Ad Code

ជិះ​ម៉ូតូ​តាម​វាយ​ប្លន់​នារី​រោងចក្រ​ដល់​មុខ​ផ្ទះ ចាប់បាន​ម្នាក់



ភ្នំពេញ ៖ ខណៈ​ពេល​ដែល​នាង​ជា​កម្មការិនី​រោងចក្រ​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មកពី​ធ្វើការ​វិញ​ត្រូវ​បាន​ចោរ​ពីរ​នាក់ ​នាំគ្នា​ជិះ​ម៉ូតូ​តាម​ពីក្រោយ ​រហូតដល់​មុខ​បន្ទប់​ជួល​ ហើយ​ធ្វើ​សកម្មភាព​វាយ​ប្លន់​តែ​មិនបាន​សម្រេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​បាន​ម្នាក់​វាយ​ទ្រោម​ខ្លួន កាល​វេលា​ម៉ោង​៤​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១៩​ ខែមករា ​ឆ្នាំ​២០១៩ ​នៅ​ភូមិ​ព្រៃទា២ ​សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ឈ្មោះ សេក តា​រេ​ក ហៅ​ ទិ​ត្យ ​ភេទ​ប្រុស ​អាយុ១៩​ឆ្នាំ មុខរបរ​មិន​ពិត​ស្នាក់នៅ​ភូមិ​ទួលសំបូរ សង្កាត់​ប្រវែង​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។



ជនរងគ្រោះ​ឈ្មោះ​ស៊ន រ័ត្ន ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ រស់នៅ​ផ្ទះជួល​ភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​ មាន​ស្រុកកំណើត​នៅ ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​។ ជនរងគ្រោះ​ទី​២​ឈ្មោះ សោម ស្រស់​អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​ផ្ទះ​ជួល​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​២០១៤ ​ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​ភ្នំពេញ 1FA-7402​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​នាង​ទើប​ត្រឡប់​មកពី​ធ្វើការ​រោងចក្រ​វេន​យប់​ហើយ​បាន​ជិះ​ម៉ូតូ២​នាក់​ មិត្ត​ភ​ក្កិ​របស់​នាង​ឆ្ពោះទៅ​បន្ទប់​ជួល​វិញ ហើយ​បានឃើញ​ជនសង្ស័យ២​នាក់​ ជិះ​ម៉ូតូ​តាម​ពីក្រោយ​ពួក​នាង លុះ​ជនរងគ្រោះ​បើក​ម៉ូតូ មកដល់​មុខផ្ទះ​ជួល ស្រាប់តែ ជនសង្ស័យ​ជិះ​ម៉ូតូ​ហួស​បន្តិច ដោយ​ជនសង្ស័យ​ម្នាក់​ជិះ​ក្រោយ​បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​មក​ដណ្តើម ម៉ូតូ​របស់​នាង និង​វាយ​នាង​៣​ដៃ​ផងដែរ​។



ប្រភព​បន្ដ​ថា ​ពេលនោះ​អា​ម្នាក់ទៀត​ ដែល​អង្គុយ​លើ​ម៉ូតូ​បាន​ស្រែកថា​ ដក​កាំភ្លើង​បាញ់​វា​ទៅ តែ​តាមពិត​ជនសង្ស័យ​ខាងលើ មិន​មាន​កាំភ្លើង​នោះ​ឡើយ​បន្ទាប់មក​ជនរងគ្រោះ បាន​ស្រែក​ថា ចោរៗ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចេញ​មកពី​ផ្ទះ​ជួល​នាំគ្នា​ចាប់បាន​ជនសង្ស័យ​ម្នាក់​ហើយ​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​។ ចំណែក​ជនសង្ស័យ​ម្នាក់​ ដែល​ឃាត់​បាន​ត្រូវ​បាន​ប្រជាពលរដ្ឋ វាយ​បណ្តាល​ឲ្យ​បែកក្បាល​ផងដែរ ហើយ​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍​ភ្លាមៗ​រួច​នាំទៅ​សាកសួរ​បន្ត​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​ទី​៣​។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣​ហើយ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu