Ad Code

កម្ពុជា​រង់ចាំ​ការ​ឯកភាព​ពី​ភាគី​ឡាវ ដើម្បី​ស្នើសុំ​ឲ្យ​បារាំង​ផ្ដល់​ឯកសារ​ផ្សេងៗ​ទាក់ទង​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ



ភ្នំពេញ​ ៖ លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា កម្ពុជា​រង់ចាំ​ការ​ឯកភាព​ពី​ភាគី​ប្រទេស​ឡាវ ដើម្បី​បញ្ជូន​សំណើ (TOR= Term of Reference លក្ខខណ្ឌ​ប្រតិបត្តិ​) ទៅ​ប្រធានាធិបតី​បារាំង ស្នើសុំ​ឲ្យ​ផ្ដល់​ឯកសារ​ផ្សេងៗ ទាក់ទង​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ឡាវ​) ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន ដែល​នៅ​សេសសល់​រវាង​ភាគី​ទាំងពីរ ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។



ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក កេ​ត សោ​ផាន់ ថ្លែង​បែបនេះ ជាការ​ឆ្លើយតប​សំណួរ​របស់​អ្នកសារព័ត៌មាន បន្ទាប់ពី​ជំនួប​រវាង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកស្រី Francesca Erdelmann តំណាង​ថ្មី​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Program WFP) ដែល​បាន​ចូលជួប​សម្តែង​ការគួរសម និង​ប្រគល់​លិខិត​សារតាំង កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩​។



លោក កេ​ត សោ​ផាន់ ថ្លែងថា ចំពោះ​ករណី​កម្ពុជា និង​ឡាវ​បាន​ឯកភាព​គ្នា​ថា នឹង​ផ្ញើ TOR ទៅកាន់​ប្រទេស​បារាំង​នោះ រហូតមកដល់​ពេលនេះ យើង​នៅតែ​បន្ត​ការ​ពិភាក្សាគ្នា​ជាមួយ​ភាគី​ឡាវ ដើម្បី​បញ្ជូន TOR នេះ​ទៅកាន់​ប្រទេស​បារាំង​។ លោក​បញ្ជាក់​ថា “​រហូតមកដល់​ពេលនេះ​ខ្ញុំ​ទទួល​ព័ត៌មាន​ថា ខាង​គណៈកម្មការ​ព្រំដែន​យើង​បាន​ផ្ញើ​ទៅ​ភាគី​ឡាវ​រួចហើយ ដើម្បី​ឲ្យ​ពិនិត្យ​សម្រេច​សម្រេច​លើ TOR នេះ ដូច្នេះ​យើង​រង់ចាំ​ភាគី​ឡាវ​ផ្ញើ​មក​កម្ពុជា​យើង​វិញ លុះត្រាតែ​ប្រទេស​ទាំងពីរ​ឯកភាពគ្នា​លើ TOR នេះ ទើប​យើង​អាច​ផ្ញើ​ទៅកាន់​ប្រទេស​បារាំង​”​។

គួរ​រំលឹក​ថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​ឡាវ បាន​ឡើងក​ម្ដៅ​កាលពី​ខែសីហា ឆ្នាំ​២០១៧ ដោយសារ​កងទ័ព​ឡាវ បាន​ចូល​មក​ឈរជើង​នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិត​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ហើយ​ក្រោយពី​ដោះស្រាយ​លើ​បញ្ហា​កងទ័ព​នេះ កាលពី​ថ្មី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​សូលី បាន​ឯកភាព​ថា នឹង​ស្នើសុំ​ឲ្យ​ប្រធានាធិបតី​បារាំង ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នានា ដែលមាន​ប្រយោជន៍ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ឡាវ​) ដែល​នៅ​សេសសល់​ប្រមាណ​១៦​ភាគរយ​ទៀត ដែល​ការងារ​នេះ ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​ព្រមព្រៀងគ្នា​ប្រគល់​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួងការបរទេស នៃ​ប្រទេស​ទាំងពីរ ជា​អ្នកអនុវត្ត​។​



​ដោយឡែក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ មកកាន់​ទីក្រុង​ភ្នំពេញ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ចំនួន​៤​ចំណុច ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ព្រំដែន ដែល​រួមមាន​៖ ​ចំណុច​ទី​១៖ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ទាំងពីរ នឹង​ជួប​ប្រជុំ​នៅ​ភ្នំពេញ ដើម្បី​ស្វះ​ស្វែងរក​ការដោះស្រាយ រក​ការស្រុះស្រួល និង​រក​ការយោគយល់​គ្នា។

ចំណុច​ទី​២ ៖ ភាគី​ឡាវ ក៏បាន​យល់ព្រម​តាម​សំណើ​របស់​កម្ពុជា ពិនិត្យ​ដោះស្រាយ​៤​ចំណុច ដែល​នៅ​សេសសល់ តាមរយៈ​លិខិត ដែល​សម្ដេច​តេ​ជោ ផ្ញើជូន​នាយករដ្ឋមន្ត្រី​ឡាវ លោក ថោង​លន់​។ ទីតាំង​ដែល​ត្រូវ​ដោះស្រាយ​នោះ មាននៅ​ចំណុច​បង្គោល​លេខ​០៣៣ លេខ​០១៧ តំបន់​អូរ​ស្វាយ​-​វើ​ន​ខាំ ទីតាំង​ទី​៤ បង្គោល​លេខ​០៣ (១) ហើយ​ចំណុច​ទាំងនេះ ត្រូវ​ដោះស្រាយ មុន​ចំណុច​អូរ​តា​ង៉ាវ ដោយសារតែ​ចំណុច​អូរ​តា​ង៉ាវ មានការ​លំបាក ដូច្នេះ​ត្រូវ​រួសរាន់​ចុះ​ដោះស្រាយ ៤​កន្លែង​នេះ​មុន​។

ចំណុច​ទី​៣៖ ភាគី​ទាំង​២ ឯកភាព​គ្នា​ឲ្យ​គណៈកម្មាធិការ​ព្រំដែន​ទាំង​២ ចុះទៅ​ដោះស្រាយ​នៅនឹង​កន្លែង នៅ​តំបន់​អូរ​តា​ង៉ាវ ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់​។ តាម​ការ​ឯកភាព​គ្នា គឺ​ត្រូវ​ពិនិត្យ​ដី​ណា​ជា​របស់​កម្ពុជា និង​ដី​ណា​ជា​របស់​ឡាវ គឺ​ត្រូវ​កំណត់​ឲ្យ​ច្បាស់​រកឃើញ​មួយ​កន្លែង ត្រូវ​បោះបង្គោល​នៅ​កន្លែង​នោះ​តែម្ដង​។

​ចំណុច​ទី​៤៖ នាយករដ្ឋមន្ដ្រី​ទាំង​២ នឹង​សរសេរ​លិខិត​ជូន​ទៅ​ប្រធានាធិបតី​បារាំង ដើម្បី​ជួយ​ផ្ទេរ​ផែនទី​ពី​ខ្នាត ១/១០០.០០០ មក​ខ្នាត​១/៥០.០០០ និង​សុំ​ឲ្យ​បារាំង​ផ្ដល់​ឯកសារ​ផ្សេងទៀត ដែល​ទាក់ទង​ដល់​ព្រំដែន​កម្ពុជា​ឡាវ​។

នៅក្នុង​ជំនួប​នោះ នាយករដ្ឋមន្ត្រី​ឡាវ បាន​យល់ព្រម​នូវ​ចំណុច​ទាំង​៤ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នោះ​ផង​ដែរ ហើយ​នាយករដ្ឋមន្ដ្រី​ឡាវ ក៏​សន្យា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ព្រមទាំង​ដោះស្រាយ​បញ្ចប់​បញ្ហា ដែល​នៅ​សេសសល់ ដើម្បី​ទុកជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu