Ad Code

រដ្ឋបាល​រាជធានី​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​កាយ​បង្ហូរទឹក​ពី​សហគមន៍​ភូមិ​អណ្តូង តាម​បណ្តាញ​លូ​ថ្មី​ទៅ​ប្រឡាយ​វត្ត​ជុំ និង​បន្ត​ហូរ​ទៅ​ប្រឡាយ​ទួល​សំពៅ



​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​រដូវវស្សា​កន្លងមក​នេះ​តែង​ទទួល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង។



ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង ជា​អភិបាល​តែង​បាន​ដឹកនាំ មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់ សំដៅ​ធ្វើ​យ៉ាង​ណា​សម្រួលការ​លំបាក​ដល់​ប្រជាពលរដ្ឋ​។



មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា តាម​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​សកម្មភាព បើក​ការដ្ឋាន​ស្ថាបនា​ស្តារ លូ ប្រឡាយ​នៅក្នុង​រាជធានី ដើម្បី​ធ្វើយ៉ាងណា​រំដោះ​ទឹក​ឲ្យ​បាន​នៅក្នុង​រដូវវស្សា​ខាងមុខ​នេះ​។ ជាក់ស្តែង​នៅ​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​កាយ​បង្ហូរទឹក​ពី​សហគមន៍​ភូមិ​អណ្តូង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ តាម​បណ្តាញ​លូ​ថ្មី​ទើប​ដាក់​រួច មក​ប្រឡាយ​វត្ត​ជុំ​ដែល​ទើប​ជីក​រួច ហើយ​ហូរ​បន្តទៅ​ប្រឡាយ​ទួល​សំពៅ។



ម​ន្ត្រី​ដ​ដែល​បាន​បញ្ជាក់​ថា ចំពោះមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ជីក​ផ្តាច់​ផ្លូវ​ដាក់​លូ​ប្រអប់​ជំនួស​លូ​ចាស់​តូច​ទំហំ​តែ ០.៦​ម៉ែត្រ​ដែល​សង្ឃឹមថា នៅ​រដូវវស្សា​ឆ្នាំ​២០១៩​ខាងមុខនេះ នឹង​កាត់បន្ថយ​ការ​លិចលង់​នៅ​សហគមន៍​ភូមិ​អណ្តូង និង​តំបន់​សង្កាត់​គោករកា​ជាក់​ជា​មិន​ខាត​។



​គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១៥ កញ្ញា​២០១៨​ កន្លង​មក​នេះ​ អភិបាល​រាជធានី​ភ្នំពេញ​ ​លោក ឃួ​ង ស្រេង បាន​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យមើល​ស្ថានភាព​លូ ប្រឡាយ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ដើម្បី​រិះរក​វិធីសាស្ត្រ រំដោះ​ទឹក​ចេញពី​លំនៅឋាន​ប្រជាពលរដ្ឋ​ជា​បណ្តោះអាសន្ន ខណៈដែល​ពេលនោះ​ទឹក​កំពុង​លិច​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ត្រាំត្រែង ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​នេះដែរ កាលពី​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា ២០១៨ កន្លង​មក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​បើក​ការដ្ឋាន​ដាក់លូ​២​ខ្សែ នៅ​សងខាង​ផ្លូវ​១៩៦២ ស្ថិតក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន សុខ មាន​ប្រវែង​៩៤០០​ម៉ែត្រ ទំហំ​មួយ​ម៉ែត្រ​កន្លះ ចាប់ពី​វត្ត​អង្គ​ជុំ ដល់​ផ្លូវ​២០១១ ដែល​អាច​រំដោះ​ទឹក​ចេញពី លើផ្លូវ​លេខ ២០១១ ពី​តំបន់​ចំការ​ព្រីង ហូរ​ចូល​មក​ប្រឡាយ​ទូល​សំពៅ និង​មួយ​ផ្នែក​ទៀត​ពី​វត្ត​ជុំ ទៅ​ប្រឡាយ​ទូ​សំពៅ ស្រប​ពេល​ដែល​ស្ថានីយ​ទួល​សំពៅ បាន​ស្ថាបនា​រួច​និង​មាន​កម្លាំង​បូម​ខ្លាំង​ជាង​មុន។ ជា​មួយ​គ្នា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ជីក​ប្រឡាយ​ពី​វត្ត​ជុំ ទៅ​ប្រឡាយ​សាក់​សំពៅ​ដែរ​។ ក្រោយ​ការ​ភ្ជាប់​លូ​ផ្លូវ​១៩៦២ និង​ការបញ្ចប់​ការជីក​ប្រឡាយ​វត្ត​ជុំ ទៅ​ប្រឡាយ​សាក់​សំពៅ រួចរាល់​នោះ នឹងធ្វើ​ឲ្យ​តំបន់​សហគមន៍​អណ្តូង និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិតៗ​គ្នា​នេះ​លែង​លិចលង់​ទៀតហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu