន៍​មួយ​ថា “​ពួកគេ​គួរតែ​ដក​ឱសានវាទ​នេះ​។ គ្មាន​នរណាម្នាក់​អាច​ផ្តល់​ឱសានវាទ​ដល់​យើង​បានទេ​”​។​

លោក Maduro បាន​បន្ថែមថា “​វេ​ណេ​ហ្ស៊ូ​អេ​ឡា​មិន​ជាប់ទាក់ទង​នឹង​ទ្វីបអឺរ៉ុប​ទេ​។ នេះ​គឺជា​ភាពអយុត្តិធម៌​ទាំងស្រុង​”​។​លោក​បាន​រៀបរាប់​អំពី​សកម្មភាព​របស់​អឺរ៉ុប​ថា​ជា “​កំហុស​”​។​

ក្រោយមក​គាត់​បានបង្ហាញ​ខ្លួន​ក្នុង​សមយុទ្ធ​យោធា​មួយ​នៅ​រដ្ឋ Carabobo ដែល​នៅ​ទីនោះ​គាត់​បាន​អំពាវនាវ​ឲ្យ​មាន “​ការរួបរួម ក្បួន​និង​កម្លាំង​ស្អិតរ​មួ​ត​” ដើម្បី​កម្ចាត់​នូវ​អ្វីដែល​គាត់​ហៅថា​ជា “​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​”​។​

រហូតមកដល់​ពេលនេះ យោធា​បាន​គាំទ្រ​របប​ឆ្វេងនិយម​ដែល​ទទួលបាន​អំណាច​កាលពី​ជាង​២០​ឆ្នាំមុន​ដោយ​លោក Hugo Chavez ប៉ុន្តែ​មាន​សញ្ញា​មួយចំនួន​នៃ​ភាពចលាចល​។​

គួរបញ្ជាក់​ជាថ្មី​ថា លោក Guaido អាយុ​៣៥​ឆ្នាំ​គឺជា​ប្រធានរដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង​ហើយ​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី​នៅ​ទីក្រុង Caracas កាលពី​ថ្ងៃ​ពុធ​ក្នុងអំឡុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដោយ​មនុស្ស​រាប់ម៉ឺន​នាក់​។​

គាត់​បាន​អះអាងថា ការជាប់ឆ្នោត​ជាថ្មី​របស់លោក Maduro សម្រាប់​អាណត្តិ​ប្រាំមួយ​ឆ្នាំ​ជា​លើក​ទី​ពីរ​គឺជា​ការ​ក្លែងបន្លំ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu